ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្កើតបញ្ជាការដ្ឋានទ័ពពិសេស គឺដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះបញ្ហាដែលកើតឡើងជាយថាហេតុ ខណៈបញ្ហាក្នុងតំបន់និងពិភពលោកមានការវិវត្តន៍ជាលំដាប់។
ក្នុងឱកាស អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស (៩ វិច្ឆិកា ១៩៩៥ – ៩ វិច្ឆិកា ២០២៣) នាព្រឹកថ្ងៃទី១០វិច្ឆិកានេះ សម្ដេចធិបតី បានថ្លែងថា យើងត្រូវត្រៀមលក្ខណៈជាស្រេច ព្រោះគ្មានអ្នកណាអាចទាយបានថា ភេរវកម្មមិនកើតមាននៅកម្ពុជានោះទេ។ យើងត្រៀមលក្ខណៈជាប្រចាំដើម្បីឆ្លើយតបសេណារីយោដែលអាចកើតឡើងជាយថាហេតុណាមួយ។
លើសពីនេះទៅទៀត កម្លាំងពិសេស ត្រូវយកចិត្តទុកដាក់លើតំបន់គោលដៅមួយចំនួនដូចជាខេត្តសៀមរាបដែលតំបន់ទេសចរណ៍មានភ្ញៀវទេសចរបរទេសច្រើន។ ព្រោះជនជាតិមួយអាចជាមុខសញ្ញាវាយប្រហារនៅលើប្រទេសផ្សេង ដូចជានៅកម្ពុជាជាដើម។
សម្ដេចធិបតី បានបន្ថែមថា ទោះបីការប្រយុទ្ធទ្រង់ទ្រាយធំលែងមានទៀតហើយ ប៉ុន្តែបញ្ហាអសន្តិសុខនៅតែបន្ត ប្រសិនបើយើងធ្វេសប្រហែស ស្របពេលភាពតានតឹងក្នុងតំបន់នឹងពិភពលោកនៅបន្តកើតមានឡើង។
ជាក់ស្ដែងបញ្ហាទាក់ទងការកើតឡើងការប្រឆាំងភេរវកម្ម គ្រោះមហន្តរាយការកើនឡើងនៃបញ្ហា។ ទាំងនេះជាសក្ខីភាពនៃភាពចាំបាច់នៃអង្គភាពទ័ពពិសេសមួយដែលមានសមត្ថភាពខ្ពស់ដែលអាចឆ្លើយតបបានយ៉ាងឆាប់រហ័សនិងទាន់ពេលវេលា ដែលជាបេសកមកម្មស្នូល។ នេះហើយជាមូលហេតុដែលយើងបង្កើតបញ្ជាការដ្ឋានទ័ពពិសេស ដែលសម្ដេចសង្ឃឹមថា «អង្គភាពនេះ នឹងបន្តដើរតួជាអង្គភាពដ៏ចាំបាច់សម្រាប់វិស័យការពារជាតិនាពេលអនាគត»៕
ប្រភព៖ AKP