រាជរដ្ឋាភិបាលរៀបចំថ្នាលបច្ចេកវិទ្យាដើម្បីសម្រួលឱ្យពលរដ្ឋនៅមូលដ្ឋានអាចប្រើប្រាស់សេវាតាមអនឡាញបាន

0

ភ្នំពេញ៖ រាជរដ្ឋាភិបាលរៀបចំថ្នាលបច្ចេកវិទ្យាដើម្បីសម្រួលឱ្យពលរដ្ឋនៅតាមមូលដ្ឋានអាចប្រើប្រាស់សេវាតាមអនឡាញបាន ឱ្យដើរទន្ទឹមគ្នានឹងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលបង្កើនសមត្ថភាពមន្ត្រីឱ្យក្លាយជារាជការអេឡិចត្រូវនិក និងប្រជាពលរដ្ឋអេឡិចត្រូវនិក។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី បានថ្លែងថា ការរៀបចំថ្នាលបច្ចេកវិទ្យាក្នុងគោលបំណងដើម្បីបម្រើគោលនយោបាយ ឆ្ពោះទៅមូលដ្ឋាន វិមជ្ឈការ និងវិសហមជ្ឈការ ពោលគឺពលរដ្ឋអាចទទួលសេវាអនឡាញបានដោយគ្រាន់តែប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក មានទូរស័ព្ទជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ថ្ងៃក្រោយប្រជាពលរដ្ឋសូម្បីយកសេវាពីស្រុកក៏គាត់មិនចាំបាច់មកសាលាស្រុកឬមួយច្រកចេញចូលតែមួយរបស់ស្រុកដែរ ព្រោះគាត់អាចដាក់ពាក្យអនឡាញហើយមកយកនៅស្រុកដដែល អ៊ីចឹងការពង្រឹងថ្នាលនេះ គឺសូមធ្វើយ៉ាងម៉េច អ្នករៀបចំបច្ចេកវិទ្យាគឺកុំទាញ យកមកលើវិញ បច្ចេកវិទ្យា ឧបករណ៍ គឺដើម្បីបម្រើទៅដល់ ទិសដៅនយោបាយ ចឹងគោលនយោបាយ របស់យើងគឺពង្រឹងសេវា»។

ការថ្លែងបញ្ជាក់ដូច្នេះ ដោយសារ សម្ដេចធិបតី បារម្ភខ្លាចក្រែង ក្រសួង ស្ថាប័នថ្នាក់ជាតិ ផ្ទេរអំណាចដល់មូលដ្ឋានហើយទាមទារមកវិញ នៅពេលពលរដ្ឋមានសមត្ថភាពអាចប្រើប្រាស់សេវាតាមបច្ចេកវិទ្យាបានទូលំទូលាយ៕

ប្រភព៖ AKP