កែប៖ ក្រសួងទេសចរណ៍ សហការជាមួយសាលាខេត្តកែប រៀបចំ ពិធីបុណ្យសមុទ្រលើកទី១០ ក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីទេសចរណ៍” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ រហូតដល់ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ។
យោងតាមសេចក្តីជូនដំណឹងពី គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យសមុទ បានអោយដឹងថា ក្រសួងទេសចរណ៍ រួមសហការជាមួយនឹង សាលាខេត្តកែប សហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងផ្នែកឯកជន នឹងរៀបចំ ពិធីបុណ្យសមុទ្រលើកទី១០ ក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីទេសចរណ៍” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ រហូតដល់ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តកែប។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក ជាផ្លូវការពិធីបុណ្យសមុទ្រលើកទី១០ នៅខេត្តកែប នាថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ២០២៣ ។
នៅក្នុងព្រឹត្តិការណ៍ជាតិដ៏មានមោទនភាព និងសោមនស្សរីករាយនេះ មានសកម្មភាពសំខាន់ៗសម្រាប់ ការទស្សនា និង កម្សាន្ត ដូចខាងក្រោម៖
១. ការសម្ដែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពី ក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងមានការបាញ់កាំជ្រួចអបអរសាទរពិធីបុណ្យសមុទ្រលើកទី១០ ឆ្នាំ២០២៣។
២. មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ការតាំងផលិតផលទេសចរណ៍ និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍ តំបន់ឆ្នេរ ផលិតផលទូទៅ ព្រមទាំងសកម្មភាពកីឡានានាផងដែរ៕
ប្រភព៖ AKP