ភ្នំពេញ៖ គម្រោងស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ ជើងឯក ក្នុងរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការឥតសំណងរបស់ រដ្ឋាភិបាលជប៉ុន នៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ២០២៣នេះ ការដ្ឋានសាងសង់ សម្រេចបាន ៩៩ភាគរយហើយ ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់បានចំនួន៥,០០០ម៉ែត្រគូបក្នុង១ថ្ងៃ ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឺង នៅថ្ងៃពុធ៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនិងថ្ងៃទី០១ វិច្ឆិកា ឆ្នាំ២០២៣ នេះថា ការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ ជើងឯក សម្រេចបាន ៩៩ភាគរយ នៃគម្រោងហើយ ។
ស្ថានីយ៍នេះ ជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន មានសមត្ថភាពចម្រោះទឹកកខ្វក់បានចំនួន៥,០០០ម៉ែត្រគូបក្នុង១ថ្ងៃ ។ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ត្រូវសាងសង់ជាសំណង់បូមបញ្ជូនទឹកកខ្វក់ទៅស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលមានសមត្ថភាពបូមបានសរុបចំនួន ៤៦៨ម៉ែត្រគូបក្នុងមួយម៉ោង មានទីតាំងស្ថិតនៅប៉ែកខាងក្រោមជាប់អាង បង្ហូរទឹក បូមចេញពីស្ថានីយ៍បូមទឹកបឹងត្របែក។ ស្ថានីយនេះក៏មានការ សាងសង់ ផ្លូវសម្រាប់ថែទាំប្រឡាយ មានទទឹងផ្លួវ១០ ម៉ែត្រ និងមានបណ្តោយផ្លូវ ១.៦៩០ ម៉ែត្រ សម្រាប់ ជីកដាក់បំពង់លូ បង្ហូរទឹកកខ្វក់មកស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដោយត្រូវក្រាលកៅស៊ូAC ទំហំ៧ ម៉ែត្រ តភ្ជាប់ពីផ្លូវលេខ២៧១ រហូតដល់មហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង ជីកដាក់បំពង់លូដែក ទំហំមុខកាត់០,៣ម៉ែត្រ ប្រវែងប្រមាណ១.៨៤០ ម៉ែត្រ ដើម្បីបង្ហូរទឹកកខ្វក់ពី សំណង់បូមបញ្ចូនទឹកកខ្វក់ ឆ្ពោះទៅស្ថានី យ៍ ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក។ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ (Sewa ge Treatment Plant) មានសមត្ថភាពប្រព្រឹត្តកម្មទឹក កខ្វក់ចំនួន៥.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ លើផ្ទៃដីទំហំ ៣ ហិកតា ក្នុងផ្ទៃបឹងបម្រុងទុក ប្រមាណ១៩ ហិកតា ស្ថិតនៅជាប់មហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង ដែលរាជរដ្ឋាភិបាល បានកាត់ឆ្កៀលសម្រាប់សាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ក្នុងគម្រោង គោលដៅ២០២៥។
ជាមួយគ្នានេះ គម្រោងក៏ត្រូវមានការសាងសង់សំណង់ប្រព្រឹត្តកម្មសំណល់ភក់ (Sludge Treatment Facility) ដែលកើតចេញពីស្ថានី យ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក បន្ថែមទៀតផងដែរ។ គម្រោងសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកនេះ ត្រូវបានរដ្ឋាភិបាលនៃ ប្រទេសទាំងពីរ កម្ពុជា-ជប៉ុន បានចុះហត្ថលេខាលើលិខិតប្ដូរសារ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ និងបន្ទាប់មកទីភ្នាក់ងារJICA បានចុះកិច្ចព្រម ព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ ទទួលបានគោលការណ៍អនុញ្ញាតខាងលើនេះ ទីភ្នាក់ងារ JICA បានជ្រើសរើសក្រុមហ៊ុនចម្រុះសម្រាប់ធ្វើជាទីប្រឹក្សាបច្ចេកទេស ដើម្បីសិក្សាលម្អិត រៀបចំឯកសារដេញថ្លៃ ត្រួតពិនិត្យការអនុវត្តគម្រោង ដែលមានតម្លៃ នៃកិច្ចសន្យាចំនួន៣០០.០០០ .០០០យ៉េនជប៉ុន ហើយតាមរយៈការដេញថ្លៃនៅប្រទេសជប៉ុន ក្រុមហ៊ុនចម្រុះ គូបូតា-មេតាវ៉ត់ធឺ ជ័ន វែនឈួរ (Kubota-Metawater Joint Venture) ត្រូវបានជ្រើសរើសជាក្រុម ហ៊ុនម៉ៅការ អនុវត្តគម្រោង និងបានចុះកិច្ចសន្យាជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ប៉ុន្តែ តំណាងដោយ លោកឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន (ដោយសារ បញ្ហាការ រីករាលដាលជាសកលជំងឺកូវីដ-១៩) នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងតម្លៃគម្រោងគឺ២.៣៤០.០០០.០០០ យ៉េនជប៉ុន បន្ទាប់ពីបានចុះកិច្ចសន្យា គម្រោងនេះបានចាប់ផ្តើមដំណើរការ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ហើយគ្រោង នឹងបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។
សូមបញ្ជាក់ថា៖ ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ ជើងឯកនេះ បានធ្វើពិធីក្រុងពាលីបើកការដ្ឋាន កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្ដមឃួង ស្រេង អភិបាល រាជធានីភ្នំពេញ និងលោកជំទាវ ហើយនៅថ្ងៃទី២២ ខែកុម្ភៈ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាព បើកការដ្ឋានសាងសង់តែម្តង៕
ប្រភព៖ AKP