បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៥៨គ្រួសារ នៅក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ទទួលបានអំណោយស្បៀងអាហារបន្ទាន់ របស់កាកបាទក្រហមកម្ពុជា សាខាខេត្តបន្ទាយមានជ័យ ដើម្បីជួយសម្រាលការលំបាកបានមួយគ្រាខណៈជីវភាពរស់នៅរបស់ពួកគាត់ ដែលកំពុងជួបប្រទះដោយសារតែគ្រោះធម្មជាតិទឹកជំនន់នេះ ។
អំណោយមនុស្សធម៌នេះត្រូវបានអភិបាលខេត្តបន្ទាយជ័យ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ រួមក្រុមការងារកាកបាទក្រហម អាជ្ញា ធរដែនដី បាននាំយកអំណោយស្បៀងអាហារនេះ ទៅសួរសុខទុក្ខ និងចែកជូនដល់គ្រួសារដែលរងគ្រោះដោយទឹកជំនន់ចំនួន៥៨គ្រួសារ មកពី៤ភូមិ ក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ដែលធ្វើឡើងនៅបរិវេណវត្តសុភមង្គល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ កាលពីថ្ងៃអាទិត្យ ៨កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ។
ក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែយក ចិត្តទុកដាក់គិតគួរជានិច្ច ពីសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះដោយប្រការផ្សេងៗទៀតនៅគ្រប់ទីកន្លែង ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារតែអត់អាហារទទួល ទាននោះទេ ។
ជាមួយនោះ ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ បានធ្វើការផ្តាំផ្ញើដល់បងប្អូនដែលរង គ្រោះដោយជំនន់ទឹកភ្លៀង សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនចៅក្មេងតូចៗ កុំឱ្យចុះលេងទឹក ដែលនាំឱ្យលង់ស្លាប់បាត់បង់ជីវិតព្រោះក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ករណីក្មេងលង់ទឹកស្លាប់នៅ ស្រុកអូរជ្រៅ និងស្រុកមង្គលបូរី មានជាបន្តបន្ទាប់ ។ ជាពិសេសសូមបងប្អូនប្រុងប្រយ័ត្នសត្វអសិរពិស ហើយទាំងអស់គ្នាត្រូវថែរក្សាសុខភាពឱ្យបានល្អ រស់នៅហូបចុកត្រូវតែប្រកាន់ខ្ជាប់អនាម័យ ស្អាតជានិច្ច និងនៅពេលរដូវទឹកសម្រក ត្រូវចេះសម្អាតបរិស្ថានជុំវិញផ្ទះ ដើម្បីសុខភាពបងប្អូនគ្រប់ ៗគ្នាចៀសវាងពីជំងឺឆ្លងផ្សេងៗនោះ ។
សូមបញ្ជាក់ថា អំណោយស្បៀងអាហារ កាកបាទក្រហមកម្ពុជាសាខាខេត្តបន្ទាយមានជ័យ ដែលបានចែកជូនដល់ពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀងនេះដោយក្នុង១គ្រួសារៗទទួលបានអង្ករ ១៥ គីឡូក្រាម, មីជាតិ១កេស, ត្រីខកំប៉ុង១យួរ និងទឹកត្រី១យួរ ៕
ប្រភព៖ AKP