រដ្ឋមន្រ្តីក្រសួងធនធានទឹក និងអភិបាលខេត្ត ចុះសួរសុខទុក្ខប្រជាពលរដ្ឋរស់នៅលើទីទួលសុវត្ថិភាព ក្នុងតំបន់ទំនប់ ៩៦

0

កណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និង ជាប្រធានគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ព្រមទាំងសហការី និង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តី ក្រសួងធនធានទឹក និង ឧតុនិយម បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលមានចំនួន៣០ គ្រួសារមកតាំងលំនៅ នៅទីទួលសុវត្ថិភាពក្នុងតំបន់ទំនប់ ៩៦ និងមកស្នាក់នៅបណ្ដោះអាសន្នលើផ្លូវក្រវ៉ាត់ក្រុងទី៣ កាលពីរសៀលថ្ងៃអាទិត្យ ៨កើត ខែអស្សុជ ឆ្នាំថោះ ​បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាបន្តការប្រុងប្រយ័ត្នទាំងអស់គ្នា ពិសេសក្មេងតូចៗ មិនត្រូវឱ្យពួកគាត់នៅក្បែរទឹកឡើយ ។ ជា មួយគ្នានេះផងដែរ សូមថែរក្សាសុខភាព តាមរយៈការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ ប្រជាពលរដ្ឋដែលមកតាំងលំនៅ នៅទីទួលសុវត្ថិភាពក្នុងតំបន់ទំនប់ ៩៦នេះ ទទួលបានការឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ ពីរដ្ឋបាលក្រុងតាខ្មៅ។ ជាមួយគ្នានេះមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានរៀបចំដាក់ធុងទឹកស្អាតចំណុះ១ ០០០លីត្រ ចំនួន ៥ធុង និងបានដាក់អំពូលសូឡាចំនួន ៥ដើម ផងដែរ ។

ឯកឧត្តម អភិបាលខេត្តកណ្ដាល បានឱ្យដឹងផងដែរថា អាជ្ញាធរខេត្ត ក្រុង ស្រុក និងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងតាមដានដោយយកចិត្តទុកដាក់ជាបន្តទៅទៀត ដើម្បីជួយសម្រួលដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ហើយសូមស្នើបងប្អូនប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្នខ្ពស់ និងចូលរួមសហការ តាមការណែនាំរបស់អាជ្ញាធរ ។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តកណ្ដាល និង គណៈប្រតិភូ ក៏បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅតំបន់ព្រែកខ្សេវ, ព្រែកឡុង, និងនៅតំបន់ទំនប់ ៩៦ ក្នុងភូមិសាស្រ្តក្រុងតាខ្មៅ ខេត្តកណ្ដាល ហើយក្រុមការងារបានឱ្យគ្រឿងចក្រ ធ្វើការកាយផ្តាច់មុខទឹកនៅតំបន់ព្រែកឡុង ដើម្បីរំដោះទឹកចូលទន្លេបាសាក់ បញ្ចៀសការជន់លិចក្នុងតំបន់មួយចំនួន ក្នុងក្រុងតាខ្មៅទៀតផង ៕

ប្រភព៖ AKP