បាត់ដំបង៖ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៩និង០០នាទី នៅចំណុចភូមិព្រៃអម្ពាន់ ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនា និងធ្វើអោយខូច ខាតដោយចេតនា (ប្រើប្រាស់កាំបិតដងដែក) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យម្នាក់ឈ្មោះ ផាន់ ពៅ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិអណ្តូងកន្លែង ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានធ្វើសកម្មភាពកាក់ម៉ូតូជនរងគ្រោះ ឈ្មោះ ដួង ធា ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិដង្ហោ ឃុំមុខរាហ៍ ស្រុករុក្ខគីរី ខេត្តបាត់ដំបង បានឱ្យជនរងគ្រោះឈប់រួចយកកាំបិតដងដែកចាក់ទៅលើជនរងគ្រោះ (មិនត្រូវ) រួចជនរងគ្រោះគេចផុត រួចរត់ចោលម៉ូតូ ឯជនសង្ស័យក៏យកកាំបិតកាប់ម៉ូតូជនរងគ្រោះ បណ្តាលឱ្យបែកក្បាលម៉ូតូ ០២កន្លែង ។
ក្រោយទទួលព័ត៌មាន ដោយអនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ កម្លាំងអធិការដ្ឋាននគរបាលស្រុករុក្ខគិរី សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋានស្រុករុក្ខគិរី ដឹកនាំដោយលោកវរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការនគរបាលស្រុករុក្ខគិរី បានចុះធ្វើការបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ផាន់ ពៅ មកកាន់អធិការដ្ឋាននគរបាលស្រុករុក្ខគិរី ដើម្បីធ្វើការសាកសួរ ក្រោយពីសាកសួរ ជនសង្ស័យបានសារភាពថាពិតជាបានធ្វើសកម្មភាព បានយកកាំបិតកាប់លើម៉ូតូជន រងគ្រោះពិតប្រាកដមែន ដោយសារផឹកស្រាស្រវឹង ទើបបង្កជាហិង្សាតែម្តង ។ វត្ថុតាងដកហូតរួមមាន÷ កាំបិតដងដែកប្រវែង ៣៣ស.ម ០១ដើម ។
បច្ចុប្បន្ន ជនសង្ស័យខាងលេី ត្រូវសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ