ភ្នំពេញ៖ តំណាងក្រុមហ៊ុន Wannabe group (វ៉ាន់ណាប៊ីគ្រុប)ដែលជាក្រុមហ៊ុនផ្នែកបច្ចេកវិទ្យាដ៏ធំរបស់កូរ៉េខាងត្បូង បានដឹកនាំក្រុមការងារធ្វើដំណើរមកដល់ប្រទេសកម្ពុជា ដើម្បីបណ្ដាក់ទុនវិនិយោគ និងចុះអនុស្សណៈយោគយល់សម្រាប់កិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអាជីវកម្មនៅកម្ពុជា។
តាមរយៈបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន បន្ទាប់ចុះពីយន្ដហោះនៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញនារាត្រីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ លោកបណ្ឌិត ជុន យុងឈុល (JeonYoung-cheol) ប្រធានក្រុមហ៊ុន Wannabe group ដែលជាក្រុមហ៊ុនផ្នែកបច្ចេកវិទ្យាដ៏ធំរបស់សាធារណរដ្ឋកូរ៉បានគូសបញ្ជាក់ថា ការធ្វើដំណើររបស់លោកនិងក្រុមការងារមកកាន់កម្ពុជាគឺមានរយៈពេលបីថ្ងៃ ក្នុងគោលបំណងសំខាន់ៗចំនួនបី ទី១. ការរៀបចំការប្រគុំតន្រ្ដី KPOP ទី២.ការរៀបចំសាលាបច្ចេកវិទ្យា Metaverse និងទី៣. ការរៀបចំគម្រោងគាំទ្របច្ចេកវិទ្យាStem Cell នៅកម្ពុជា។ លោកប្រធានក្រុមហ៊ុនបានលើកឡើងថា ពិភពលោកបច្ចុប្បន្នបានដើរដល់បដិវដ្ដន៍ឧស្សាហកម្ម ៤.០ ដែលជាសម័យកាលនៃបច្ចេកវិទ្យាឌីជីថល ហើយបច្ចុប្បន្នេះ សម្រាប់ប្រទេសកូរ៉េ ជាពិសេសគឺក្រុមហ៊ុន Wannabe group របស់លោក កំពុងធ្វើការយ៉ាងសកម្មជាមួយនឹងបច្ចេកវិទ្យា Metaverse ខណៈដែលប្រទេសកូរ៉េ កំពុងតែស្ថិតក្នុងដំណើរការយ៉ាងពេញច្រើនរហូតដល់ខ្ទង់ម៉ឺនទីតាំងក្នុងស្រុក។ លោកប្រធានក្រុមហ៊ុនបានមើលឃើញថា សម្រាប់កម្ពុជា ដែលជាប្រទេសកំពុងរៀបចំខ្លួនដើម្បីឈានចាប់យកបច្ចេកវិទ្យាទំនើបៗ គឺទាមទារជាចាំបាច់ណាស់នូវបទពិសោធន៍ និងជំនាញគ្រប់គ្រាន់ ដើម្បីឈានចូលក្នុងសង្គមបច្ចេកវិទ្យាបានដោយរលូន និងអាចទាញយកប្រយោជន៍យ៉ាងមហិមាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
លោកបណ្ឌិត JeonYoung-cheol បានថ្លែងបញ្ជាក់ថា បច្ចេកវិទ្យា Metaverse សំដៅលើពិភពលោកដែលបង្កើតឡើងដោយប្រើប្រាស់បច្ចេកវិទ្យាការពិភពនិម្មិតដើម្បីឱ្យស្រដៀងទៅនឹងពិភពពិតដែលយើងរស់នៅ។ លោកបានបន្ថែមថា នៅក្នុងពិភពនិម្មិតនេះមិនត្រឹមតែមានអន្តរកម្មជាមួយមនុស្សផ្សេងទៀតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសកម្មភាពប្រើប្រាស់ដោយប្រើរូបតំណាងផងដែរដែលអាចជួយឱ្យក្រុមហ៊ុនជុំវិញពិភពលោករីកចម្រើននាពេលអនាគត ហើយនេះគឺជាវិស័យឧស្សាហកម្មដ៏ជោគជ័យមួយដែលត្រូវបានចាត់ទុកជាឧស្សាហកម្មមួយនឹងជាការវិនិយោគដែលកំពុងទទួលការចាប់អារម្មណ៍ខ្ពស់។
សូមជម្រាបជូនថា WANNABE GROUP ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ក្នុងគោលដៅជំរុញ “ប្រព័ន្ធសុខុមាលភាពដែលទ្រទ្រង់ដោយខ្លួនឯង””self-sustaining welfare system”។ ទន្ទឹមនេះ WANNABE GROUP មានទស្សនវិស័យជួយមនុស្សដែលមានជំនាញព័ត៌មានវិទ្យានិងបច្ចេកវិទ្យាខ្សោយក្នុងការសម្របខ្លួនឱ្យទាន់ពេលវេលានិងអាចឈរជើងបានដោយរឹងមាំក្នុងយុគសម័យនៃបដិវត្តន៍ឧស្សាហកម្មទី ៤ នេះ៕
ប្រភព៖ AKP