កែប៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណ:អភិបាលខេត្តកែប បានឱ្យដឹងនាពេលថ្មីៗនេះ ថា ផ្លូវប្របមាត់សមុទ្រតភ្ជាប់ពីផែកោះទន្សាយ ទៅកាន់ឆ្នេរអង្កោល ប្រវែងជាង១១គីឡូម៉ែត្រ ដែលកំពុងសាងសង់ សម្រេចលទ្ធផលកសាងបានប្រមាណ ៨០ ភាគរយហើយពេលនេះ។ ផ្លូវមួយខ្សែនេះបានស្ថាបនាឡើងក្រោមមូលនិធិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចំណាយថវិកាអស់ប្រមាណ ១០,៥លានដុល្លារអាមេរិក។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់បន្ថែមទៀតថា ផ្លូវប្របមាត់សមុទ្រនេះនឹងក្លាយជាសរសៃឈាមទេសចរណ៍យ៉ាងសំខាន់ ដែលតភ្ជាប់គ្នារវាងឆ្នេរកែប និងឆ្នេរអង្កោលនាពេលខាងមុខ ជាពិសេសនឹងមានកំណើនភ្ញៀវទេសចរសម្រុកមកសម្រាក លំហែ ក្នុងខេត្តកែប ទ្វេដង ហើយក៏ជាកត្តាមួយដ៏សំខាន់ដែលអាចបញ្ជៀសការកកកុញរបស់ភ្ញៀវទេសចរក្នុងរមណីយដ្ឋានឆ្នេរកែបផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តបានជំរុញឱ្យក្រុមហ៊ុនដែលកំពុងម៉ៅការសាងសង់ ពន្លឿនការងារសាងសង់របស់ខ្លួន ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសម្រាប់ត្រៀមទទួលទេសចរដែលមកលេងកម្សាន្ត នាដើមខែធ្នូ ឆ្នាំ២០២៣នេះ ដោយសារខេត្តកែបត្រូវធ្វើជាម្ចាស់ផ្ទះ សម្រាប់រៀបចំពិធីបុណ្យសមុទ្រជុំទី១០ លើកទី៣។
សូមបញ្ជាក់ថា គម្រោងផ្លូវប្របមាត់សមុទ្រនេះ ជាអនុគម្រោងមួយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាប័ន្ន នៃមហាអនុមេគង្គ ជំហានទី២ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងនោះមានអនុគម្រោងចំនួន២ទៀត រួមមានទីលានទុកដាក់សំរាម ដែលបានសម្ពោធ និងផ្ទេរឱ្យរដ្ឋបាលខេត្តជាអ្នកគ្រប់គ្រងបន្តនាពេលថ្មីៗនេះ និងគម្រោងកំពង់ផែកោះទន្សាយ៕
ប្រភព៖ AKP