ភ្នំពេញ៖ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ បានចេញមកពន្យល់អំពីករណីការប្រើប្រាស់សេវាដឹកជញ្ជូន នៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដើម្បីឱ្យប្រជាពលរដ្ឋ មានការកាន់តែយល់ច្បាស់ និងអះអាងថាអ្នកធ្វើដំណើរអាចប្រើសេវាដឹកជញ្ជូនផ្សេងៗ តាមតម្រូវការបានផងដែរ។ ឯកឧត្តមថ្លែងបញ្ជាក់ថា ចំពោះសេវាដឹកជញ្ជូនក្រៅប្រព័ន្ធវិញ ត្រូវបានអនុវត្ដន៍ធម្មតា ដូចអាកាសយាន្ដដ្ឋានអន្ដរជាតិផ្សេងៗដទៃទៀត ដោយមិនមានការប្រែប្រួលនោះឡើយ ហើយក៏មិនមានការហាមឃាត់មិនឱ្យអ្នកដឹកជញ្ជូនចូលទៅដឹកអ្នកដំណើរ នៅក្នុងអាកាសយាន្ដដ្ឋាន សៀមរាប-អង្គរផងដែរ។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានសម្រេចផ្ទេរសិទ្ធិឱ្យក្រុមហ៊ុនមួយ ជាអ្នកធ្វើប្រតិបត្ដិការសេវាកម្មដឹកជញ្ជូន នៅក្នុងអាកាសយាន្ដដ្ឋាន ដែលមានតម្លៃ រថយន្តធុនតូច ៣៥ដុល្លារមួយជើង និងឡានក្រុងតូច ៤០ដុល្លារមួយជើង ឬ៨ដុល្លារក្នុងម្នាក់។
ឯកឧត្តមបន្ដថា ការបង្កើតសេវាកម្មនេះ គឺដោយសារតែអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាអាកាសយានដ្ឋានថ្មី ហើយមានចម្ងាយប្រហែល ៥០គីឡូម៉ែត្រពីទីរួមខេត្ដសៀមរាប ហើយក៏មិនទាន់មានសេវាដឹកជញ្ជូនសាធារណៈទៅដល់ទីនោះ ទើបអាកាសយាន្ដដ្ឋានសម្រេច ឱ្យមានប្រតិបត្តិការសេវាកម្មតាក់ស៊ី។ ឯកឧត្តអ្នកនាំពាក្យបន្តទៀតថា បើពិនិត្យតម្លៃដឹកជញ្ជូនតម្លៃរថយន្តក្រុង ៨ដុល្លារក្នុងម្នាក់ សម្រាប់រយៈចម្ងាយជិត៥០គីឡូម៉ែត្រ ធៀបនឹងការសេវាដឹកជញ្ជូនផ្សេងទៀត គិតជាគីឡូម៉ែត្រ គឺសេវាដឹកជញ្ជូនទាំងពីរនេះមិនមានអ្វីខុសគ្នាទេ។ ចំពោះតម្លៃសេវាដឹកជញ្ជូនវិញ អាស្រ័យទៅលើជម្រើសរបស់អ្នកធ្វើដំណើរ បើសិនជាអ្នកធ្វើដំណើរគិតថាថ្លៃ អាចមានការជ្រើសរើសរកសេវាដឹកជញ្ជូនផ្សេងៗទៀត ដែលមិនស្ថិតនៅក្នុងសមាគមអ្នកដឹកជញ្ជូន ក្នុងអាកាសយាន្ដដ្ឋានក៏បានផងដែរ។
ឯកឧត្តមបានបញ្ជាក់ឱ្យដឹងទៀតថា ចំពោះអ្នក ដឹកជញ្ជូនផ្សេងៗទៀតដែលនៅក្រៅប្រព័ន្ធ ដែលចង់ចូលក្នុងប្រព័ន្ធរបស់ក្រុមហ៊ុន អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មិនមានការហាមឃាត់នោះទេ ដោយត្រូវមកចុះបញ្ជីជាមួយសមាគមដឹកជញ្ជូន ព្រោះថា ការធ្វើបែបនេះ ដើម្បីរក្សានូវសណ្ឋាប់ធ្នាប់ និងសុវត្ថិភាព ជូនដល់អ្នកធ្វើដំណើរនៅក្នុងអាកាសយានដ្ឋាន។ ឯកឧត្តមក៏បានបញ្ជាក់បន្ថែមថា ចំណែកឯអ្នកនៅក្រៅប្រព័ន្ធផ្សេងទៀត ដែលមិនបានចុះបញ្ជីក៏អាចចូលដឹកជញ្ជូនអ្នកដំណើរបានដែរ ដូចគ្នានឹងព្រលាន យន្តហោះផ្សេងៗទៀត ដោយមិនមានហាមឃាត់មិនចូលនោះទេ។ ប៉ុន្តែបើត្រូវការចត គឺត្រូវបង់ថ្លៃចំណត។ សូមរម្លឹកផងដែរថា ក្រុមហ៊ុន អង្គរ អ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសម៊ិន (ខេមបូឌា) ឯ.ក នាពេលថ្មីៗនេះ បានចេញសេចក្ដីជូនដំណឹងអំពីតាក់ស៊ី នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដោយបានផ្ទេរសិទ្ធិឱ្យ Tourist Transport Association for Siem Reap International Airport (TTA) ធ្វើប្រតិបត្តិការសេវាកម្មតាក់ស៊ី ដើម្បីធានាការធ្វើដំណើររបស់ភ្ញៀវទេសចរ។ ទន្ទឹមនេះដើម្បីធ្វើប្រតិបត្តិការឱ្យបានល្អ TTA នឹងបញ្ជូនរថយន្តធុនតូចចំនួន២៦១គ្រឿង (តិចជាង៧កៅអី និងឡានក្រុងតូច៦៩គ្រឿង) (មាន៨កៅអី ដល់១៥កៅអី) ដើម្បីបំពេញតម្រូវការអ្នកដំណើរ ស្ដង់ដារការគិតប្រាក់សេវាតាក់ស៊ី ក្នុងនោះ រថយន្តធុនតូច៣៥ដុល្លារមួយជើង, ឡានក្រុងតូច៤០ដុល្លារមួយជើង ឬម្នាក់ ៨ដុល្លារ។
ដោយឡែកសម្រាប់ការខុសអក្សរ ឬពាក្យដែលដាក់នៅព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ ត្រូវបានឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អះអាងថាជាកំហុសបច្ចេកទេសរបស់ក្រុមហ៊ុនសាងសង់ ហើយត្រូវបានកែសម្រួលរួចរាល់ផងដែរ។ ឯកឧត្តមក៏បានអះអាងឱ្យដឹងផងដែរថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល នឹងបន្តធ្វើការត្រួតពិនិត្យលើការប្រើប្រាស់ភាសាខ្មែរ នៅក្នុងអាកាសយានដ្ឋានឱ្យបានប្រសើរជាងនេះ៕
ប្រភព៖ ក្រសួងព័ត៌មាន