ក្រុមហ៊ុនចិនធំមួយគ្រោងដាក់ដំណើរការច្រវាក់ផលិតកម្មនាពេលខាងមុខក្នុងខេត្តកំពង់ស្ពឺ ដោយត្រូវការកម្លាំងពលកម្មជាង ៦ពាន់នាក់

0

ភ្នំពេញ៖ ក្រុមហ៊ុនចិនធំមួយឈ្មោះ GENERAL ENTER​PR​ISES GARMENT (CAMBODIA) គ្រោងដាក់ឱ្យដំណើរការច្រវាក់ផលិតកម្មនៅពេ​ល​​ខាង​មុខនេះនៅក្នុងខេត្តកំពង់ស្ពឺ ដោយត្រូវការកម្លាំងពលកម្មចំនួនជាង៦ពាន់នាក់ ដើម្បីជំរុញផ​លិត​កម្មនៃការវិនិយោគថ្មីរបស់ក្រុមហ៊ុននេះ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសផ្តល់ការគាំទ្រក្នុងការផ្តល់ជំនួយដល់ក្រុមហ៊ុននេះនៅក្នុងការស្វែងរកកម្លាំង ពលកម្មចំនួនជាង ៦ពាន់នាក់នេះ ដើម្បី បំពេញកង្វះខាតក្នុងខ្សែច្រវាក់ផលិតកម្មនៃការពង្រីកការវិនិយោគរោងចក្រកាត់ដេរទី២ របស់ខ្លួននៅក្នុងខេត្តនេះ។

ការប្រកាសផ្តល់ការគាំទ្រនេះត្រូវបានធ្វើឡើងក្នុងជំនួបរវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Ray Chen នាយកប្រតិបត្តិនៃក្រុមហ៊ុន GENERAL ENTERPRISES GARMENT (CAMBODIA) កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

ក្នុងជំនួបនោះ ឯកឧត្តម ហេង សួរ មានប្រសាសន៍ថា តាមរយៈបទពិសោធន៍ច្រើនឆ្នាំនៃការដំណើរការរបស់ក្រុមហ៊ុន និងការប្រើ ប្រាស់បច្ចេកវិទ្យាទំនើប ឯកឧត្តមជឿជាក់ថា ការវិនិយោគនេះនឹងឆ្លើយតបទាំងផ្នែកការងារ បរិស្ថាន និងស្តង់ដារអន្តរជាតិ ព្រមទាំង នឹងទទួលបានការគាំទ្រពីភាគីពាក់ព័ន្ធ។

ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យក្រុមហ៊ុនសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បន្ថែមលើមធ្យោបាយរបស់ខ្លួន ដើម្បីពិនិត្យមើលលើការស្វែងរកបុគ្គលិកប្រមាណជាង៦ពាន់នាក់នេះ ដើម្បីចូល បំពេញការងារនៅក្នុងរោងចក្រ ហើយក្រសួងក៏រីករាយក្នុងការជួយជ្រោមជ្រែង ក្នុងការស្វែងរកកម្មករនិយោជិត នៅតាមបណ្តា ខេត្តនានានៃប្រទេសកម្ពុជាផងដែរ។

លោក Ray Chen មានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកនឹងបន្តធ្វើការយ៉ាងជិតស្និតជាមួយទីភ្នាក់ងារ NEA ដើម្បីស្វែងរក បុគ្គលិកមកបំពេញការងារឱ្យបានឆាប់រហ័សសម្រាប់ដំណើរការនៃរោងចក្រថ្មី ដែលទើបសាងសង់រួច។

ក្រុមហ៊ុន GENERAL ENTERPRISES GARMENT (CAMBODIA) គឺជាក្រុមហ៊ុនផលិត និងនាំចេញវាយនភណ្ឌដ៏ធំមួយ ដែលបាន បោះទុនវិនិយោគចូលមកប្រទេសកម្ពុជា ខណៈរោងចក្រទី១របស់ខ្លួនស្ថិតនៅក្នុងខេត្តកណ្តាល បាននិងកំពុងបង្កើតការងាររាប់ពាន់ កន្លែងជូនពលរដ្ឋកម្ពុជា។

កាលពីឆ្នាំ២០២១ ក្រុមហ៊ុននេះត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងបង្កើត រោងចក្រ កាត់ដេរនិងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងបាគូ ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលមានទុនវិនិយោគប្រមាណ ៧,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៣៧កន្លែង។

កាលពីថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣ ទីភ្នាក់ងារ NEA បានចុះជួបផ្ទាល់ជាមួយនិយោជកនៅរោងចក្រ GENERAL ENTERPRISES GARMENT (CAMBODIA) ដែលមានទីតាំងនៅខេត្តកណ្តាល និង រោងចក្រ TARAL INTERNATIONAL ដែលមានទីតាំងនៅ ខេត្តកំពង់ស្ពឺដើម្បីពង្រឹងកិច្ចសហប្រត្តិបត្តការក្នុងការជ្រើសរើសបុគ្គលិក ផ្តល់ព័ត៌មាន និងជម្រុញការចូលរួមតាំងបង្ហាញក្នុងពិព័រណ៌ ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣ ព្រមទាំងផ្តល់ព័ត៌មានអំពីការចុះឈ្មោះសិក្ខាកាមចូលរៀនវគ្គបណ្តុះបណ្តាលអំពីការត្រៀម ខ្លួនមុនចូលធ្វើការសម្រាប់បុគ្គលិកថ្មីផ្នែកដេរ តាមរយៈគម្រោងរបស់ NEA និងវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា (CGTI)។

របាយការណ៍ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៣ ខេត្តកំពង់ស្ពឺមានកម្មករនិយោជិតកំពុងបម្រើការងារសរុប ជាង១៥ម៉ឺននាក់ ដែលផ្តល់ចំណូលគិតជាប្រាក់ឈ្នួលសរុបប្រមាណ៤៧០លានដុល្លារក្នុង១ឆ្នាំ នៅតាមរោងចក្រ សហគ្រាស ចំនួន៣៨៥។ គ្រាន់តែវិស័យកាត់ដេរមួយមុខមានចំនួន១៩១ និងប្រើកម្លាំងកម្មករនិយោជិតសរុបជិត១៤ម៉ឺននាក់ ផ្តល់ប្រាក់ឈ្នួល សរុបជាង៤៣០លានដុល្លារក្នុង១ឆ្នាំ ហើយក៏ជាខេត្តលំដាប់ទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេបន្ទាប់ ពីរាជធានីភ្នំពេញ។

គួររំឮកថា រដ្ឋបាលខេត្តកំពង់ស្ពឺបានប្រកាសកាលពីខែសីហា ឆ្នាំ២០៣ ថា នៅចុងឆ្នាំ២០២៣ ឬយ៉ាងយូរដើមឆ្នាំ២០២៤ រោងចក្រ ចំនួន២៥ នឹងបើកដំណើរការ ហើយជាជំហានដំបូងមានតម្រូវការកម្លាំងពលកម្មប្រមាណ២,៣ម៉ឺនកន្លែង ដែលនឹងត្រូវមានវត្តនៅ ខេត្តកំពង់ស្ពឺ លើតម្រូវការសរុបប្រមាណជាង៥ម៉ឺនកន្លែង។

កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ CDC បានអនុម័តគម្រោងបបង្កើតរោងចក្ររបស់ក្រុមហ៊ុនចំនួន៧ ដែលអាចបង្កើតការងារបាន ចំនួនជាង១ម៉ឺនកន្លែង ដែលក្នុងនោះនៅក្នុងខេត្តកំពង់ស្ពឺមាន២ក្រុមហ៊ុនដែលអាចបង្កើតការងារបានចំនួនជាង២ ៥០០កន្លែង។

ក្រុមហ៊ុនទាំង២នៅក្នុងខេត្តកំពង់ស្ពឺនេះរួមមានទី១ ក្រុមហ៊ុន ASTI KNITWEAR ដែលមានគម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅអគាលេខ K9 ផ្លូវជាតិលេខ៤ ភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាមេក និងអាចបង្កើតការងារបានចំនួន ១ ៧៧០កន្លែង។

ទី២គឺ ក្រុមហ៊ុន STANDFORD TEXTILE INDUSTRIES ដែលមានគម្រោងបង្កើតរោងចក្រផលិតកាបូប ខ្សែបូ ខ្សែពួរ ខ្សែសុវត្ថិភាព និងខ្សែក្រវាត់ការពារសុវត្ថិភាពសម្រាប់សត្វចិញ្ចឹម ដែលមានទីតាំងវិនិយោគស្ថិតនៅគីឡូម៉ែត្រទី២៧ ផ្លូវជាតិលេខ៣ ភូមិក្រាំងទ្រា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៥៨ កន្លែង។

កាលពីថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២៣ មជ្ឈមណ្ឌលការងារខេត្តកំពង់ចាម របស់ទីភ្នាក់ងារ NEA សហការជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ចាម បានរៀបចំវេទិកាការងារស្ដីពីឱកាសការងារ និងការជ្រើសរើសកម្លាំងពលកម្ម និងសម្ភាសការងារផ្ទាល់ នៅរោងចក្រ ឡឺក្រោន ស៊ូ អិនដាសស្រី្ទ (LECROWN SHOES INDUSTRY) ស្ថិតក្នុងឃុំខ្នុរដំបង ស្រុកជើងព្រៃមា ខេត្តកំពង់ចាម ដោយមានកម្មករ និយោជិត និងអ្នកស្វែងរកការងារចូលរួមចំនួន ១ ៥៤១ នាក់។ ជាលទ្ធផល កម្មករនិយោជិតចំនួន ៧៥៤ នាក់ ទទួលបានការងារធ្វើភ្លាមៗ។

របាយការណ៍ទីភ្នាក់ងារ NEA បានបញ្ជាក់ថា ក្នុងរយៈពេលជាង១ខែ ដោយគិតត្រឹមថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ អង្គភាព NEA បានទទួលចុះឈ្មោះអ្នកស្វែងរកការងារធ្វើចំនួន៣ ២៤៧នាក់ បានផ្គូរផ្គងនិងបញ្ជូនអ្នកស្វែងរកការងារធ្វើចំនួន៣ ១៣៨នាក់ ក្នុងនោះមានអ្នកទទួលបានការងារធ្វើចំនួន៥៦១នាក់។ NEA ក៏បានប្រមូលនិងផ្សព្វផ្សាយតម្រូវការកម្លាំងពលកម្មចំនួន២ ៦៩៩០ នាក់ផងដែរ៕

ប្រភព៖ AKP