ភ្នំពេញ៖ តាមរយៈសារលិខិតក្នុងឱកាសទិវាជាតិគ្រប់គងគ្រោះមហន្តរាយ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តផ្តល់អាទិភាពខ្ពស់លើការគ្រប់គ្រងគ្រោះមហន្តរាយ ដោយពុះពារប្រយុទ្ធលើគ្រប់សមរភូមិ ម្ចាស់ការឱ្យបានលើគ្រប់ទិដ្ឋភាព និងគ្រប់កាលៈទេសៈនៃហេតុការណ៍គ្រោះមហន្តរាយ ដោយផ្សារភ្ជាប់ការគ្រប់គ្រងគ្រោះមហន្តរាយទៅនឹងការអភិវឌ្ឍនៅមូលដ្ឋានធ្វើយ៉ាងណាធានាជំរុញលំហូរធនធានឱ្យបានកាន់តែរលូនដល់ការគ្រប់គ្រងគ្រោះមហន្តរាយនៅថ្នាក់ក្រោមជាតិ។
សម្តេចធិបតី បានបន្តថា ប្រធានបទ «វិនិយោគពីថ្នាក់ជាតិនូវភាពធន់សហគមន៍» ដែលត្រូវបានលើកយកមកប្រារព្ធទិវាជាតិ គ្រប់គ្រងគ្រោះមហន្តរាយនាពេលនេះ ពិតជាមានខ្លឹមសារសំខាន់ និងស័ក្តិសមបំផុតក្នុងការឆ្លើយតបទៅនឹងភាពចាំបាច់និងតម្រូវការជាក់ស្តែងរបស់ស្ថាប័ន និងប្រជាជនកម្ពុជា ក្នុងការបន្តរក្សានិងបង្កើនភាពធន់ទៅនឹងគ្រោះមហន្តរាយ ដើម្បីភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព អភិវឌ្ឍន៍ជីវភាពរស់នៅ និងភាពសុខុដុមនៅក្នុងសហគមន៍។
ជាមួយនោះទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិសម្រាប់ការកាត់បន្ថយគ្រោះមហន្តរាយ គឺជាការផ្សារភ្ជាប់នូវកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិ រួមជាមួយថ្នាក់តំបន់ និងអន្តរជាតិ អំពីសារៈសំខាន់នៃការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការបង្ហាញអំពីជំហរការប្តេជ្ញាចិត្ត និងសាមគ្គីភាពរបស់ប្រជាជាតិអាស៊ាន ក្នុងការរួមគ្នាគ្រប់គ្រងគ្រោះមហន្តរាយ តាមរយៈការអនុវត្តកិច្ចព្រមព្រៀងអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបសង្គ្រោះបន្ទាន់ ក្នុងស្មារតីការលើកកម្ពស់ អាស៊ានតែមួយ ការឆ្លើយតបតែមួយ ហើយក៏ជាការបញ្ជាក់ពីការប្តេជ្ញាចិត្តខាងនយោបាយ ចូលរួមក្នុងបេសកកម្មកាត់បន្ថយឱ្យបានច្រើនគួរសមពីហានិភ័យគ្រោះមហន្តរាយ ការបាត់បង់អាយុជីវិត ជីវភាពរស់នៅ និងនៅក្នុងសេដ្ឋកិច្ច សង្គម សុខភាព វប្បធម៌ និងបរិស្ថាន ទ្រព្យសម្បត្តិបុគ្គល សហគមន៍ និងប្រទេស ស្របតាមក្របខ័ណ្ឌការងារសេនដាយសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០១៥-២០៣០។
ការគ្រប់គ្រងគ្រោះមហន្តរាយ ជាការងារពហុវិស័យ ការងារប្រទាក់ក្រឡាពាក់ព័ន្ធស្ទើរគ្រប់ទិដ្ឋភាពសេដ្ឋកិច្ច សង្គម របស់ប្រទេសជាតិ ដែលត្រូវធ្វើឡើងប្រកបដោយបរិយាបន្ន។ ហេតុនេះមិនថា វិស័យណាមួយស្ថាប័នណាមួយ ឬផ្នែកណាមួយ ទាំងស្ថាប័នរដ្ឋ ឯកជន គិតទាំងបុគ្គលគ្រប់រូបសុទ្ធតែមានភារកិច្ចនិងជាប់ពាក់ព័ន្ធរួមចំណែកដោយផ្ទាល់ ឬដោយប្រយោលទៅក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដើម្បីភាពធន់ និងការអភិវឌ្ឍប្រកបដោយចីរភាព។
គ្រប់ភាគីពាក់ព័ន្ធទាំងអស់គឺមានតួនាទីក្នុងការចូលរួមធ្វើសកម្មភាពកាត់បន្ថយហានិភ័យ ក្នុងន័យនេះគ្រោះមហន្តរាយ ដោយធ្វើការវិនិយោគភាពវៃឆ្លាតគឺការវិភាជន៍ទុន និងធនធានដោយផ្ទាល់ ដើម្បីធ្វើសមាហរណកម្មការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅក្នុងការអភិវឌ្ឍសហគមន៍។
ដើម្បីជំរុញឱ្យប្រធានបទដូចបានកំណត់ខាងលើក្លាយជាការពិតជាក់ស្ដែង សម្ដេចធិបតីបាន យកឱកាសនៃទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ( ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣នេះ ធ្វើការអំពាវនាវជូនជនរួមជាតិដូចតទៅ៖
១. បន្តការយកចិត្តទុកដាក់រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការរក្សាកំណើនសេដ្ឋកិច្ច តាមរយៈការចូលរួមវិនិយោគវៃឆ្លាតកែលម្អលំនៅឋាន ទីតាំងអាជីវកម្មឱ្យមានសុវត្ថិភាព ពង្រីកមុខរបរដែលធន់ដើម្បីរក្សាស្ថិរភាព ជីវភាពរស់នៅជាប្រក្រតីតាមគន្លងថ្មី ជាមួយការរស់នៅស្អាត បរិស្ថានល្អ និងភូមិ ឃុំសង្កាត់ មានសុវត្ថិភាព ព្រមទាំងប្រកាន់ភ្ជាប់ជាមួយវប្បធម៌ចែករំលែក។
២. លើកកម្ពស់វប្បធម៌ផ្ទេរ ទទួលយក និងចែករំលែកចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ក្នុងការទប់ស្កាត់ការកាត់បន្ថយគ្រោះមហន្តរាយ និងបន្តពង្រឹងសមត្ថភាពលើការយល់ដឹងអំពីហានិភ័យគ្រោះមហន្តរាយ តាមរយៈការយកចិត្តទុកដាក់តាមដានមុខសញ្ញាគ្រោះថ្នាក់ ព័ត៌មានព្យាករណ៍ និងការប្រកាសឱ្យដឹងមុនអំពីហេតុការណ៍ និងគ្រោះថ្នាក់ដែលអាចកើតមានដោយគ្រោះមហន្តរាយ។
៣. ក្រសួងស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវកំណត់ថា ការងារគ្រប់គ្រងគ្រោះមហន្តរាយ ជាការងារស្នូលរបស់ខ្លួន និងពង្រឹងលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ដែលជាសេនាធិការ ធានាឱ្យមានធនធានមនុស្ស សម្ភារ សម្រាប់បំពេញការងារ មានធនធានសម្រាប់ដំណើរការ ការងារឆ្លើយតប និងស្ដារឡើងវិញក្រោយគ្រោះមហន្តរាយ។
៤. ក្រសួងស្ថាប័ន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តពង្រឹងយន្តការ គោលនយោបាយ យុទ្ធសាស្ត្រ កម្មវិធីផែនការ និងសកម្មភាពដែលមានស្រាប់ដោយបញ្ជ្រាបការគ្រប់គ្រងគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ ដើម្បីពង្រឹងភាពធន់ផ្នែកសេដ្ឋកិច្ច សង្គម សុខភាព និងបរិស្ថាន៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា