រដ្ឋបាលរាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋយ៉ាងច្រើនសប្បាយចិត្ដ បានមកជិះរថយន្តក្រុងឥតគិតថ្លៃ ទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

0

ភ្នំពេញ៖ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានធ្វើដំណើរទៅលេងស្រុកកំណើត តាមរថយន្តក្រុងសាធារណរបស់រដ្ឋ ដោយឥតគិតថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដើម្បីជួយសម្រួលដល់ការចំណាយថវិកា របស់បងប្អូនប្រជាពលរដ្ឋ ។

នៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែភទ្របទ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែតុលា ២០២៣នេះប្រជាពលរដ្ឋ ជាច្រើនបានសម្រុកចេញពីរាជធានីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ ទឹកមុខសប្បាយរីករាយ ។ ក្នុងឱកាសនេះ មានបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ពលករ សិស្ស និស្សិត អាជីវករ យ៉ាងច្រើនកុះករបានមកប្រើប្រាស់ សេវាដឹកជញ្ជូនតាមរយៈរថយន្តក្រុងរដ្ឋដោយឥតគិតថ្លៃ ដើម្បីជួយសម្រួលបន្ទុកចំណាយ ខណៈនៅក្នុងឱកាសបុណ្យទាននេះ សេវាដឹកជញ្ជូនមួយចំនួនបានឡើងថ្លៃខុសពីថ្ងៃធម្មតា ។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះថា ដើម្បីបង្កលក្ខណៈងាយ ស្រួលដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ ដែលនឹងធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ប្រកបដោយសេចក្តីសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដោយឥតគិតថ្លៃ ខណៈកន្លងមកការធ្វើដំណើរតាមរថយន្តឈ្នួល មានតម្លៃថ្លៃ ជាពិសេសក្នុងឱកាសបុណ្យទាននេះតែម្តង។

ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នេះជាការគិតគូររបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការជួយសម្រាលការចំណាយ របស់បងប្អូនប្រជាពលរដ្ឋយើង នៅពេលទៅលេងស្រុកកំណើតនាឱកាសនេះ។ ការអនុវត្តការដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ដោយរថយន្តក្រុងដោយមិនយកប្រាក់នេះ ក៏ជាការរួមចំណែកកាត់បន្ថយការ ដំឡើងថ្លៃរថយន្តដឹកជញ្ជូនអ្នកដំណើររបស់ក្រុម ហ៊ុនដឹកអ្នកដំណើរមួយចំនួន ដែលតែងតែដំឡើងថ្លៃធ្វើដំណើរនៅពេលមានបុណ្យទានម្តងៗ ។

ឯកឧត្តមបន្ដថា បុណ្យភ្ជុំឆ្នាំនេះ ខ្ញុំឃើញបងប្អូនប្រជាពលរដ្ឋ បានសម្រុកទៅលេងស្រុកកំណើតតាមរយ:រថយន្តក្រុង ដឹកអ្ក ដំណើររបស់រដ្ឋបាលរាជធានីភ្នំពេញ មានសន្ទុះកើនឡើង ដោយបងប្អូនបានយល់ឃើញថា រថយន្តក្រុងដឹកអ្នកដំណើររបស់យើងងាយស្រួលជិះ, មានផាសុកភាព, មានសុវត្ថិភាព និងជិះមិនបង់ប្រាក់ថែមទៀតផង ។ បងប្អូនឥឡូវពេញនិយម ក្នុងការធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ។ ដែលយើងរៀបចំដំបូងៗ ពួកគាត់មិនសូវមានចំណាប់អារម្មណ៍ ជាពិសេសគាត់មិនជឿថា មានរថយន្តរបស់សម្ដេចមហាបវរធិបតី ដោយមិនគិតថ្លៃជូនពួកគាត់នោះទេ ។ តែឥឡូវនេះពួកគាត់បានយល់ដឹងអំពីទឹកចិត្តសប្បុរសធម៌ និងទឹកចិត្តរបស់សម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត  ។

អ៊ំស្រី ឈិន រដ្ឋនា ជាកម្មករអ្នកលាងចានឱ្យភោជនីយដ្ឋាន បាយ័ន្ដស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ បានឱ្យដឹងថា ខ្ញុំបានមកជិះរថយន្តក្រុង នៅចំណតរថយន្ដក្រុងទីលានប្រជាធិបតេយ្យ ខ្ញុំមានអារម្មណ៍សប្បាយរីករាយ នៅពេលដែលបានធ្វើដំណើរទៅលេងស្រុកកំណើត តាមរយៈរថយន្តក្រុងសាធារណរបស់រដ្ឋ ដោយឥតគិតថ្លៃបែបនេះ ។ គឺបានជួយសម្រួលដល់ការចំណាយថវិកា បានមួយកម្រិត ខណៈកន្លងមករាល់ពេលធ្វើដំណើរទៅស្រុកកំណើត នៅខេត្ដបាត់ដំបងម្ដងៗ តាមរថយន្តឈ្នួលក្នុងឱកាសបុណ្យទាន គឺមានតម្លៃថ្លៃចាប់ពី ៧ទៅ ៨ម៉ឺនរៀល ។

ក្មួយស្រី ដួន នីតាមន្នីរ័ត្ន ជាកម្មការិនី មានចំណាប់អរម្មណ៍ថា ខ្ញុំសប្បាយចិត្ដឆ្នាំនេះ ព្រោះខ្ញុំបានមកជិះរថយន្តក្រុងទៅលេងស្រុកកំណើតមិនអស់លុយ ។ បើជិះរថយន្តឈ្នួលវិញ គឺចំណាយច្រើន ប្រសិនបើខ្ញុំយកលុយនេះមកទិញអីវាន់ ជូនឪពុកម្តាយ បងប្អូន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ក៏បានច្រើនដែរ ។ ដូច្នេះខ្ញុំគ្មានអ្វីក្រៅពីការអរគុណទៅដល់រាជរដ្ឋាភិបាល ដែលបានជួយដល់ពួកខ្ញុំមានឱកាសបានជិះរថយន្តក្រុងដោយឥតគិតថ្លៃបែបនេះ ។ រាល់ពេលបុណ្យទានប្រពៃណីជាតិខ្មែរម្ដងៗ ដូចជាថ្ងៃភ្ជុំបិណ្ឌ, បុណ្យចូលឆ្នាំថ្មី យើងខ្ញុំក៏ចង់ឱ្យរាជរដ្ឋាភិបាល ជួយសម្រួលក្នុងការធ្វើដំណើរ នៅពេលដែលប្រជាពលរដ្ឋទៅស្រុកកំណើត អាចធ្វើដំណើរតាមរថយន្តក្រុងបែបនេះ ដោយឥតគិតថ្លៃ ហើយប្រជាពលរដ្ឋទាំងអស់ក៏សប្បាយចិត្តដែរ នៅពេលដែលបានរថយន្តក្រុងជិះប្រកបដោយផាសុកភាព សុវត្ថិភាព ផងនោះ ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា