អាជ្ញាធររាជធានីភ្នំពេញណែនាំឱ្យកងកម្លាំងមានសមត្ថកិច្ច បង្កើនកម្លាំងអប់រំស្តីពីសុវត្ថិភាពចរាចរណ៍ឱ្យកាន់តែផុសផុលដល់ប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ

0

ភ្នំពេញ៖ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ណែនាំឱ្យកងកម្លាំងមានសមត្ថកិច្ច ត្រូវបង្កើនកម្លាំងអប់រំស្តីពីសុវត្ថិភាពចរាចរណ៍ឱ្យកាន់តែផុសផុលបន្ថែមទៀតដល់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីបង្កើនការប្រុងប្រយត្ន័ និងផ្តល់សុខសុវត្ថិភាពក្នុងពេលធ្វើដំណើរទៅកាន់ស្រុកកំណើត។ ការណែនាំនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៣ របស់ក្រុមប្រឹក្សារាជធានីអាណត្ដិទី៣  នាថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។

នៅក្នុងឱកាសនោះ លោកអភិបាលរងបានសង្កត់ធ្ងន់ថា ការអប់រំស្តីពីសុវត្ថិភាពចរាចរណ៍ គឺជាចំណុចមួយដ៏ល្អប្រសើរ ដើម្បីធានាសុវត្ថិភាពដល់អ្នកបើកបរនៅតាមដងផ្លូវ និងបានណែនាំឱ្យកងកម្លំាងសមត្ថកិច្ចត្រូវពង្រាយកម្លំាង នៅតាមតំបន់ច្រកចេញចូលសំខាន់ៗនៅរាជធានីភ្នំពេញ ដើម្បីជួយសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរទៅកាន់ស្រុកកំណើត និងត្រូវពង្រាយកម្លំាងចុះទៅអប់រំស្តីពីសុវត្ថិភាពចរាចរណ៍ ព្រោះប្រជាពលរដ្ឋចាប់ផ្ដើមចេញពីរាជធានីភ្នំពេញនៅពីថ្ងៃទី១២ ខែតុលានេះតទៅហើយ ដើម្បីទៅតាមបណ្ដាស្រុកកំណើតរបស់ពួកគាត់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

ជាមួយគ្នានេះដែរ លោកអភិបាលរងបានគូសបញ្ជាក់បន្ថែមទៀតថា ចំពោះការអប់រំប្រជាពលរដ្ឋនេះ គឺអប់រំកុំឱ្យពួកគាត់ដឹកលើសចំណុះ ដឹកសំពីងសំពោង និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរ ជាពិសេសបានទៅលេងស្រុកកំណើតដោយទឹកមុខសប្បាយរីករាយ ហើយក្នុងអំឡុងពេលនោះ កងកម្លាំងត្រូវបង្កើនការអប់រំផ្សព្វផ្សាយឱ្យបានច្រើន ជាងការផាកពិន័យ ដើម្បីបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋឱ្យកាន់ច្បាស់លាស់។

ទន្ទឹមនឹងនេះ លោកអភិបាលរងបានស្នើសុំឱ្យបង្កើនកម្លាំងសម្រួលចរាចរណ៍ និងបង្កើនវិធានការអប់រំផងដែរ កុំយកតែវិធានការផាកពិន័យមកប្រើ ព្រោះប្រជាពលរដ្ឋចង់ដឹងអំពីច្បាប់។ យើងផាកពិន័យក្នុងករណីគាត់រឹងរូសជាមួយនឹងបទល្មើសចរាចរណ៍ធំៗ ប៉ុន្តែករណីទូទៅយើងគួរតែផ្ដល់ការអប់រំឱ្យបានច្រើនជាងការផាកពិន័យ។

ដោយឡែក ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍កោតសរសើរចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងប្រជាជនរាជធានីភ្នំពេញ ដែលបានខិតខំយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវ ចូលរួមអភិវឌ្ឍន៍រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់គណៈអភិបាលរាជធានីភ្នំពេញ រហូតសម្រេចបានលទ្ធផលរីកចម្រើនលើគ្រប់វិស័យ ក្នុងខែកញ្ញា ឆ្នាំ២០២៣កន្លងមកនេះ។  សមិទ្ធផលទាំងនេះពិតជាបានរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រជាពលរដ្ឋខ្មែរបានចេញទៅស្រុកកំណើតរៀងៗខ្លួនដើម្បីជួបជុំគ្រួសារ និងយកចង្ហាន់ ឬគ្រឿងឧបភោគបរិភោគទៅប្រគេនព្រះសង្ឃនៅតាមទីវត្តអារាម និងជូនមាតាបិតា ដើម្បីឧទ្ទិសកុសលផលបុណ្យដល់អ្នកមានគុណ និងបំពេញកុសលផលបុណ្យសម្រាប់ខ្លួនឯងទៅអនាគតជាតិ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា