នាយខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ ធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យឈប់ប្រើឧបករណ៍នេសាទដែលច្បាប់ហាមឃាត់

0

តាកែវ៖ លោក សៅ កុសល នាយខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ បានធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ មេត្តាឈប់ប្រើឧបករណ៍នេសាទដែលច្បាប់ហាមឃាត់ ព្រោះការនេសាទនៅក្នុងរដូវបិទនេសាទដោយបើកសៃយឺនស្បៃមុង និងប្រើលបកន្ទុយកណ្តុរនេះ វាបានបំផ្លាញកូនត្រីតូចៗអស់រាប់លានក្បាល ។ ដូច្នេះសូមចូលរួមទាំងអស់គ្នាការពារមច្ឆ ជាតិរបស់យើងឱ្យសម្បូរឡើងវិញ តាមរយៈការមិនប្រើឧបករណ៍នេសាទខុសច្បាប់ ។

លោក សៅ កុសល ធ្វើការអំពាវនាវបែបនេះ ក្នុងពេលដឹកនាំកម្លាំង ដោយសហការជាមួយសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលចតុម្មុខ ចុះបង្ក្រាបបទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រ ព័ទ្ធជុំវិញភ្នំបូរី និងភ្នំដា ស្ថិតក្នុងឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ នាព្រឹកថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ។

លោក បានមានប្រសាសន៍បន្តថា ការចុះសហការបង្ក្រាបបទល្មើសនេសាទនៅ លើដែនទឹកស្រុកអង្គរបូរី នៅក្នុងភូមិសាស្ត្រជុំវិញភ្នំបូរី និងភ្នំដានេះ គឺដោយមើលឃើញពីការប្រើប្រាស់ឧករណ៍នេសាទរបស់បងប្អូនប្រជាពលរដ្ឋ វាខុសច្បាប់ចែងបានហាមឃាត់ នៅក្នុងរដូវបិទនេសា​​​​​ទ​​​នេះ ។ ក្នុងនោះដែររដូវបិទនេសាទនៅសល់តែចំនួន ២០ថ្ងៃទៀតទេ ច្បាប់ហាមឃាត់ទៅលើប្រភេទឧបករណ៍នេសាទសៃយឺនស្បៃមុង និងលបកន្ទុយកណ្តុរ ។ ព្រោះឧបករណ៍ទាំងពីរខាងលើនេះ វាបានបំផ្លាញធនធានធម្មជាតិ រាប់ចាប់ពីកូនត្រីតូចៗឡើងទៅ។

លោកនាយខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ សៅ កុសល មានប្រសាសន៍បន្ថែមថា នៅក្នុងរដូវបិទនេសាទនេះផងដែរ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលពួកគាត់នេសាទត្រឹមជាលក្ខណៈគ្រួសារ ពោលគឺលក្ខណៈនេសាទឧបករណ៍តូចៗសម្រាប់នេសាទចិញ្ចឹមក្រពះនៅក្នុងគ្រួសារ គឺច្បាប់មិនបានហាមឃាត់អ្វីឡើយ លើកលែងតែនេសាទដោយប្រើសៃយឺនស្បៃមុង និងលបកន្ទុយកណ្តុរប៉ុណ្ណោះ ដែលច្បាប់មិនអនុញ្ញាតឱ្យនេសាទ នៅក្នុងរដូវបិទនេសាទនេះ ។

លោកបានឱ្យដឹងថា នៅក្នុងការចុះបង្ក្រាបបទល្មើសនេសាទនេះដែរ កម្លាំងរបស់យើងចុះ    បង្ក្រាប និងរឹបអូសឧកបរណ៍នេសាទខុសច្បាប់ ដូចជា សៃយឺនស្បៃមុង ចំនួន ២៧មាត់លូ, របាំងប្រវែង ១ ៣០០ម៉ែត្រ, បង្គោលឫស្សី ៦៥០ដើម និងបានលែងកូនត្រីដែលជាប់ក្នុងសៃយឺនស្បៃមុងនិងលបកន្ទុយកណ្តុរជាង ១០គីឡូក្រាម ។ ចំពោះវត្ថុតាងដែលបានរឹបអូស ត្រូវបានដុតបំផ្លាញចោលនៅនឹងកន្លែង ផងដែរ ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា