បាត់ដំបង ៖ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង២៣និង១៨នាទី នៅចំណុចមាត់ស្ទឹងសង្កែ ស្ថិតនៅក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការងផែនការងារនគរបាលព្រហ្មទ័ណ្ឌ និង ដោយមានការសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល មានលោកវរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រួមគ្នាជាមួយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង កម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបសហការស្រាវជ្រាវនិងបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( ប្រើប្រាស់កាំភ្លើងខ្លីហ្គាសបាញ់គ្រាប់ឃ្លីដែក) ០១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យចំនួន ០៣នាក់ មកកាន់ស្នងការដ្ឋានដើម្បីសាកសួរស្រាវជ្រាវ។
១.ឈ្មោះ យ៉េន ចនណាតុន ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិសុភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ២.ឈ្មោះ សុខ ផានិត ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅមិនពិតប្រាកដ និង៣.ឈ្មោះ រី រូហ្សា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ វត្ថុតាងដកហូតរួមមាន៖
-កាំភ្លើងខ្លី ម៉ាក PIETRO BERETTA ប្រើហ្គាសបាញ់គ្រាប់ឃ្លីដែក ចំនួន ០១ដើម
-កំប៉ុងហ្គាសសម្រាប់បញ្ចូលកាំភ្លើង ចំនួន ០១កំប៉ុង
-គ្រាប់ឃ្លីដែក ចំនួន ០៨គ្រាប់
-ម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខ បាត់ដំបង 1AS- 7840 ។
ចំពោះមូលហេតុនៃការឃាត់ខ្លួននេះ គឺនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ១៨និង៤០នាទី នៅចំណុចកាហ្វេភូមិ ស្ថិតនៅក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលើរួមជាមួយបក្សពួក២នាក់ផ្សេងទៀតដែលកំពុងរត់គេចខ្លួន បានធ្វើសកម្មភាពជិះម៉ូតូចំនួន ០៣គ្រឿង និងបានយកកាំភ្លើងខ្លីបាញ់គ្រាប់ (ឃ្លីដែក) បាញ់ទៅលើជនរងគ្រោះ ០១នាក់ឈ្មោះ ស្រៀង ចំរ៉ុង ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្តាលឱ្យរងរបួសត្រូវចំនួន ០៣គ្រាប់ ចំកខាងស្តាំ ០១គ្រាប់ ចំកំភួនដៃខាងឆ្វេង ០១គ្រាប់ និងចំកដៃខាងឆ្វេង ០១គ្រាប់ ក្រហមជាំចេញឈាម។
ពេលកើតហេតុភ្លាមៗ សមត្ថកិច្ចទទួលបានព័ត៌មាននេះ ហើយផ្តើមសហការស្រាវជ្រាវរហូតដល់ វេលាម៉ោង២៣និង១៨នាទីថ្ងៃខែឆ្នាំដដែល ជិតរំលងអាធ្រាត្រទៅហើយទើបសមត្ថកិច្ចបង្ក្រាបឃាត់ខ្លួននិងដកហូតវត្ថុតាងខាងលើ។ បច្ចុប្បន្ន ការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ច្បាប់៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ