ផ្លូវលំជនបទ២ខ្សែ នៅក្នុងស្រុកមង្គលបូរី កំពុងរងការជន់លិចដោយជំនន់ទឹកភ្លៀង

0

បន្ទាយមានជ័យ៖ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ លោក ជា យុទ្ធារុណ​បានឱ្យដឹងថា គិតមកដល់ថ្ងៃទី០៨ខែតុលា​ ឆ្នាំ២០២៣នេះ ផ្លូវលំជនបទ២ខ្សែនៅ ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បាននិងកំពុង​ទទួលរងការជន់លិច ដោយជំនន់ទឹកភ្លៀង ដែលបានសម្រុកឡើង មានរយៈពេល៥ថ្ងៃមកហើយ ដោយសារតែទឹកហូរធ្លាក់ពីខេត្តបាត់ដំបង និងពីព្រំដែន ថៃ បន្ទាប់ពីមានទឹកភ្លៀងបានធ្លាក់​ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ ។

​ក្នុងឱកាសចុះពិនិត្យមើលកំណាត់ផ្លូវលំជនបទ ដែលរងផលប៉ះពាល់ដោយជំនន់ទឹក​ភ្លៀង នៅ ក្នុងស្រុកមង្គលបូរី កាលពីរសៀលថ្ងៃអាទិត្យ ៩រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី០៨ខែតុលា ឆ្នាំ២០២៣​ លោក​ ជា យុទ្ធារុណ បានឱ្យដឹងទៀតថា ផ្លូវដែលកំពុងជន់លិចដោយ ជំនន់ទឹកភ្លៀងចំនួន២ខ្សែ ក្នុងស្រុកមង្គលបូរីនេះ មានផ្លូវបល្ល័ង្គជ្រៃ(ក្រួសក្រហម) ប្រវែង២៤៦០០ម៉ែត្រ ត្រូវបានទឹកលិចហូរកាត់ប្រវែង ១៣០៦០ម៉ែត្រ (ឥឡូវនេះផ្លូវនេះប្រជាជនត្រូវធ្វើដំណើរដោយទូកម៉ា ស៊ីនជំនួសយានយន្តគ្រប់ប្រភេទសិន) ។ ផ្លូវមួយខ្សែទៀត គឺផ្លូវសាយសាម៉ន (កៅស៊ូ២ជាន់និងក្រួស ក្រហម) ប្រវែង ១៨ ១០០ម៉ែត្រ ត្រូវបានទឹកលិចហូរកាត់ប្រវែង ៣៣០០ម៉ែត្រ ។

លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានឱ្យដឹងទៀតថា បច្ចុប្បន្ននេះមន្ទីរជំនាញកំពុងចុះ ពិនិត្យ និងស្រង់ទិន្ន​ន័យខូចខាត ឱ្យបានជាក់លាក់បន្ទាប់ពីទឹកស្រកនាពេលខាងមុខ ដើម្បីរៀបចំធ្វើការ ជួសជុល​តភ្ជាប់ជាបន្ទាន់ សម្រាប់បម្រើដល់ការធ្វើដំណើរ និងការដឹកកសិផលរបស់ប្រជាពលរដ្ឋ ក្នុង តំបន់រងគ្រោះនោះឱ្យបានទាន់ពេលវេលា ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា