ប្រទេសអង់គ្លេស បានប្រកាសផ្ដល់នូវប្រព័ន្ធអនុគ្រោះពន្ធថ្មី UK’s Developing Countries Trading Scheme (DCTS) ជំនួស UK’s Generalized Scheme of Preference (GSP) ដល់ប្រទេសកំពុងអភិវឌ្ឍន៍រួមទាំងកម្ពុជា ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
យោងតាមសេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រព័ន្ធអនុគ្រោះពន្ធថ្មី UK’s Developing Countries Trading Scheme (DCTS) មានគោលបំណងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍ រួមទាំងប្រទេសអភិវឌ្ឍន៍តិចតួចក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។
ប្រភពដដែល បានបន្ថែមថា ប្រព័ន្ធអនុគ្រោះពន្ធថ្មីនេះ (DCTS) នឹងផ្ដល់ភាពងាយស្រួលបន្ថែមទៀត តាមរយៈការធ្វើសេរីភាវូបនីយកម្មវិធានដើមកំណើតទំនិញ និងការធ្វើសាមញ្ញកម្មលើលក្ខខណ្ឌតម្រូវ ដែលក្នុង នោះបានអនុញ្ញាតឱ្យប្រើប្រាស់តម្លៃបន្ថែមក្នុងស្រុក (Local content) ត្រឹម ២៥% (តម្លៃវត្ថុធាតុដើមនាំចូល សម្រាប់ប្រើប្រាស់ (Non-originating content) រហូតដល់ ៧៥%) ឬការផ្លាស់ប្តូរចំណាត់ថ្នាក់បន្ទាត់ពន្ធ រហូតដល់៤ខ្ទង់ ទៅ៦ខ្ទង់។
ជាមួយគ្នានេះដែរ ចំពោះផលិតករ ឬអ្នកនាំចេញទាំងអស់ ត្រូវអនុវត្តន៍តាម វិធានដើមកំណើតទំនិញរបស់ចក្រភពអង់គ្លេស ដើម្បីទទួលបានការអនុគ្រោះពន្ធពីចក្រភពអង់គ្លេស។
គួរបញ្ជាក់ដែរថា យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេស សម្រេចបាន ៤៩៦.៣ លានដុល្លារ ធ្លាក់ចុះ ១៤.៦ ភាគរយប្រៀបធៀបទៅនឹងឆ្នាំ២០២៣៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា