ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា រាជធានី ភ្នំពេញ មានរោងចក្រសហគ្រាសប្រមាណជិត១ម៉ឺន ដែលផ្តល់ឱកាសការងារប្រមាណ៦៦ម៉ឺននាក់ និង ផ្តល់ជាប្រាក់ឈ្នួលសរុបប្រមាណ២ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។
ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាង១៨០០០នាក់ មកពីរោងចក្រ សហគ្រាសចំនួន២២ ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យនិងខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម ហេង សួរ បានឱ្យដឹងថា តាមរយៈគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការជំរុញការកសាងរោងចក្រ សហគ្រាស នៅតាមបណ្តាខេត្ត និងបង្កើតការងារ មុខរបរជូនប្រជាពលរដ្ឋ ឱ្យកៀកនិងមូលដ្ឋានរស់នៅរបស់ប្អូនៗ រោងចក្រសហគ្រាសជាច្រើនត្រូវបាន ពង្រាយទៅតាមបណ្តាខេត្ត និងបានកើនឡើងជាបន្តបន្ទាប់ ដើម្បីផ្តល់ឱកាសការងារដល់កម្មករនិយោជិត ឱ្យមានចំណូលទៀងទាត់សម្រាប់ទ្រទ្រង់ជីវភាពក្នុងក្រុមគ្រួសារនិងទទួលអត្ថប្រយោជន៍ជាច្រើនទៀតទៅតាមការរីកចម្រើននៃរោងចក្រនីមួយៗ ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ បានបន្តថា ជាក់ស្តែងរោងចក្រ សហគ្រាស បានកើនពី៦៥រោងចក្រ និង មានកម្មករ និយោជិតប្រមាណ៨ម៉ឺននាក់ នៅឆ្នាំ១៩៩៧ ដល់ចំនួន១៧៦៨៤រោងចក្រ សហគ្រាស និងមានកម្មករ និយោជិតប្រមាណ១លាន៥សែននាក់ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣។ ក្នុងនោះដែរ ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប មានចំនួន១ ៣៣៧ រោចក្រ និងមានកម្មករ និយោជិត សរុបជាង៨៣ម៉ឺននាក់ ដោយបានចំណូលប្រចាំឆ្នាំប្រមាណ២៦០០ លានដុល្លារ។
ឯកឧត្តម បានបន្តទៀតថា បច្ចុប្បន្ននេះរាជធានីភ្នំពេញ មានរោងចក្រ សហគ្រាសប្រមាណជិត១ម៉ឺន រោងចក្រ និងមានកម្មករនិយោជិតចំនួនប្រមាណ ៦៦ម៉ឺននាក់ កំពុងធ្វើការងារប្រកបដោយនិរន្តរភាព និងមានប្រាក់ខែសមរម្យសម្រាប់បង្កើនជីវភាពឱ្យមានភាពធូរធារពីមួយឆ្នាំទៅមួយឆ្នាំ ពិសេសកាត់បន្ថយ ការចំណាកស្រុក។
« ជាក់ស្តែងនៅរាជធានីភ្នំពេញ យើងមានរោងចក្រសហគ្រាសសរុបចំនួន៩៥៩០ និងមានកម្មករ និយោជិតសរុបចំនួន៦៦ម៉ឺននាក់ ដែលបានផ្តល់ជាប្រាក់ឈ្នួលសរុបប្រមាណ២ពាន់លានដុល្លារ ក្នុងមួយ ឆ្នាំ។ ក្នុងនោះវិស័យកាត់ដែរ ស្បែកជើង កាបូប មានចំនួន៧៣៥ទីតាំង និងមានកម្មករនិយោជិត សរុបប្រមាណ ៣៤ម៉ឺននាក់ ដោយបានផ្តល់ជាប្រាក់ឈ្នួលប្រមាណ១ពាន់លានដុល្លារក្នុងមួយឆ្នាំ »។
សូមបញ្ជាក់ថា សហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដែលបានចុះបញ្ជីនៅក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួន១៧២៥៦សហគ្រាស ដែលមានកម្មករនិយោជិតចំនួន ១,៥ លាននាក់។ នៅឆ្នាំ១៩៩៧ រោងចក្រ សហគ្រាសវិស័យកាត់ដេរ មានចំនួនត្រឹមតែ ៦៤ ដែលមានកម្មករនិយោជិត ប្រមាណ៨ម៉ឺននាក់ ការនាំចេញមានចំនួន ២២៧ លានដុល្លារអាមេរិក។ នៅឆ្នាំ២០២៣ នេះ រោងចក្រ វិស័យកាត់ដេរ បានកើនដល់ចំនួន ១៣២៦ ដែលមានកម្មករនិយោជិតចំនួនប្រមាណ ៨៤ ម៉ឺននាក់ (ស្រី ៦៦ ម៉ឺននាក់) ការនាំចេញ មានរហូតដល់ប្រមាណ ១៣ ពាន់លានដុល្លារអាមេរិក (ឆ្នាំ២០២២)។ ក្នុងឆ្នាំ២០២២ សាលារាជធានី បានទទួលការស្នើសុំ ក្នុងការសាងសង់នូវគម្រោងជាង ១,១០០គម្រោង ក្នុងទំហំទុនប្រមាណជាង ៦០៥ លានដុល្លារអាមេរិក ៕
ប្រភព៖ ក្រសួងព័ត៌មាន