កណ្តាល៖ ខណ្ឌរដ្ឋបាលជលផលកណ្តាល បានចុះបង្រ្កាបបទល្មើស នេសាទខុសច្បាប់ត្រង់ចំណុច ភូមិតាមែ ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ដោយកម្លាំងចំរុះ បានរុះរើសារយកបទល្មើសនេសាទ១ករណីក្នុងនាះមាន លូស្បៃមុងចំនួន២១មាត់ របាំងស្បៃមុង ៥៥១០ ម៉ែត្រ បង្គាល ចំនួ៥២៥ដើម ដើម្បីដុតបំផ្លាញឧបករណ៍ នេសាទខុសច្បាប់ទាំនេះនៅនឹងកន្លែងកើតហេតុ។ នេះបើយោងតាមផេកសង្គមហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តកណ្តាលនាថ្ងៃទី០១ ខែតុលាឆ្នាំ២០២៣។
លោក ហេង សុភារិទ្ធី នាយខណ្ឌរដ្ឋបាលជលផលកណ្តាលបានឱ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់ខណ្ឌរដ្ឋបាលជលផលកណ្តាល រួមសហការគ្នាជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ធ្វើការបង្ក្រាបរាល់បទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលឱ្យមានប្រសិទ្ធភាពខ្ពស់ បើទោះជាបើកនូវដូវនេសាទក្ដី ក៏បងប្អូនប្រជាពលរដ្ឋមិនត្រូវប្រើប្រាស់ឧបករណ៍ហាមឃាត់នេសាទ ក្នុងភូមិសាស្ត្រខេត្តកណ្ដាលឡើយ។ លោកបន្ដថា ការចុះបង្រ្កាបនេះ មិនត្រូវអត់ឱនឱ្យអ្នកប្រព្រឹត្តបទល្មើសនេសាទ ដោយប្រើឧបករណ៍នេសាទឆក់ត្រជាក់ និងកៅ្ត ដែលបានប្រព្រឹត្ត បទល្មើសនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលឡើយ។
លោកនាយខណ្ឌរដ្ឋបាលជលផលកណ្តាល បានស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសបងប្អូនប្រជាពលរដ្ឋ សូមធ្វើការសហការជាមួយខណ្ឌរដ្ឋបាលជលផលកណ្ដាល ដោយរាយការណ៍នៅបទល្មើសនេសាទទាំងអស់ដែលកើតមានឡើងក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីឱ្យខណ្ឌរដ្ឋបាលជលផលធ្វើការចុះបង្ក្រាបឱ្យបានទាន់ពេលវេលា សំដៅធានានូវធនធានជលផលស្តុកក្នុងបឹង ទន្លេធម្មជាតិឱ្យបានល្អ ដើម្បីជាផលប្រយោជន៍របស់បងប្អូន នៅក្នុងមូលដ្ឋានរបស់ខ្លួន។
ជាមួយគ្នានោះដែរលោកក៏បានក្រើនរម្លឹកដល់អ្នកប្រព្រឹត្តបទល្មើសនេសាទទាំងអស់ សូមបញ្ឈប់រាល់សកម្មភាពនេសាទខុសច្បាប់ទាំងអស់ ដែលកើតមាននៅក្នុងភូមិសាស្ត្រ ខេត្តកណ្ដាល នៅពេលមានការបង្ក្រាបបទល្មើសទាំងនោះ នឹងត្រូវអនុវត្តទៅតាមច្បាប់ដោយគ្មានការយោគយល់ឡើយ។ លោកនាយខណ្ឌរដ្ឋបាលជលផល បានបន្ថែមថា ខណ្ឌរដ្ឋបាលជលផលកណ្ដាល និងចុះធ្វើការបង្ក្រាបដូចភ្លៀងរលឹម ធ្វើយ៉ាងណាដើម្បីឱ្យខេត្តកណ្ដាលគ្មានបទល្មើសនេសាទខុសច្បាប់ឡើយ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា