កណ្តាល៖ ខណ្ឌរដ្ឋបាលជលផលកណ្តាល ដឹកនាំដោយលោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ត្រង់ចំណុច ភូមិតាមែ ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ដោយកម្លាំងចម្រុះបានរុះរើយកឧបការណ៍នេសាទខុសច្បាប់ជាបទល្មើសនេសាទ១ករណីក្នុងនោះមាន លូស្បៃមុងចំនួន២១មាត់, របាំងស្បៃមុង ៥ ៥១០ម៉ែត្រ, បង្គាល ចំនួ ៥២៥ដើម ដោយធ្វើការដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់ទាំងនេះ នៅនឹងកន្លែងកើតហេតុ នៅថ្ងៃអាទិត្យ ២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ ។
លោក ហេង សុភារិទ្ធី នាយខណ្ឌរដ្ឋបាលជលផលកណ្តាល បានឱ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានណែនាំដល់ខណ្ឌរដ្ឋបាលជលផលកណ្តាល រួមសហការគ្នាជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ធ្វើការបង្ក្រាបរាល់បទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលឱ្យមានប្រសិទ្ធភាពខ្ពស់ បើទោះជាបើកនូវដូវនេសាទក្ដី ក៏បងប្អូនប្រជាពលរដ្ឋមិនត្រូវប្រើប្រាស់ឧបករណ៍ហាមឃាត់នេសាទ ក្នុងភូមិសាស្ត្រខេត្តកណ្ដាលឡើយ។ ទន្ទឹមនឹងនោះមិនត្រូវអត់ឱនឱ្យអ្នកប្រព្រឹត្តបទល្មើសនេសាទ ដោយប្រើឧបករណ៍នេសាទឆក់ត្រជាក់, និងក្តៅ ដែលបានប្រព្រឹត្តបទល្មើស នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលឡើយ។
លោកនាយខណ្ឌរដ្ឋបាលជលផលកណ្តាល បានស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសបងប្អូនប្រជាពលរដ្ឋ សូមធ្វើការសហការជាមួយខណ្ឌរដ្ឋបាលជលផលកណ្ដាល ដោយរាយការណ៍នូវរាល់បទល្មើសនេសាទទាំងអស់ ដែលកើតមានឡើងក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីឱ្យខណ្ឌរដ្ឋបាលជលផល ធ្វើការចុះបង្ក្រាបឱ្យបានទាន់ពេលវេលា សំដៅធានានូវធនធានជលផលស្តុកក្នុងបឹង, ទន្លេធម្មជាតិឱ្យបានល្អ ដើម្បីជាផលប្រយោជន៍របស់បងប្អូននៅក្នុងមូលដ្ឋានរបស់ខ្លួន។
ក្នុងឱកាសនោះ លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ ក៏បានក្រើនរម្លឹកដល់អ្នកប្រព្រឹត្តបទល្មើសនេសាទទាំងអស់ សូមបញ្ឈប់រាល់សកម្មភាពនេសាទខុសច្បាប់ទាំងអស់ ដែលកើតមាននៅក្នុងភូមិសាស្ត្រស្រុកពញាឮ ក៏ដូចជាខេត្តកណ្ដាល ។ នៅពេលមានការបង្ក្រាបបទល្មើសទាំងនោះ នឹងត្រូវអនុវត្តន៍ទៅតាមច្បាប់ ដោយគ្មានការយោគយល់ឡើយ ។ ទន្ទឹមនឹងនោះ ខណ្ឌរដ្ឋបាលជលផលកណ្ដាល នឹងចុះធ្វើការបង្ក្រាបដូចភ្លៀងរលឹម ធ្វើយ៉ាងណាដើម្បីឱ្យខេត្តកណ្ដាលគ្មានបទល្មើសនេសាទខុសច្បាប់ឡើយ ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា