រាជរដ្ឋាភិបាលកម្ពុជា សហការជាមួយអាជ្ញាធរឡាវ ជួយសង្គ្រោះនារីខ្មែរ០៦រូប បានទាន់ពេលវេលា និងកំពុងបន្តសង្គ្រោះ ០១រូបទៀត ពីការជួញដូរ

0

ភ្នំពេញ​៖ ក្រោម​កិច្ចសហការ​ដ៏​ស្អិតរ​មួ​ត​ជាមួយ​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​ឡាវ ថ្មី​ៗ​នេះ​រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឡាវ បាន​ធ្វើ​អន្តរាគមន៍ និង​បាន​ជួយ​សង្គ្រោះ​ស្ត្រី​ខ្មែរ ០៦​រូប ដែល​រង​គ្រោះ​ដោយ​ការ​ជួញដូរ​ទៅ​ធ្វើការ​នៅ​ប្រទេស​ឡាវ និង​កំពុង​បន្ត​ការ​សហការ​ដើម្បី​សង្គ្រោះ ០១​រូប​ទៀត​។

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​ណែនាំ​ដល់​ឯកឧត្តម សុខ ចិន្តា​សោភា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ យកចិត្តទុកដាក់​ខ្ពស់​ដើម្បី​នារី​រង​គ្រោះ​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ បាន​ឆាប់​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​ដែល​ជា​ស្រុក​កំណើត​របស់​ខ្លួន និង​បាន​ជួបជុំ​ក្រុម​គ្រួសារ ឪពុក​ម្តាយ ញាតិ​មិត្ត​របស់​ខ្លួន​វិញ​។

សូម​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៣ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឡាវ បាន​ទទួល​ព័ត៌មាន​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ពាក់ព័ន្ធ​នឹង​ករណី​ស្ត្រី​ខ្មែរ​ចំនួន ០៧​រូប ដែល​បាន​បង្ហោះ​សារ​អំពាវនាវ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ស្វែងរក​ការ​ជួយ​សង្គ្រោះ​ពួក​គេ​។ ស្ត្រី​ទាំង​០៧​រូប​នេះ ត្រូវ​បាន​ជនខិលខូច​បោកប្រាស់​មក​ធ្វើការ​នៅ​ខេត្ត​បរ​កែវ នៃ​ប្រទេស​ឡាវ ហើយ​បាន​រត់​ចេញពី​កន្លែងធ្វើការ​បន្ទាប់​ពី​មាន​បញ្ហា​ជាមួយ​ថៅកែ ដែល​គ្រោង​លក់​ពួក​គាត់​ទៅ​ប្រទេស​ទី​៣​។

ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​នេះ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ឡាវ បាន​សុំ​ការ​សហការ​ភ្លាម​ពី​អាជ្ញាធរ​ឡាវ ដើម្បី​ជួយ​សង្គ្រោះ​ស្ត្រី​ខ្មែរ​ទាំង ០៧​រូប​នោះ​។ ជាមួយ​គ្នា​នេះ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ណែនាំ​ឱ្យ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ជំរុញ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឡាវ​ឱ្យ​ផ្តល់​ការ​យកចិត្តទុកដាក់​ខ្ពស់​លើ​កិច្ចការ​នេះ ដោយ​សហការ​ជាមួយ​សមត្ថកិច្ច​ឡាវ​។

រហូត​មក​ដល់​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២៣ នេះ នារី​ខ្មែរ ០៦​រូប ត្រូវ​បាន​ជួយ​សង្គ្រោះ និង​កំពុង​ស្ថិត​នៅ​កន្លែង​មាន​សុវត្ថិភាព និង​មានការ​យកចិត្តទុកដាក់​ខ្ពស់​។ ដោយឡែក​ស្ថានទូត​បាន​និង​កំពុង​បន្ត​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ឡាវ បន្ត​ខិតខំ​ជួយ​សង្គ្រោះ​នារី​ខ្មែរ ០១​រូប​ទៀត​។

ការ​ជួយ​សង្គ្រោះ​នារី​ខ្មែរ​ទាំង​៧​រូប​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ចំណាត់ការ​ដ៏​រហ័សរហួន និង​ការ​យកចិត្តទុកដាក់​របស់​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី ជា​ពិសេស​មន្ត្រី​នៃ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ឡាវ និង​អាជ្ញាធរ​ពាក់ព័ន្ធ ដែល​បាន​គិតគូរ​ខ្ពស់​អំពី​សុវត្ថិភាព ទុក្ខ​លំបាក និង​បញ្ហា​របស់​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង​។

នារី​រង​គ្រោះ​ទាំង​០៦​រូប ដែល​បាន​សង្គ្រោះ​រួច បាន​បង្ហាញ​ក្តី​រំភើប​រីករាយ​ជា​ពន់ពេក បន្ទាប់​ពី​បាន​រួច​ផុត​ពី​ការ​ជួញដូរ ជា​ពិសេស​ទទួល​បាន​កិច្ច​អន្តរាគមន៍​យ៉ាង​រហ័ស​ពី​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​អាជ្ញាធរ​កម្ពុជា​។ ពួក​គេ​បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្តេច​ធិ​បតី ក៏​ដូច​ជា​អាជ្ញាធរ​របស់​កម្ពុជា ក្នុង​នោះ​រួម​មាន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​មន្ត្រី​នៃ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ឡាវ​ដែល​បាន​ខ្នះខ្នែង​ជួយ​សង្គ្រោះ​ពួក​គេ​ឱ្យ​រួច​ផុត​ពី​គ្រោះថ្នាក់ និង​អាច​បាន​ត្រឡប់​មក​កាន់​ប្រទេស​កំណើត​វិញ​៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា