ព្រះសីហនុ៖ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គ្រោងបង្កើនរោងចក្រសហគ្រាសរហូតដល់ចំនួន ៣០០ និងបង្កើនការងាររហូតដល់ចំនួន ១០ម៉ឺនកន្លែង ខណៈគិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានផ្តល់ការងារជូនដល់កម្មករនិយោជិតចំនួនប្រមាណ ២៥ ៦០០ នាក់។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានចាប់ផ្តើមដំណើរការនៅខែមីនា ឆ្នាំ២០០៨ និងមានទីតាំងស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាង និងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្ទៃដីទំហំ ១ ១១៣ ហិកតា។
របាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ មានគម្រោងវិនិយោគចំនួនជាង ២៣០គម្រោង និងបានផ្តល់ការងារជូនដល់កម្មករនិយោជិតប្រមាណ ២៥ ៦០០ នាក់។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានមុខសញ្ញាវិនិយោគដូចជា ផលិតសម្ភារៈអេឡិចត្រូនិក ខ្សែបង្គុំអគ្គិសនី គ្រឿងបន្លាស់រថយន្ត ស៊ុមទូរទស្សន៍ បន្ទះសូឡា គ្រឿងចក្រលើកដាក់ទំនិញ ដែកទីប បរិក្ខារពេទ្យ ក្ដារប៉ាកេ ក្តារបន្ទះ គ្រឿងសង្ហារិម សម្ភារ បរិក្ខារសម្រាប់កីឡាប្រណាំងសេះ ចំណីសត្វ សម្ភារការិយាល័យ វត្ថុអនុស្សាវរីយ៍ សម្ភារៈការពាររាងកាយ សម្ភារ បរិក្ខារកីឡា សម្ភារប្រើប្រាស់ក្នុងផ្ទះ ស្រោមពូក សម្ភារ ការពារអគ្គិភ័យ សម្លៀកបំពាក់ ស្បែកជើង កាបូបនិងរ៉ាលី និងសំបកវេចខ្ចប់ សំបកកង់រថយន្ត កាវ ទឹកថ្នាំ។
កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបជាមួយឯកឧត្តម វ៉ាង ឆុន អគ្គនាយករងនៃមន្ទីរពាណិជ្ជកម្មខេត្តជាំងស៊ូ និងថ្នាក់ដឹកនាំការិយាល័យពាណិជ្ជកម្មខេត្តវ៉ូស៊ី និងតំណាងក្រុមហ៊ុនសហគ្រាសធំៗ មកពីទីក្រុងណានជីង និងទីក្រុងស៊ូចូ ប្រទេសចិន នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ជំនួបនេះមានគោលបំណងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងខេត្តជាំងស៊ូ និងដើម្បីបង្ហាញអំពីកាលានុវត្តភាព សក្តានុពលពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសសមិទ្ធផលអភិវឌ្ឍនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
សេចក្តីប្រកាសព័ត៌មានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបញ្ជាក់នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ថា៖ «ឯកឧត្តមអគ្គលេខាធិការ បានស្នើឱ្យថ្នាក់ដឹកនាំមន្ទីរពាណិជ្ជកម្មខេត្តជាំងស៊ូ និងប្រតិភូអមដំណើរ ជួយជំរុញនិងកៀរគរវិនិយោគិនចិនបន្ថែមទៀតមកកម្ពុជា ក៍ដូចជាមកបណ្តាក់ទុនវិនិយោគ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបច្ចុប្បន្ន បានអភិវឌ្ឍន៍រួចរាល់ប្រមាណ ៧០ភាគរយ នៃទំហំផ្ទៃដី សរុប ១ ១១៣ ហិកតា ដែលគ្រោងបង្កើនរោងចក្រសហគ្រាសរហូតដល់ ៣០០ និងបង្កើនការងាររហូតដល់ ចំនួន ១០ម៉ឺនកន្លែង»។
ក្នុងជំនួបនេះឯកឧត្តម ជា វុទ្ធី បានលើកឡើងពីគោលនយោបាយគាំទ្រ និងផែនការសកម្មភាពចំពោះមុខនានា ដែលរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧បានដាក់ចេញក្នុងទិសដៅជំរុញ និងទាក់ទាញវិនិយោគមកកម្ពុជា ជាពិសេសការផ្តល់នូវសុខសុវត្ថិភាព និងទំនុកចិត្តដល់វិនិយោគិន ក្នុងការធ្វើប្រតិបត្តិការធុរកិច្ច និងវិនិយោគនៅកម្ពុជា និងលើកឡើងអំពីភាពទាក់ទាញនៃច្បាប់ស្តីពីវិនិយោគ និងសក្តានុពលវិនិយោគលើវិស័យសំខាន់ៗរបស់កម្ពុជា។
ភាគីទាំង២បានប្តេជ្ញាជំរុញការផ្សព្វផ្សាយ និងទាក់ទាញវិនិយោគមកកម្ពុជាដើម្បីចូលរួមចំណែកក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងក្របខណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៃប្រទេសទាំង២ កម្ពុជា-ចិន ឱ្យកាន់តែរីកចម្រើន និងមានទំហំកាន់ធំឡើង ជាពិសេសពីខេត្តជាំងស៊ូមកកម្ពុជា។
ក្នុងជំនួបជាមួយឯកឧត្តមបណ្ឌិត អ៊ិត សំហេង អតីតរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីខែមេសា ឆ្នាំ២០២៣ លោក ចិន ជានកាង (Chen Jiangang) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានថ្លែងថា កន្លងមកនេះ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានទាក់ទាញវិនិយោគិនជាច្រើនមកសិក្សានៅប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ ជាពិសេសតាមរយៈការទទួលគណៈប្រតិភូសំខាន់ៗទាំង២ គឺគណៈប្រតិភូក្រសួងការបរទេសចិន និងគណៈប្រតិភូសហគមន៍ជំរុញពាណិជ្ជកម្មទូទាំងប្រទេសចិន។
លោក ចិន ជានកាង បានថ្លែងថា៖ «ការអញ្ជើញមកទស្សនាទាំងអស់នេះ គឺបានបង្ហាញជាសញ្ញាថា រដ្ឋាភិបាលចិនបានបើកចំហការចេញចូលប្រទេសកាន់តែធំទូលាយ ហើយក៏កាន់តែមានទំនុកចិត្តថា វិនិយោគិនចិននឹងមកវិនិយោគនៅប្រទេសកម្ពុជាកាន់តែច្រើន»។
ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ក៏បានស្នើតាមរយៈក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីឱ្យវិទ្យាស្ថានមិត្តភាពកម្ពុជា-ចិន បង្កើនការវិនិយោគបន្ថែមទៅលើការបណ្ដុះបណ្ដាល ជាពិសេសសម្ភារៈ គ្រូបច្ចេកទេសវិជ្ជាជីវៈ ដើម្បីបង្កើនការបណ្ដុះបណ្ដាលធនធានមនុស្សបន្ថែមទៀតក្នុងការឆ្លើយតបនឹងតម្រូវការក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុផងដែរ។ដោយឡែក ក្នុងជំនួបជាមួយឯកឧត្តម នុត អ៊ុនវ័ណរា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ លោក ផាសុន ឡាម ប្រធានការិយាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មហុងកុង (HKETO) ប្រចាំទីក្រុងបាងកក ប្រទេសថៃ បានសន្យាថានឹងជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីច្បាប់ស្តីពីវិនិយោគកម្ពុជាជូនវិនិយោគិនហុងកុង។
លោក ផាសុន ឡាម បានបង្ហាញបំណងក្នុងការសហការជាមួយគណៈកម្មាធិការវិនិយោគកម្ពុជា តាមរយៈការរៀបចំសិក្ខាសាលាផ្សព្វផ្សាយនិងជំរុញវិនិយោគ វេទិកាធុរកិច្ច ពិព័រណ៍វិនិយោគនិងពាណិជ្ជកម្ម ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូហុងកុងមកកាន់កម្ពុជា និងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជាទៅកាន់ហុងកុង។
កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងសន្និសីទពិភពម៉ាឡាយូ ពិភពឥស្លាម (DMDI) នៅកម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានលើកទឹកចិត្តដល់សហគ្រិនជាសមាជិកពិភពម៉ាឡាយូ ពិភពឥស្លាម ដែលមាន២៣ប្រទេស ពិចារណាចូលមកវិនិយោគនៅកម្ពុជា ដោយហេតុថាកម្ពុជាផ្តល់ការលើកទឹកចិត្តខ្ពស់ដល់វិនិយោគិនទាំងអស់អាចចូលមកវិនិយោគដោយបើកចំហលើគ្រប់វិស័យ និងដោយគ្មានការរឹតបន្តឹងលើកម្មសិទ្ធិ។ កម្ពុជាក៏មានកម្លាំងពលកម្ម និងជំនាញសុទ្ធសឹងតែជាយុវជនវ័យក្មេង និងប្រកបដោយថាមពល៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា