រយៈពេល ៨ខែដើមឆ្នាំ២០២៣ ទេសចរអន្តរជាតិកើនឡើង ២៥០,៨% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ ប៉ុន្តែនៅថយចុះ ១៩,៧% ធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩

0

ភ្នំពេញ៖ សម្រាប់រយៈពេល៨ខែដើមឆ្នាំ២០២៣នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៣,៥ លាននាក់ កើនឡើង ២៥០,៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ ដោយឡែកបើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ គ្រាមុនវិបត្តិកូវីដ-១៩ យើងឃើញថា ចំនួននេះនៅមានការថយចុះ ១៩,៧% នៅឡើយ ពោលគឺយើងទើបតែទទួលបានទេសចរអន្តរជាតិប្រមាណ ៨០% នៃកម្រិតមុនវិបត្តិ សម្រាប់រយៈពេល៨ខែឆ្នាំ២០២៣នេះ។ នេះបើយោងតាមក្រសួងទេសចរណ៍។ ក្នុងរបាយការណ៍បានបញ្ជាក់ថា តាមការរំពឹងទុក កម្ពុជានឹងទទួលបានទេសចរអន្តរជាតិក្នុងរង្វង់ប្រមាណ៤,៥ លាន ទៅ ៥ លាននាក់សម្រាប់ពេញមួយឆ្នាំ២០២៣នេះ។

ក្នុងចំណោមទេសចរអន្តរជាតិប្រមាណ ៣,៥ លាននាក់ខាងលើ ទេសចរដែលចូលតាមផ្លូវអាកាសមានចំនួនប្រមាណ ១,២ លាននាក់ ដោយកើនឡើង ២០៦,១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២ ប៉ុន្តែបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ (មុនវិបត្តិកូវីដ-១៩) តួលេខនេះ នៅមានការថយចុះប្រមាណ ៦០,៩% នៅឡើយ។ ដូចគ្នានេះដែរ ចំនួនទេសចរអន្តរជាតិ ដែលចូលតាមផ្លូវគោក និងផ្លូវទឹកសម្រាប់រយៈពេល៨ខែឆ្នាំ២០២៣នេះ មានចំនួនប្រមាណ ២,២៨ លាននាក់។ ជាការកត់សម្គាល់ឃើញថា ទេសចរអន្តរជាតិភាគច្រើន មកតាមផ្លូវគោកពីប្រទេសជិតខាង ដែលជាទីផ្សារអាទិភាពដ៏សំខាន់មួយ ក្នុងដំណាក់កាលក្រោយវិបត្តិកូវីដ-១៩។

សូមបញ្ជាក់ផងដែរថា នាយកដ្ឋានស្ថិតិទេសចរណ៍ បានប្រមូលរៀបចំចងក្រងស្ថិតិទិន្នន័យទេសចរអន្តរជាតិ ពីគ្រប់ច្រកទ្វារអន្តរជាតិនិងច្រកទ្វារព្រំដែនអន្តរជាតិទូទាំងប្រទេស ដែលមានកិច្ចសហការផ្តល់ទិន្នន័យប្រចាំខែដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ៕

ប្រភព៖​ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា