កំពង់ឆ្នាំង៖ លោក ស៊្រន សំឫទ្ធីអភិបាលរងខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថា អភិបាលក្រុង ស្រុក ជាពិសេសមេប៉ុស្តិ៍រដ្ឋបាល និងមេឃុំ ជាអ្នកគ្រប់គ្រងផ្ទាល់នៅមូលដ្ឋា ន ត្រូវតែបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសឡូតូ, កន្ទុយលេខ, និងជល់មាន់តាមអនឡាញ ជាបន្ទាន់ តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ។
លោក ស៊្រន សំឫទ្ធី មានប្រសាសន៍បែបនេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំង ដែលប្រារព្ធធ្វើនៅស្រុកសាមគ្គីមានជ័យ នាថ្ងៃអង្គារ ១២កើត្រូវ ខែភទ្របទ ឆ្នាំថោះ បញ្ជស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីឆ្លុះបញ្ចាំងអំពីសកម្មភាពការងារ ពិសេសការងារសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបានលើកយកកំណត់ហេតុច្បាស់លាស់ឱ្យដឹងថា ខែមុនមានបញ្ហាអ្វីខ្លះដេលមិនទាន់បានដោះស្រាយជូនប្រជពលរដ្ឋ ? ។
ក្នុងកិច្ចប្រជុំនេះ ដែលមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាអភិបាលអភិបាលរងក្រុង ស្រុក កងកម្លាំងប្រដាប់អាវុអទាំង៣ប្រភេទ អាជ្ញាធរដែនដីឃុំ-សង្កាត់ ការិយាល័យជំនាញចំណុះស្រុក និងអ្នកពាក់ព័ន្ធនានាជាច្រើនរូបផងដែរត្រូវបានលោកអភិបាលរងខេត្តកំពង់ឆ្នាំង ស៊្រន សំឫទ្ធី កោតសរសើរដល់គណៈបញ្ជាការឯកភាពរបស់ស្រុក ដែលបានខិតខំបំពេញការងារនាពេលកន្លងមកសម្រេចបានលទ្ធផលល្អប្រសើរ ។ ពិសេសការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងបានទប់ស្កាត់បានយ៉ាងល្អប្រសើរនូវអំពើឆក់ប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសនានា ហើយត្រូវបន្ដខិតខំប្រឹងប្រែងបំពេញការងារទាំងអស់នេះ ឱ្យបានកាន់តែល្អថែមទៀត ។
លោកអភិបាលរងខេត្ត បានបន្តថា សម្រាប់អនុវត្តការបង្ក្រាបល្បែងស៊ីសងនេះ បើធ្វើមិនបាននោះមេប៉ុស្តិ៍មេឃុំ ត្រូវទទួលខុសត្រូវជាមួយស្រុក ក្រុង។ ក្រុងស្រុកត្រូវទទួលខុសត្រូវជាមួយខេត្ត និងស្នងការខេត្ត។ ចំណែកខេត្ត និងត្រូវទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល។ ត្រូវតែដឹកនាំបង្ក្រាបឱ្យអស់នូវបទល្មើសនេសាទខុសច្បាប់។ ត្រូវយកចិត្តទុកដាក់បន្តអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ។ អភិបាលក្រុង ស្រុកត្រូវពង្រឹងប៉ុស្តិ៍រដ្ឋបាល មេឃុំ-ចៅសង្កាត់ ប្រជាការពារ និងមេភូមិ។ ត្រូវមានប៉ុស្តិ៍ប្រចាំការ២៤ម៉ោងនៅតាមគោលដៅ ដោយរៀបចំទំនាក់ទំនងគ្នាតាមវិទ្យុទាក់ទងគ្រប់មូលដ្ឋាន ដើម្បីក្តាប់សភាពការណ៍ និងសហការគ្នាបង្ក្រាបបទល្មើស ឱ្យបានទាន់ពេលវេលា ។
លោក អភិបាលរងខេត្ត បានបញ្ជាក់ថា ត្រូវរៀបចំផែនការត្រៀមដោះស្រាយគ្រោះមហន្តរាយដោយកំណត់ឱ្យថ្នាក់ឃុំ-សង្កាត់ ជាពិសេសគណៈបញ្ជាការក្រុង ស្រុក ត្រូវបន្ដការថែរក្សាបរិស្ថាន និងសម្បត្តិធម្មជាតិឱ្យបានល្អដែលជាសក្ដានុពលទេសចរណ៍ នៅក្នុងខេត្តរបស់យើង ។ ត្រូវថែរក្សា និងរៀបចំរមណីយដ្ឋានធម្មជាតិ មានបរិស្ថានស្អាតជានិច្ច និងសូមកុំឱ្យមានការកាប់បំផ្លាញព្រៃឈើ សម្បត្តិធម្មជាតិ ការឆក់ត្រី នេសាទខុសច្បាប់ និងបរបាញ់សត្វព្រៃខុសច្បាប់ជាដើម ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា