ភ្នំពេញ៖ ការអនុវត្តច្បាប់ដោយគ្មានការលើកលែង និងបញ្ចប់វប្បធម៌ធ្វើកិច្ចសន្យាហើយដោះលែង គឺជាការមិនគោរពច្បាប់។ នេះគឺជាការថ្លែងបញ្ជាក់របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅចំពោះមុខ ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៅព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៣ នាទីស្តីការក្រសួង បរិស្ថាន។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា គ្រប់ករណីប្រព្រឹត្តិបទល្មើសទាំងឡាយ ឱ្យតែចាប់បានគឺមិនអនុញ្ញាតឱ្យធ្វើកិច្ចសន្យាហើយ ដោះលែងនោះទេ គឺត្រូវតែកសាងសំណុំរឿង និង ដាក់បន្តទៅតុលាជាដាច់ខាត ហើយប្រសិនជាករណីទាំងនោះ មានពាក់ព័ន្ធនឹងកត្តានយោបាយ សូមផ្តល់ព័ត៌មាន និងសិទ្ធិឱ្យឯកត្តមរដ្ឋមន្រ្តីជាអ្នកសម្រេច ។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ឱ្យដឹងពីការអនុវត្តភារកិច្ច កាតព្វកិច្ចរបស់មន្រ្តីក្រោមឱវាទឱ្យបានត្រឹមត្រូវហ្មត់ចត់ គឺដើម្បីលើកស្ទួយប្រសិទ្ធភាពការងារប្រកបដោយប្រសិទ្ធផល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលទី១នេះ ដែលក្រសួងបរិស្ថានបាននិងកំពុងអនុវត្តន៍រួចទៅហើយ លើអាទិភាពចំនួន៣ ទី១.កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក លើប្រធានបទ ” ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ “។ ទី២. ការបង្កើតថ្នាលបណ្តុះកូនឈើទូទាំងប្រទេសជាង ១លានដើម ក្នុងមួយឆ្នាំៗ សម្រាប់ចែកជូនប្រជាពលរដ្ឋដែលមានតម្រូវការដាំដើមឈើ និងទី៣. អេកូទេសចរណ៍នៅតាមតំបន់ការពារធម្មជាតិព្រៃសហគមន៍ ធ្វើយ៉ាងណារក្សាឱ្យបានគម្របព្រៃឈើ មាន អព្យាក្រឹតកាបូន និងលើកស្ទួយជីវភាពប្រជាពលរដ្ឋដោយចីរភាព (យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា ) ។

គួរជម្រាបជូនថា អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ មាននាយកដ្ឋានចំណុះចំនួន ៧ ដែលរួមមាន នាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ នាយដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងកើតទន្លេមគង្គ នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងជើងបឹងទន្លេសាប នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាប នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីសើម ទឹកសាប នាយកដ្ឋានអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ និងនាយកដ្ឋានអភិរក្សសមុទ្រ និងតំបន់ឆ្នេរ គ្រប់គ្រងលើតំបន់ការពារធម្មជាតិ ចំនួន៤៦០តំបន់ ដែលចាំបាច់ត្រូវមានការរួបរួមពីមន្រ្តីគ្រប់ជាន់ថ្នាក់ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមផងដែរ ក្នុងកិច្ចការពារ អភិរក្សធនធានធម្មជាតិ ដើម្បីសម្រេចឱ្យបានផែនការយុទ្ធសាស្រ្តរួមរបស់កម្ពុជា ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា