ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី បានដឹកនាំឥស្សរជននៃក្រសួងសង្គមកិច្ច ចុះទស្សនកិច្ច និងពិនិត្យវឌ្ឍនភាពរបស់មជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ នៅកែវផុស។
ក្នុងឱកាសសំណេះសំណាលជាមួយជនរងគ្រោះដែលទទួលសេវាបន្សាបគ្រឿងញៀននៅមជ្ឈមណ្ឌលខាងលើ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ជា សុមេធី បានមានប្រសាសន៍លើកទឹកចិត្តដល់អ្នកដែលកំពុងទទួលសេវាបន្សាបគ្រឿងញៀននៅកែវផុសឱ្យប្រឹងប្រែងហាត់កីឡា ហាត់ពត់ ឡុតដំខ្លួនឱ្យមានភាពអត់ធ្មត់ និងជឿជាក់ថាសង្គមមិនមានការរើសអើងដល់អ្នកដែលរងគ្រោះ ឬធ្លាប់ប្រើប្រាស់គ្រឿងញៀននោះឡើយ។
ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានបង្ហាញក្តីសង្ឃឹមថា ជនរងគ្រោះដែលកំពុងទទួលសេវាបន្សាបគ្រឿងញៀនក្នុងមជ្ឈមណ្ឌលជាតិកែវផុសនេះ នឹងឆាប់ជាសះស្បើយឆាប់បានជួបជុំគ្រួសារ និងផ្តាំផ្ញើរឱ្យបំភ្លេចរឿងចាស់ចោល ខិតខំកសាងអនាគតឱ្យក្លាយជាទំពាំងស្នងឬស្សី ក្លាយទៅជាមនុស្សល្អជាធនធានរបស់ប្រទេសជាតិ។ លោកក៏បាននាំយកការសួរសុខទុក្ខដល់អ្នករងគ្រោះ និងមន្រ្តីអនុវត្តការងារនៅមជ្ឈមណ្ឌលជាតិកែវផុស ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
គួរឱ្យដឹងដែរថា មជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ស្ថិតនៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ អាចទទួលជនរងគ្រោះបានសរុបចំនួន ២ ០០០នាក់។
មជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ មានតួនាទីជាសេនាធិការឱ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លើការងារបន្សាប ព្យាបាល អប់រំ ស្តារនីតិសម្បទា បណ្ដុះបណ្តាលវិជ្ជាជីវៈ និងធ្វើសមាហរណកម្មអ្នកជាសះស្បើយពីគ្រឿងញៀនចូលទៅក្នុងសហគមន៍ និងក្រុមគ្រួសារវិញ។
ទន្ទឹមនេះ មជ្ឈមណ្ឌលជាតិកែវផុសនេះ មានភារកិច្ច ទទួលយកអ្នកញៀនគ្រឿងញៀនគ្រប់ប្រភេទដោយស្ម័គ្រចិត្ត ឬក្រុមគ្រួសារ អាជ្ញាធរមាន សមត្ថកិច្ច អង្គការបញ្ជូនមក និងអ្នកដែលត្រូវបានបង្គាប់ឱ្យចូលខ្លួនព្យាបាលដោយស្ថាប័ន អយ្យការ ឬស្ថាប័នតុលាការ។ ផ្តល់សេវាបន្សាប ព្យាបាល ទាំងផ្លូវកាយ និងផ្លូវចិត្ត ដល់អ្នកញៀនគ្រឿងញៀនគ្រប់ប្រភេទ ដើម្បីឱ្យជនរងគ្រោះ ជាសះស្បើយតាមក្បួនវេជ្ជសាស្ត្រ ស្របតាមបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។
មជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ផ្តល់សេវាស្ដារនីតិសម្បទា និងបណ្តុះបណ្តាលវិជ្ជាជីវៈដល់អ្នកញៀនគ្រឿងញៀនឱ្យមានប្រក្រតីភាព និងទទួលបានចំណេះជំនាញមុននឹងធ្វើសមាហរណកម្មទៅក្នុងសហគមន៍ និងក្រុមគ្រួសារវិញ៕
ប្រភព៖ ក្រសួងព័ត៌មាន