ពោធិ៍សាត់៖ ក្រុមការងារ ប្រតិកម្មរហ័សរបស់អធិការដ្ឋាននគរបាលស្រុកបាកាន មានកិត្តិយស សូមធ្វេីការបំភ្លឺ និង បញ្ជាក់ជំរាបជូន សាធារណៈជន និង អ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក មេត្តាជ្រាបថា មានគណនីផេកហ្វេសប៊ុកឈ្មោះ Raiya Kung ដែលបានសរសេរមានខ្លឹមសារដើមថា លោកសុខចាន់ថនជាជំទប់ទី 2 ឃុំមេទឹកស្រុកបាកានខេត្តពោធិ៍សាត់ មកពីគណបក្សភ្លើងទាន ត្រូវបានជនមិនស្គាល់មុខលួចបាញ់បណ្ដាលឲ្យធ្លុះមួកការពារសុវត្ថិភាព តែសំណាងមិនមានរងរបួសដល់ក្បាលឡើយ ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី 20 ខែកញ្ញា ឆ្នាំ 2023 នៅម៉ោងប្រហែល 5 ល្ងាចមិញនេះ។ សូមបងប្អូនដែលជាសកម្មជនគណបក្សភ្លើងទាន មានការប្រុងប្រយ័ត្នទាំងអស់គ្នា ។ ក្រោយពីទទួលបាន ព័ត៌មាននេះភ្លាម លោកវរៈសេនីយ៍ឯក នាង វុធ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានដឹកនាំបញ្ជាភ្លាមៗ ឱ្យកម្លាំងប៉ុស្តិ៍សហការណ៍ជាមួយកម្លាំងជំនាញ ចុះធ្វើការស្រាវជ្រាវ និង ទំនាក់ទំនងទៅ លោកសុខ ចាន់ថន ជាជំទុកទី 2 ឃុំមេទឹក ស្រុកបាកាន មកពីគណបក្សភ្លើងទាន ដើម្បីសួរនាំដំណើររឿង ប៉ុន្តែនៅពេលក្រុមការងារយើងភ្ជាប់ទូរសព្ទទៅលោកសុខ ចាន់ ថន លោកឆ្លើយមកថាកំពុងជាប់រវល់ ក្រុមការងារយើងសុំគាត់បំភ្លឺមិនទាន់បាន ចំពោះរឿងនេះកើតឡើងគឺសមត្ថកិច្ចមូលដ្ឋានមិនបានដឹងទេដោយសារពេលកើតហេតុលោក សុខ ចាន់ថន មិនបានជូនដំណឹង ឬដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលឃុំមេទឹកឡើយ បច្ចុប្បន្នក្រុមការងារយើងកំពុងព្យាយាមសុំការបំភ្លឺពីលោកសុខចាន់ថនដើម្បីឲ្យដឹងហេតុការណ៍និងបន្តការស្រាវជ្រាវស្វែងរកជនល្មើសដើម្បីមកទទួលខុសត្រូវ និងចាត់ការតាមផ្លូវច្បាប់ ។
សំណូមពរដល់លោក សុខ ចាន់ថន សូមមេត្តា ចូលរួមសហការជាមួយសមត្ថកិច្ច។ សូមបញ្ជាក់ថារឿងហេតុនេះបើកើតឡើងពិតប្រាកដគឺជារឿងរបស់បុគ្គលមិនមែនជារឿងនយោបាយទេ។ ដូចច្នេះ សូមសាធារណៈជន និង អ្នកនិយមលេងបណ្តាញសង្គមហ្វេកបុកមេត្តាជ្រាប កុំអោយមានការភាន់ច្រលំ៕
ប្រភព៖ អធិការដ្ឋាននគរបាលស្រុកបាកាន