ឯកឧត្តម លី ធុជ៖ ចក្រភពអង់គ្លេស នៅតែគាំទ្រ និងបន្ដជួយកម្ពុជា លើគ្រប់វិស័យ ពិសេសវិស័យសកម្មភាពបោសសម្អាតមីន និងមនុស្សធម៌

0

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ ថា ចក្រភពអង់គ្លេសនៅតែគាំទ្រ និងបន្ដជួយកម្ពុជាលើគ្រប់វិស័យ ពិសេសវិស័យសកម្ម ភាពបោសសម្អាតមីន និងមនុស្សធម៌។

ឯកឧត្តមបណ្ឌិត លី ធុជ បានបញ្ជាក់បែបនេះ ខណៈឯកឧត្តម ទទួលជួបពិភាក្សា ការងារជាមួយឯកឧត្តម Domi nic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីទំនាក់ទំនងមិត្តភាព និងកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ដូចជាពាណិជ្ជកម្ម កិច្ចការបរទេស បរិស្ថាន អប់រំ និងសុខភាព ជាដើម ព្រមទាំងបានថ្លែងអំណរគុណដល់ ចក្រភពអង់គ្លេស ចំពោះការគាំទ្រ និងការផ្តល់ជំនួយដ៏មានតម្លៃសម្រាប់កម្ពុជា ក្នុងនោះរួមទាំងវិស័យ សកម្មភាពបោស សម្អាតមីនមនុស្សធម៌នៅកម្ពុជាផងដែរ។

​ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្ដថា ចក្រភពអង់គ្លេស បានចូលរួមជូយដល់កម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៨ ដែលរហូតមកដល់ពេលនេះ ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះ ពីសង្រ្គាមប្រមាណជាង ១៦០ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច ព្រម ទាំងរកឃើញ និងកម្ទេចចោលគ្រាប់មីនចំនួន ៦៧.៥៩០គ្រាប់ និងយុទ្ធភណ្ឌ មិនទាន់ផ្ទុះដទៃ ទៀតចំនួន៤៧.៧៨៨គ្រាប់។

​ក្នុងនាម រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តម បានថ្លែងអំណរគុណ ចំពោះ រដ្ឋាភិបាល និងប្រជាជន នៃចក្រភពអង់គ្លេស ចំពោះការគាំទ្រនេះ និងការតាំងចិត្តបន្ត ចូលរួមជួយដល់កម្ពុជាស្របតាមផែនការគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ ហើយកម្ពុជានៅ តែត្រូវការជាចាំបាច់ចំពោះការចូលរួមពីចក្រភពអង់គ្លេស និងបណ្តាដៃគូដទៃទៀត ក្នុងការ ដោះស្រាយហានិភ័យដែលនៅសេសសល់ពីសំណល់ជាតិផ្ទុះពីសង្រ្គាមក្រោយឆ្នាំ២០២៥។

​ឯកឧត្តម Dominic Williams បានបញ្ជាក់ថា ចក្រភពអង់គ្លេសនៅតែគាំទ្ររាល់ សកម្មភាពដំណើរការទៅមុខ ចំពោះផែនការសម្អាតមីន គ្មានមីននៅឆ្នាំ២០២៥។​ កន្លងមក យើងបានផ្តល់នូវកិច្ចសហការយ៉ាងល្អប្រសើរ ក្នុងការចូលរួមរបស់ចក្រភពអង់គ្លេស សម្រាប់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។

​ឯកឧត្តមបានបន្ដថា ពាក់ព័ន្ធនឹងការចូលរួមរបស់ចក្រភពអង់គ្លេសក្នុងគោលដៅ កម្ពុជា គ្មានមីនឆ្នាំ២០២៥ អង់គ្លេស បានរៀបចំផែនការ និងត្រៀមកញ្ចប់ថវិកា រួចរាល់ ហើយសម្រាប់ផែនការឆ្នាំ២០២៤ និងឆ្នាំ២០២៥ ក្នុងកិច្ចប្រតិបត្តិការសកម្មភាពមីន ដោយបាន ដាក់បញ្ចូលក្នុងផែនការសកម្មភាពរបស់អង្គការដោះមីនHALO Trust និង MAG នៅតែរង់ចាំ ការអនុម័តជាផ្លូវការរបស់រដ្ឋាភិបាលក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនោះទេ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា