រដ្ឋបាលខេត្តព្រះសីហនុ ពង្រឹងវិធានការលើការបញ្ចេញសំរាមឱ្យបានទៀងទាត់ និងទាន់ពេលវេលា

0

ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត​ព្រះសីហនុដឹកនាំកិច្ចប្រជុំ ពង្រឹង​វិធាន​ការបញ្ចេញសំរាមនៅក្នុងក្រុងព្រះសីហនុ ឱ្យបានទៀងទាត់ និងទាន់ពេលវេលា ដើម្បីធានាឱ្យមានបរិស្ថានស្អាត នៅក្នុងខេត្ដព្រះសីហនុ។ កិច្ចប្រជុំនេះ ធ្វើឡើង នាថ្ងៃ​ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាល​ក្រុងព្រះសីហនុ លោកប្រធានមន្ទីរពាក់ព័ន្ធ និងនាយកគ្រប់គ្រងប្រមូលសំរាម KSWM និង​អាជ្ញាធរពាក់ព័ន្ធនៅសាលាខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន បានធ្វើការជំរុញការបញ្ចេញ និងប្រមូលសំរាមឱ្យ​បាន​ទាន់​ពេល​វេលាឪ្យបានស្អាតនៅក្នុងទីក្រុងព្រះសីហនុ ដោយកំណត់ម៉ោងពេល​បញ្ចេញ​សំរាម និងការប្រមូលសំរាម បើមិនគោរពតាមការណែនាំ ដើម្បីធានាថា សំរាមមិននៅ​ពាស​វាល​ពាសកាល គ្នានសណ្តាប់ធ្នាប់ដោយ សារខ្វះស្មារតីឯកភាព។ ឯកឧត្តម​​អភិបាល​ខេត្ត​បាន​ធ្វើ​ការណែនាំនូវចំណុចមួយចំនួនមានដូចជា អាជ្ញាធរក្រុង និងក្រុមហ៊ុន KSWM ត្រូវរៀប​ចំផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ស្តីពីការបញ្ចេញសំរាមចាប់ពីម៉ោង៨ ដល់ ១០យប់ ក្រុមហ៊ុន​ប្រមូលសំរាមត្រូវមានភារ កិច្ចក្នុងការប្រមូលដឹកជញ្ជូនសំរាមចេញពីក្រុង ដោយ​ធានាការទទួលខុសត្រូវ។ ទន្ទឹមនេះ មន្ទីរបរិស្ថាន អាជ្ញាធរក្រុង សង្កាត់ ភូមិត្រូវចូលរួម​សហ​ការគ្នាឱ្យបានល្អ ក្នុងការពិនិត្យការបញ្ចេញ និងប្រមូលសំរាមតាមកាលវិភាគ​ជាក់​ស្តែងនៅក្នុងភូមិសាស្ត្រសង្កាត់ទាំង៤។

ឯកឧត្ដមក៏បានស្នើឱ្យអាជ្ញាធរក្រុង និងក្រុមហ៊ុនប្រមូលសំរាមត្រូវ​បង្កើតគ្រុប ព្រមទាំង​បំពាក់ GPS សម្រាប់ឡានដឹកសំរាម ងាយស្រួលត្រួតពិនិត្យ​តាម​ដាន​ដោះស្រាយបាន​ទាន់ពេលវេលា ចៀសវាងការឆ្លើយដាក់គ្នា ធ្វើឱ្យមានការកកស្ទះ​សំរាម​នៅតាមទីតាំង​ណា​មួយក្នុងក្រុងរបស់យើង។ ត្រូវថតគំនរសំរាមបង្ហោះចូលក្នុងគ្រុបការងារ និងចូលរួមកែ​ទម្លាប់ការបោះចោលសំរាមបែបអនាធិបតេយ្យមកជាសណ្តាប់ធ្នាប់ ក្រុមហ៊ុនត្រូវ​ដំឡើង​ផែនទីខ្សែផ្លូវនៅក្នុងក្រុង តាមដានគ្រប់គ្រងបញ្ហាសំរាមនៅក្នុងទីក្រុង។

ឯកឧត្ដមអភិបាលខេត្ដបានលើកឡើងថា ខេត្ដក៏មានទីលានផ្ទេរសំរាមបណ្តោះ​អាសន្ន សម្រាប់ធ្វើការដឹកជញ្ជូនចេញទៅទីលាន ត្រូវអនុវត្តន៍វិធានការអនុក្រិត្យ លេខ​១១៣ ស្តីពីការផាកពិន័យអន្តរកាលទៅតាមច្បាប់ក្រសួងបរិស្ថាន គ្របគ្រងប្រព័ន្ធទិន្នន័យ នៃការប្រមូលសំរាមមានលក្ខណវិទ្យាសាស្ត្រក្នុងក្រុងព្រះសីហនុ។ ក្រៅពីក្រុមហ៊ុនប្រមូលសំរាម KSWM ក៏មានក្រុមហ៊ុនប្រមូលកាកសំណល់សំណង់ ២ទៀត ដែលកំពុងប្រតិបត្តិការ​ក្នុងក្រុងព្រះសីហនុ ដោយការទទួលខុសត្រូវ ហើយត្រូវបើកយុទ្ធនាការអប់រំផ្សព្វផ្សាយ ចុះបិទស្ទីកឃ័រនៅតាមខ្នងផ្ទះប្រជាពលរដ្ឋ ស្តីពីការបញ្ចេញ និងប្រមូលសំរាម ទាក់ទង​សំរាម​នៅតាមផ្លូវតូចៗ ពិសេសប្រជាពលរដ្ឋអាចបញ្ចេញសំរាមដោយខ្លួនឯងនៅម៉ោង ៨ដល់ ១០យប់ ឱ្យមានតម្លាភាព។

ឯកឧត្ដម គួច ចំរើន ក៏បានណែនាំត្រូវឯកភាពគ្នាតាមកម្មវិធីនៃការបញ្ចេញសំរាម និងការប្រមួលសំរាម ដើម្បីសោភណភាពក្រុងព្រះសីហនុស្អាត បៃតង ហើយអ្នកដែល​មិន​បានចូលរួមនៅតែបំពាននឹងត្រូវធ្វើការផាកពិន័យតាមអនុក្រឹត្យលេខ១១៣៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា