ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានថ្លែងថា ការរក្សាទុកអ្នកជំនាន់មុនជាទីប្រឹក្សា គឺដើម្បីផ្ទេរចំណេះនិងជំនាញរបស់លោក អ៊ុំ ពូ មីង ដែលមានវ័យចំណាស់ មកឱ្យក្មេងជំនាន់ក្រោយ ដែលជាការរក្សានូវអ្វីដែលជាចំណេះជំនាញនៅក្នុងក្រោមខណ្ឌក្រសួងព័ត៌មាន ពីជំនាន់មួយ ទៅជំនាន់មួយទៀត ។ ការថ្លែងរបស់ឯកឧត្ដមរដ្ឋមន្ដ្រីបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយទីប្រឹក្សាក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលចតុម្មុខមង្គល ក្រសួងព័ត៌មាន ដើម្បីពិនិត្យមើលពីសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេលកន្លងមក ក្តោបក្តាប់បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយឆ្លើយតប ព្រមទាំងគិតគូរួមគ្នាពីចក្ខុវិស័យវែងឆ្ងាយ ក្នុងគោលដៅប្រែក្លាយក្រសួងព័ត៌មាន ឱ្យទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលដែល សកម្ម បុរេសកម្ម អន្តរសកម្ម ហើយប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ។
ឯកឧត្តម នេត្រ ភក្ត្រា បានគួសបញ្ជាក់ថា សម្រាប់មន្ត្រីរាជការដែលបានបំពេញកិច្ចការងារតាំងពីគ្រាលំបាក រហូតមកចូលនិវត្តន៍ គឺមនុស្សសំខាន់សម្រាប់មន្ត្រីជំនាន់ក្រោយ ហើយបើសិនជាគាត់មិននៅជាទីប្រឹក្សាក្នុងការផ្តល់យោបល់ផ្នែកបច្ចេកទេសនោះទេគឺនឹងជួបការលំបាក។ ឯកឧត្ដមរដ្ឋមន្ដ្រីបានថ្លែងបញ្ជាក់ថា សម្រាប់មន្ត្រីរាជការដែលបានបំពេញកិច្ចការងារតាំងពីគ្រាលំបាកឆ្នាំ១៩៧៩ រហូតមកចូលនិវត្តន៍ គឺមនុស្សសំខាន់សម្រាប់មន្ត្រីជំនាន់ក្រោយនេះដកស្រង់បទពិសោធន៍ការងារ ជាជន្ទល់រឹងមាំ បើសិនជាគាត់មិននៅជាទីប្រឹក្សាក្នុងការផ្តល់យោបល់ផ្នែកបច្ចេកទេសនោះទេគឺនឹងជួបការលំបាក ។ ឯកឧត្តមរដ្ឋមន្ត្រីបានចាត់ទុកអ៊ុំ ពូ មីង អ្នកជំនាន់ដែលនៅមកដល់បច្ចុប្បន្ននេះ គឺជាបេតិកភណ្ឌរស់ ជាវចនានុក្រមបច្ចេកទេសរបស់ក្រសួងព័ត៌មាន ដែលរស់ ព្រោះក្មេងៗជំនាន់ក្រោយមិនចាំបាច់ទៅសិក្សាច្រើនលើកិច្ចការងារខ្លះនោះទេ គ្រាន់តែសួរ មតិយោបល់របស់គាត់នោះការងារនឹងដំណើរការទៅលឿន។
ឯកឧត្ដម នេត្រ ភក្ដ្រា បានលើកឡើងថា ការផ្តល់ងារជាទីប្រឹក្សានេះដែរ គឺជាការផ្តល់នូវកិត្តិយសដល់ អ្នកជំនាន់មុនដែលបានបំពេញការងារតាំងពីឆ្នាំ១៩៧៩ មកបានលះបង់គ្រប់បែបយ៉ាង តស៊ូរហូតមកពេលនេះ ដើម្បីផលប្រយោជន៍ប្រទេសជាតិ ។ ទន្ទឹមនេះ ឯកឧត្តម បានរម្លឹកឡើងវិញពីព្រះរាជក្រឹត្យស្តីពីគោលការណ៍សម្រាប់ការតែងតាំងទីប្រឹក្សា និងជំនួយការ នៅក្នុងអង្គការនីតិប្រតិបត្តិ ដោយក្នុងព្រះរាជក្រឹត្យនេះ កំណត់អំពីគោលការណ៍ លក្ខខណ្ឌ និងបែបបទសម្រាប់ការតែងតាំងទីប្រឹក្សា និងជំនួយការ នៅក្នុងអង្គការនីតិប្រតិបត្តិ ក្នុងគោលបំណងពង្រឹងគោលការណ៍ឋានានុក្រមរដ្ឋបាល សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារក្នុងរដ្ឋបាលសាធារណៈ ក៏ដូចជា លើកកម្ពស់ប្រសិទ្ធភាពការងាររបស់ទីប្រឹក្សា និងជំនួយការនៅក្នុងអង្គការ នីតិប្រតិបត្តិ។
ឯកឧត្តមរដ្ឋមន្ដ្រីបានបន្ថែមថា ក្រៅពីការបែងចែកភារកិច្ចតាមមុខជំនាញដល់ថ្នាក់ដឹកនាំជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការទាំងអស់រួចមក ដោយឡែកចំពោះ ទីប្រឹក្សា និងជំនួយការក្រសួងព័ត៌មាន ក៏ត្រូវបែងចែកភារកិច្ចផងដែរ ព្រោះជាការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលអាណត្តិទី៧។ ឯកឧត្ដមរដ្ឋមន្ដ្រីក៏បានជំរុញដល់ទីប្រឹក្សាក្រសួងព័ត៌មានទាំងអស់ ត្រូវមានការចូលរួមទាំងអស់គ្នា ក្នុងការបំពេញតូនាទី ឱ្យមានប្រសិទ្ធភាព តាមរយៈចក្ខុវិស័យ គឺធ្វើយ៉ាងណាប្រែក្លាយក្រសួងព័ត៌មាន ឱ្យទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលមួយដែលប្រកបដោយ បុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងគុណភាព។ ស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល គឺសំដៅទៅលើច្រកចេញ-ចូលនៃទំនាក់ទំនងព័ត៌មានរវាងរដ្ឋាភិបាលនិងសាធារណជន គឺសំដៅទៅលើប្រជាពលរដ្ឋទូទៅ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា