រដ្ឋាភិបាលបារាំង ប្រកាសថា នឹងគាំទ្រដល់វិស័យអភិវឌ្ឍន៍ជនបទបន្ថែមទៀត

0

ភ្នំពេញ​៖ លោកស្រី Sandrine Boucher នាយិកា​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ (AFD) ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាស និង​បង្ហាញ​ក្ដី​សង្ឃឹមថា ក្នុង​អាណត្តិ​ថ្មី​នេះ កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​បារាំង នឹង​មាន​ភាព​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត ហើយ​រដ្ឋាភិបាល​បារាំង នឹង​គាំទ្រ​ដល់​វិស័យ​អភិវឌ្ឍន៍ជនបទ​បន្ថែម​ទៀត​តាម​ការ​ស្នើ​សុំ​របស់​ក្រសួង​។ ការ​លើក​ឡើង​របស់​នាយិកា​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ​នេះ ក្នុង​ឱកាស​ដែល​ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​បារាំង​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​និង​លោកស្រី Sandrine Boucher នាយិកា​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ (AFD) ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​សហការី​ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា ការងារ នា​រសៀល​ថ្ងៃ​ចន្ទ ៤​កើត ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃ ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ទីស្តីការក្រសួង​។ លោកស្រី Sandrine Boucher នាយិកា​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ (AFD) ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​លើក​ឡើង​ពី​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ រវាង​ក្រសួង អភិវឌ្ឍន៍ជនបទ និង AFD​។

ក្នុង​ឱកាស​នោះ ឯកឧត្តម ឆាយ ឫទ្ធិ​សែន បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​បារាំង តាម​រយៈ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ (AFD) ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តែងតែមាន​កិច្ច​សហប្រតិបត្តិការ និង​ផ្តល់​ជា​ជំនួយ​មក​កម្ពុជា តាំងពី​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៦​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជម្រាប​ជូន ឯកឧត្តម ឯកអគ្គរដ្ឋទូត និង​លោកស្រី​នាយិកា បន្ថែម​ទៀត​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ របស់​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧ ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់​ចេញ​នូវ​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​ដើម្បី​ព​ន្លឿ​ន​ការ​អភិវឌ្ឍ​ឈាន​ឆ្ពោះទៅ​កាន់​ចក្ខុវិស័យ​កម្ពុជា ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​មាន​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។ ដោយ​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ដំណាក់កាល​ទី​១ ដើម្បី​កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព ដោយ​ផ្អែក​លើ​វិស័យ​អាទិភាព​ចំនួន​៥ រួម​មាន មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​លើក​ឡើង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ ក្នុង​នោះ ក្រសួង​បាន​រៀបចំ​កម្មវិធី​អាទិភាព​របស់​ខ្លួន​ចំនួន​៤ រួម​មាន​៖

១. អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ដ និង​គមនាគមន៍ សំដៅ​ពង្រីក​វិសាលភាព​ប្រព័ន្ធ​ផ្លូវ​នៅ​ជនបទ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ទៅ​ដល់ទី​ជនបទ​។ ២. កែ​លម្អ​លក្ខខណ្ឌ​នៃ​ការ​រស់នៅ​របស់​សហគមន៍​ជនបទ តាម​រយៈ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ប្រើប្រាស់​គ្រប់គ្រាន់ រក្សា​បាន​នូវ​អនាម័យ ដោយ​មាន​បង្គន់​ប្រើប្រាស់​គ្រប់គ្រាន់ និង​អប់រំ​ផ្លាស់​ប្តូរ​ឥរិយាបថ ឈាន​ទៅ​បញ្ចប់​ការ​បន្ទោបង់​ពាស​វាល​ពាស​កាល (ODF)​។ ៣. ពិពិធ​កម្ម​សកម្មភាព​សេដ្ឋកិច្ច​ជនបទ បន្ត​លើកកម្ពស់​សេដ្ឋកិច្ច​ជនបទ តាម​រយៈ​ការ​បណ្តុះបណ្តាល​ជំនាញ​មូលដ្ឋាន​ដល់​ប្រជាពលរដ្ឋ ដើម្បី​បង្កើត​មុខរបរ​ផ្សេង​ទៀត​ក្រៅពី​មុខរបរ​កសិកម្ម ។ ៤. ពង្រឹង​សេវា​គាំទ្រ​រដ្ឋបាល និង​កិច្ចការ​ទូទៅ ដើម្បី​ពង្រឹង​ស្ថាប័ន​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ សំដៅ​បង្កើន​ប្រសិទ្ធភាព សុចរិត​ភាព និង​ការ​ទទួលខុសត្រូវ ក្នុង​ការ​បំពេញការងារ​ជូន​ប្រជាពលរដ្ឋ​កាន់តែ​ល្អ និង​ឆាប់រហ័ស​ជាង​មុន​បន្ថែម​ទៀត​។

ឯកឧត្តម Jacques Pellet បាន​សម្ដែង​ការ​អបអរសាទរ​ចំពោះ ឯកឧត្តម​រដ្ឋមន្ត្រី ដែល​ទទួល​បាន​សេចក្តី​ទុកចិត្ត​ពី​រដ្ឋសភា​នីតិកាល​ទី​៧ និង​ត្រូវ​បាន​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រាស់​បង្គាប់​តែងតាំង​ជា​រដ្ឋមន្ត្រី នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ ក្នុង​អាណត្តិ​ថ្មី​នេះ​។ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​លើក​ឡើង​ពី​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​រដ្ឋាភិបាល​បារាំង និង​រាជរដ្ឋាភិបាល​កម្ពុ​ជានា​ពេល​កន្លង​មក ដោយ​មានការ​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ដ ក៏​ដូច​ជា​ជួយ​ក្នុង​វិស័យ​អប់រំ តាម​រយៈ​ការ​ផ្តល់​អាហារូបករណ៍ ជូន​ដល់​និស្សិត​កម្ពុជា​ជា​ច្រើន​ផង​ដែរ​។
ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ភាគី​បារាំង​ដែល​គាំទ្រ​ដល់​វិស័យ​អភិវឌ្ឍន៍ជនបទ​នៅ​កម្ពុជា​៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា