គិតត្រឹមថ្ងៃទី៣១ ខែសីហា នេះ ផ្លូវជាតិលេខ៤៨ សម្រេចការសាងសង់បាន ជាង៣៥% ហើយ

0

កោះកុង​៖ គណ​:​ប្រតិភូ​អន្តរក្រសួង បាន​ចុះ​ត្រួតពិនិត្យ​គុណភាព និង​វឌ្ឍនភាព​ការ​សាងសង់​ផ្លូវជាតិ​លេខ ៤៨ កាលពី​ថ្ងៃ​ទី ៣១ សីហា ២០២៣ ក្នុង​គោលបំណង ធ្វើការ​តាមដាន​ការ​សាងសង់ ដើម្បី​ធានា​ថា ក្រុមហ៊ុន​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​ដែល​បាន​កំណត់ សំដៅ​ឱ្យ​ខ្សែ​ផ្លូវ​មានគុណ​ភាព អាច​ប្រើប្រាស់​បាន​យូរអង្វែង​។

គណ​:​ប្រតិភូ​ចុះ​ត្រួតពិនិត្យ​រួម​លេ​ី​ក​ទី​៣​នេះ ដឹកនាំ​ដោយ ឯកឧត្តម​សូរ វ៉ិ​ច​ទ័​រ រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មូលនិធិ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច (EDCF) អង្គភាព​ពាក់ព័ន្ធ ព្រមទាំង​ក្រុមការងារ​បច្ចេកទេស​របស់​ក្រុមហ៊ុន​សាងសង់​កូរ៉េ ILSUNG & HANIL Joint Venture និង​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture ផង​ដែរ​។

ជា​លទ្ធផល គិត​ត្រឹម​ថ្ងៃ​ទី​៣១ ខែសីហា នេះ ផ្លូវជាតិ​លេខ​៤៨ សម្រេចការ​សាងសង់​បាន ប្រមាណ ៣៥%​ហើយ​។ តួលេខ​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា គម្រោង​កំពុង​មាន​វឌ្ឍនភាព បើ​ទោះជា​មាន​ភាព​យឺតយ៉ាវ​ជាង​ផែនការ​បន្តិច​ក៏​ដោយ​។ ភាពយឺត​យ៉ាវ​នេះ​បណ្តាល​មក​ពី​កត្តា​ភូមិសាស្ត្រ កត្តា​អាកាសធាតុ បញ្ហា​កូ​វី​ដ​១៩ និង​ការ​ប្រែប្រួល​បន្ថែម​ទំហំ​ការងារ​មួយ​ចំនួន​។ ជា​ការ​ឆ្លើយ​តប ទៅ​លើ​ភាពយឺត​យ៉ាវ ក្រុមហ៊ុន​អនុវត្ត​ការ​សាងសង់​បាន​ស្នើ​សុំ​ពន្យា​ពេល​ចំនួន ១០​ខែ ដោយ​គ្រោង​បញ្ចប់​នៅ​ខែមេសា ឆ្នាំ​២០២៥​ខាង​មុខ​។ ឯកឧត្តម​រដ្ឋលេខាធិការ ក៏​បាន​ក្រើន​រលឹក​ដល់ក្រុមហ៊ុន​សាងសង់ និង​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស ត្រូវ​អនុវត្ត​ការងារ​សាងសង់​គម្រោង​ឱ្យ​បាន​ចប់​រួចរាល់ តាម​ផែនការ​ដែល​បាន​ស្នើ​សុំ​។

ជាមួយ​គ្នា​នេះ ឯកឧត្តម​រដ្ឋលេខាធិការ ក៏​បាន​ចុះ​សិក្សា​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​លើក​កម្រិត​គុណភាព​កំណាត់​ផ្លូវជាតិ​លេខ ៤៨ ដែល​នៅ​សល់​ប្រវែង ៧,៨​គីឡូម៉ែត្រ ចាប់ពី​គល់​ស្ពាន​កោះកុង រហូត​ដល់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ចាំ​យាម​-​ក្លង​យ៉ៃ និង​គម្រោង​ស្ថាបនា​ស្ពាន​កោះកុង​ថ្មី អម​ស្ពាន​ចាស់ ដែល​មាន​ប្រវែង​ប្រមាណ ១៩០០​ម​ផង​ដែរ​៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

May be an image of roadMay be an image of 3 people and textMay be an image of the Panama Canal and roadMay be an image of 2 people, map and text