ស្លឹកតើយ ឬតយមានគុណប្រយោជន៍យ៉ាងខ្លំាងសម្រាប់គ្រឿងផ្សំធ្វើបង្អែមនិងជំនួយផ្នែកសុខភាព

0

ភ្នំពេញ៖ ស្លឹកតើយឬតយមានគុណប្រយោជន៍យ៉ាងខ្លំាងសម្រាប់គ្រឿងផ្សំធ្វើបង្អែមនិងជំនួយផ្នែកសុខភាព ហើយប្រជាពលរដ្ឋ ចូលចិត្តយកមកប្រើប្រាស់ ដោយវាមានក្លិនក្រអូបប្រហើរ និងក៍ជាឪសថព្យាបាលរោគផង   ។

លោក ចាប សុភក្រ័ ជាអ្នកដាំស្លឹកតើយ នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ស្លឹកតើយត្រូវគេយកមកប្រើប្រាស់ជាគ្រឿងផ្សំសម្រាប់ធ្វើជាបង្អែមដូចជានំបាញ់ឌុក នំច័ក្កច័ន លត ទឹកសណ្តែក ពណ៌ខៀវ ហើយក៏អាចយកស្លឹកតើយមកដាក់ក្នុងបាយដែលកំពុងផ្ងំ ដើម្បីឱ្យមានក្លិនក្រអូបប្រហើរ ហើយក៏អាចយក មកប្រើប្រាស់តាមតម្រូវការផ្សេងៗទៀតដែរ។ បន្ថែមពីនេះទៀត ស្លឹកតើយក៏អាចយកមកធ្វើជាតែ សម្រាប់បរិភោគ ថែមទៀតផង។

លោកបន្តថា ចំណែកឫសរបស់វា អាចយកមកដាំទឹកពិសាជួយបញ្ចុះជាតិស្ករសម្រាប់អ្នកទឹកនោមផ្អែម បំបាត់រោគទាស់ នោម ព្យាបាលរលាកក្រលៀន រលាកថ្លើម ការពារជំងឺបេះដូង ព្យាបាលគ្រុនផ្តាសាយនិងបំប៉នកម្លាំង និងគេចផុតពី សារធាតុគីមីដែលតែងតែយកមកដាក់ក្នុងបង្អែមឬភេសជ្ជៈផ្សេងៗ។

លោកបានបញ្ជាក់ថា ដោយឃើញពីគុណប្រយោជន៍នៃស្លឹកតើយដ៏ច្រើនលើសលុបនេះ លោកបានសម្រេចចិត្តដំា ស្លឹកតើយនេះនៅក្នុងចម្ការដែលមានទំហំផ្ទៃដីជាង១០០០ម៉ែត្រក្រឡា  ដើម្បីបំពេញតម្រូវការទីផ្សារ និងបានចំណូល បន្ថែមសម្រាប់ផ្គត់ផ្គង់ក្នុងក្រុមគ្រួសារ។ សូមបញ្ជាក់ថា ស្លឹកតើយឬតយគឺជាឈ្មោះប្រទាលមួយប្រភេទ ស្ថិតក្នុងពពួក រំចេករុក្ខជាតិ ដែល មានពណ៌បៃតងស្រស់មានក្លិនក្រអូបប្រហើរ ហើយប្រជាពលរដ្ឋនិយមដំានៅក្បែរអណ្តូងទឹក ឬតាមប្រឡាយក្បែរផ្ទះ ព្រោះរុក្ខជាតិប្រភេទនេះត្រូវការទឹកខ្លាំង៕

ប្រភព៖ ក្រសួងព័ត៌មាន