កំពង់ធំ៖ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៤ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក គឹម សុខមករា អធិការនគរបាលក្រុងស្ទឹងសែន បានថ្លែងថា នៅថ្ងៃទី ១៣ ខែ មិថុនាឆ្នាំ២០២៣ វេលាម៉ោង ២១និង០៥នាទី តាមបណ្ដោយផ្លូជាតិលេខ ៦A ចំណុច មុខផ្សារត្រពាំងវែង ភូមិពោធិ៍សែនស្នាយ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន មានករណី លួច(ឆក់) មានស្ថានទម្ងន់ទោសកើតឡើងចំនួន០១ លើកបណ្តាលឲ្យមាន ជនរងគ្រោះចំនួន ០៣នាក់ ក្នុងនោះអ្នកបើកបរម្នាក់ និងអ្នករួមដំណើរចំនួន ០២នាក់ ។
បន្ទាប់ពីទទួលបានពត៌មាន ករណីខាងលើនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត និងដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ស៉ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងនគរបាល បានប្រើប្រាស់វិធានការជំនាញ ឈានទៅឃាត់ជនសង្ស័យម្នាក់ ឈ្មោះ ពិន ស៊ីថុល ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទួលវិហារ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ដកហូតវត្ថុតាងបាន ម៉ូតូចំនួន ០១ គ្រឿង ម៉ាក់ហុងដាឌ្រីម ពណ៌ ខ្មៅ សេរីឆ្នាំ 2022 លេខម៉ាស៊ីនND125ME-6403264 ផ្លាកលេខកំពង់ធំ 1S- 4055 និងទូរស័ព្ទដៃចំនួន០១គ្រឿង។
លោក គឹម សុខមករា បានបញ្ជាក់ថា ករណីខាងលើនេះមន្ត្រីនគរបាលជំនាញ បញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាង ទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ