ទំនាស់ក្នុងវង់ផឹក យកកាំបិតកាប់ឪពុកមារបស់ខ្លួន ២កាំបិត

0

បាត់ដំបង៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៩និង៣០នាទី នៅចំណុចទួលព្រិច ភូមិ ឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថាន ទម្ងន់ទោស (ប្រើប្រាស់កាំបិត) មួយកើតឡើង បង្កដោយជនសង្ស័យម្នាក់ឈ្មោះ ឈាន ឆេង ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង បានប្រើប្រាស់កាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះដែលត្រូវជាឪពុកមារបស់ខ្លួនឈ្មោះ តែង រ៉ាន់ អាយុ៤៤ ឆ្នាំ រស់នៅភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ចំនួន ០២កាំបិត បណ្តាលឲ្យរង បួសថ្ងាស០១កន្លែង និងរបួសថ្គាមខាងឆ្វេងរហូតដល់ស្លឹកត្រចៀក ០១កន្លែង។

ក្រោយទទួលព័ត៌មាន ដោយអនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋានស្រុកបាណន់ ដឹកនាំដោយលោកវរសេនីយ៍ទោ សំ វីរះ អធិការនគរបាលស្រុកបាណន់ បានចុះធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យខាងលើ មកកាន់អធិការដ្ឋាននគរបាលស្រុកបាណន់ ដើម្បីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថាពិតជាបានធ្វើសកម្មភាពប្រើប្រាស់កាំបិតកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។ សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា ករណីហិង្សាខាងលើនេះគឺបណ្តាលមកពីទំនាស់ពាក្យសម្តីគ្នាក្នុងពេលកំពុងផឹកស្រាជាមួយគ្នា។ សម្ភារៈដកហូតបាន កាំបិតតាំងតោ ចំនួន ០១ ។

នាពេលនេះ ជនសង្ស័យខាងលើត្រូវសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់៕

ប្រភព៖​ អគ្គស្នងការដ្ឋាននគរបាលជាតិ