ពីរនាក់ប្ដីប្រពន្ធជនជាតិចិន ម្ចាស់គ្លីនិកព្យាបាលជំងឺ ប៉ ខាង យកសពអ្នកជំងឺជនជាតិកូរ៉េដែលស្លាប់ក្នុងគ្លីនិកខ្លួនរុំកន្ទេល បោះចោលនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល

0

កណ្តាល៖ ករណី ប្រទះ​ឃើញ​សាកសព​មនុស្ស​ស្រី​រុំ​កន្ទេល ផ្លុ​ង​ចោល​នៅ​ចំណុច​ភូមិ​ឆ្មា​ពួន ឃុំ​ជើង​កើប ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ត្រូវ​បាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ធ្វើការ​ស្រាវជ្រាវ បង្ក្រាប​បាន​ហើយ​។ កាលពី​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២៣ មាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ សាកសព​នារី​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ ត្រូវ​បាន​គេ​រុំ​កន្ទេល​យក​មក​ផ្លុ​ង​ចោល​នៅ​រណ្តៅ​ដី​ជីក​ដាក់​លូ នៅ​ក្នុង​បូ​រី​កាង​ម៉េ​ង ស្ថិត​នៅ​ភូមិ​ឆ្មា​ពួន ឃុំ​ជើង​កើប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។

ដោយ​មានការ​ចង្អុលបង្ហាញ​ពី​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ង អគ្គស្នងការ​នគរបាល​ជាតិ​, ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​បញ្ជា​ឲ្យ​បើក​ការ​ស្រាវជ្រាវ និង​បង្ក្រាប​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នី​រ័​ត្ន និង​លោក​វរសេនីយ៍ឯក ហែម បូ​ណា អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ដឹកនាំ​កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដោយ​ដឹកនាំ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល និង​ស្នងការដ្ឋាន​នគររាជ​ធានី​ភ្នំពេញ ធ្វេ​ី​ការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ២​នាក់ ដែល​ជា​ម្ចាស់​គ្លីនិក​ពិគ្រោះ​ជំងឺ ប៉ ខាង ដូច​ខាងក្រោម​៖

​ទី​១៖ ឈ្មោះ LAI WENSHAO ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​ប្តី
ទី​២៖ ឈ្មោះ CAI HUIJUAN ភេទ ស្រី អាយុ​៣៩​ឆ្នាំ ជា​ប្រពន្ធ​។ សាកសព​ជន​រង​គ្រោះ​មានឈ្មោះ BYIN A YEON ភេទ​ស្រី ជនជាតិ​កូរ៉េ​។

ជនសង្ស័យ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​បាន​សារភាព​ថា កាលពី​ថ្ងៃ​ទី ០៤ ខែ មិថុនា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៧៖៥៤​នាទី ជន​រង​គ្រោះ​ឈ្មោះ BYIN A YEONG ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជនជាតិ​កូរ៉េ បាន​ចូល​មក​សម្រាក​ព្យាបាល​នៅ​គ្លីនិក​របស់​ខ្លួន​ដោយ​ចាក់​សារ៉ូ​ម ប្រភេទ SHENG LI YAN SHUI អស់​ចំនួន​០២​ប្លោក ស្រាប់តែ​ធ្វើ​ជន​រង​គ្រោះ​ប្រកាច់​ស្លាប់​នៅ​ក្នុង​គ្លីនិក​របស់​ពួក​ខ្លួន​តែ​ម្ដង​។

ឃើញ​ដូច្នេះ​ជនសង្ស័យ​ដែល​ជា​ម្ចាស់​គ្លីនិក ក៏​បាន​រៀបចំ​យក​សាកសព​ជន​រង​គ្រោះ​រុំ​កន្ទេល ពណ៌​ក្រហម នឹង​ចងខ្សែ ដឹក​សព​ជន​រង​គ្រោះ តាម​មធ្យោបាយ​រថយន្ត​ម៉ាក Prius ពណ៌​ខៀវ ផលិត​ឆ្នាំ​2007 ពាក់​ស្លាក​លេ ភ្នំពេញ​2BR-9717 ចេញពី​គ្លីនិក​របស់​ខ្លួន​ដែល​មាន​អា​ស័​យ​ដ្ឋា​ន​នៅ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ព្រែក​ហូរ ផ្លូវជាតិ​លេខ​២ ចុះ​តាម​ខ្លោងទ្វារ បុរី កាំ​ង​ម៉េ​ង ទៅ​ទម្លាក់​ចោល​ក្បែរ​មាត់​លូ ស្ថិត​នៅ​ភូមិ​ឆ្មា​ពួន ឃុំ​ជើង​កើប ស្រុក​កណ្តាលស្ទឹង ខេត្ដកណ្ដាល​។

បច្ចុប្បន្ន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​ទាំង​ពីរ​នាក់ ខាងលើ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ប្រភព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ