ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការសិក្សានៅផ្លូវល្បឿនលឿនតភ្ជាប់ភ្នំពេញ ទៅកាន់ខេត្តសៀមរាប និងពីខេត្តសៀមរាបទៅកាន់ទីក្រុងប៉ោប៉ែត ខេត្ដបន្ថាយមានជ័យ នឹងត្រូវចុះហត្ថលេខា នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ។
ក្នុងពិធីបើកការដ្ឋានសាងសង់ នាព្រឹកថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២៣ ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២៣ ដែលជាផ្លូវល្បឿនលឿនទីពីររបស់កម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ទើបតែត្រូវបានបើកឱ្យប្រើប្រាស់ជាផ្លូវការក្នុងរយៈពេលប្រមាណជាងកន្លះឆ្នាំមកនោះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «ម្សិលមិញនេះ ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានធ្វើលិខតបន្ទាន់មួយឱ្យមកសម្ដេចថាបន្ទាប់ពីផ្លូវល្បឿនលឿននេះ បើកការដ្ឋានថ្ងៃនេះ យើងនឹងផ្ដើមចុះហត្ថលេខានៅម៉ោង២ រសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ អំពីការសិក្សានៅផ្លូវល្បឿនលឿនតភ្ជាប់ភ្នំពេញ ទៅកាន់ខេត្តសៀមរាប និងពីខេត្តសៀមរាបទៅកាន់ទីក្រុងប៉ោប៉ែត»។ សម្ដេចតេជោបានបន្តថា ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ជាប្រភេទផ្លូវល្បឿនលឿន វាផ្ដល់ឱកាសនិងអត្ថប្រយោជន៍ច្រើនដល់ប្រជាពលរដ្ឋ។ សម្ដេចតេជោលើកឡើងថា ការកសាងផ្លូវល្បឿនលឿនរវាងទីក្រុងភ្នំពេញជាមួយនឹងក្រុងបាវិត និងតភ្ជាប់ជាមួយទៅផ្លូវល្បឿនលឿនរបស់វៀតណាម ដែលវៀតណាមក៏នឹងកសាងផ្លូវល្បឿនលឿនចេញពីទីក្រុងហូជីមិញ មកភ្ជាប់ផ្លូវល្បឿនលឿនជាមួយកម្ពុជាផងដែរ។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានគូសបញ្ជាក់ដោយ អាចចាត់ទុកថា ជាការតភ្ជាប់ដ៏មានសារៈសំខាន់ ហើយក៏ជាផ្នែកមួយនៃការអនុវត្តនូវគម្រោងផ្លូវហាយវ៉េអាស៊ាន ដែលមុននេះហាយវ៉េអាស៊ានមានជាគំនិតផ្ដួចផ្ដើម ប៉ុន្តែហាយវ៉េអាស៊ាន គ្មានលុយសម្រាប់អនុវត្តនោះទេ។ សម្ដេចតេជោបានបញ្ជាក់ទៀតថា ឥឡូវនេះ កម្ពុជាបានតភ្ជាប់គម្រោងផ្លូវហាយវ៉េអាស៊ាន ឱ្យក្លាយជាការពិតមួយ ដោយតភ្ជាប់ជាមួយវៀតណាម ដោយតភ្ជាប់រវាងទីក្រុងភ្នំពេញ ទីក្រុងហូជីមិញ និងទីក្រុងបាងកក ឱ្យក្លាយទៅជាការពិត។
សម្ដេចតេជោបញ្ជាក់បន្ថែមថា ឆ្នាំនេះគឺជាខួបទី១០ នៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់មួយ និងផ្លូវមួយ និងជាខួបលើកទី៦៥ នៃទំនាក់ទំនងការរវាងកម្ពុជា-ចិន ហើយឆ្នាំនេះកម្ពុជា បើកការដ្ឋានសាងផ្លូវល្បឿនលឿនរវាងទីក្រុងភ្នំពេញ ជាមួយនិងក្រុងបាវិត។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា កម្ពុជា គឺជាប្រទេសដែលទទួលផលប្រយោជន៍ពីគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ដែលផ្ដួចផ្ដើមគំនិតដោយ ឯកឧត្ដម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានប្រទេសរហូតដល់១៥៣ប្រទេសចូលរួម ក្នុងនោះកម្ពុជា គឺជាប្រទេសមួយដែលទទួលផលប្រយោជន៍ពីគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវនេះ តាមរយៈជំនួយឥតសំណង តាមរយៈកម្ចី សម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ តាមរយៈការវិនិយោគនៃគម្រោងធំៗ ដូចជា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កំពុងក្លាយទៅជាតំបន់សេដ្ឋកិច្ចដែលធំជាងគេ និងប្រមូលផ្ដុំអ្នកវិនិយោគដ៏ធំ។ សម្ដេចតេជោគូសបញ្ជាក់ទៀតថា សមិទ្ធផលនៃគម្រោងវិនិយោគដែលយើងបានទទួលនាពេលនេះ វាស្ថិតនៅក្នុងកិច្ចសហប្រតិបត្តិការនៃ គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ដែលបណ្ដាប្រទេសអាស៊ានភាគច្រើន ក្នុងនោះ ក៏មានកម្ពុជាបានទទួលផលពីគម្រោងវិនិយោគនេះ ដូចជា ព្រលានយន្តហោះនៅខេត្តសៀមរាបជាដើម។ល។ ដែលចំណុចនេះ គេហៅថាវិធីសាស្ត្ររបស់កម្ពុជាអំពីភាពជាដៃគូ រវាងរដ្ឋនិងឯកជនផង និងវាស្ថិតនៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍ។
បើតាមឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតនេះ គ្រោងចំណាយថវិកាវិនិយោគសរុបប្រមាណ ១,៣៥ប៊ីលានដុល្លារអាម៉េរិក ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ(BOT) ដែល មានរយៈពេលប្រតិបត្តិការចំនួន៥០ឆ្នាំ ក្នុងនោះ ២០% ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន និង ៨០% ជាប្រាក់កម្ចីរបស់ក្រុមហ៊ុន។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានសម្រេចឱ្យមានការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលតភ្ជាប់ពីឃុំដីឥដ្ឋ ស្រុកកៀនស្វាយ (ពីផ្លូវក្រវាត់ក្រុងខ្សែទី៣) ទៅដល់ឃុំថ្មគរស្រុកល្វាឯម ខេត្ដកណ្ដាល និងតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ដែលការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនេះ គ្រោងចំណាយថវិកាសរុបប្រមាណ ២៣២,៥៨លានដុល្លារអាម៉េរិក ដែលជាថវិកាវិនិយោគរបស់រាជរដ្ឋាភិបាល។ ការសាងសង់គម្រោងទាំងពីរនេះ នឹងត្រូវអនុវត្តដោយក្រុមហ៊ុនសាជីវកម្ម ស្ពាននិងថ្នល់ចិន(CRBC) ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤៨ខែ គ្រោងនឹងបញ្ចប់នៅក្នុង អំឡុងឆ្នាំ២០២៧៕
ប្រភព៖ ក្រសួងព័ត៌មាន