ឧត្ដរមានជ័យ៖ នាយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ២៣៖៤០ នាទី ក្រោយពីទទួលព័ត៌មានថានៅចំណុចផ្លូវភ្លោះសួនបឹងស្នោ ស្ថិតក្នុងភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានក្រុមក្មេងទំនើងមួយក្រុម យកដាវសាម៉ូរ៉ៃ និងកាំបិតខ្វែវដេញកាប់គ្នា បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋក្នុងសហគមន៍។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាដ៏មុឺងម៉ាត់ ឲ្យកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអន្តរាគមន៍ពិសេស និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសំរោង ចុះស្រាវជ្រាវ និងបង្ក្រាបចាប់ឃាត់ខ្លួនមុខសញ្ញាក្រុមក្មេងទំនើងខាងលើបានជាបន្តបន្ទាប់សរុបចំនួន ១០នាក់ និងដកហូតវត្ថុតាងរួមមាន ៖ ដាវសាម៉ូរ៉ៃ ១ដើម, កាំបិតខ្វែវ ១ដើម,កាំបិតសវែង ២ដើម និងម៉ូតូ ០២ គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននាំមកស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់៕