បន្ទាយមានជ័យ ៖ ជនជាតិថៃមួយក្រុមមកស្នាក់នៅក្រុងប៉ោយប៉ែត បានអុកឡុកដល់អ្នកធ្វើដំណើរពលរដ្ឋខ្មែរបង្កកាភ្ញាក់ផ្អើល នៅព្រឹកថ្ងៃអង្គារ ៤ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវបេតុងស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ប្រភពពលរដ្ឋថា ក្រុមជនជាតិថៃដែលមកស្នាក់នៅបំរើការងារតាមអនឡាញនោះមានប្រដាប់ដោយកាំបិតនិងដំបងដេញវាយពលរដ្ឋខ្មែរដែលធ្វើដំណើរឆ្លងកាត់ដោយម៉ូតូឫកង់បីជាដើម។
ប្រភពបន្តថា ក្រុមជនជាតិថៃទាំងនោះមកវាយលើក្រុមកម្មករដឹកដែកដែលគាត់ដឹកឆ្លងកាត់បណ្ដាលឲ្យរងរបួស០២នាក់ ដោយមុនកើតហេតុក្រុមជនជាតិថៃដើរឆ្លងផ្លូវតែដោយសារកម្មករដឹកដែកគាត់លើកដៃរៀមិនឲ្យឆ្លងផ្លូវខ្លាចប៉ះក៏ធ្វើឲ្យជនជាតិថៃផ្ទុះកំហឹងវាយតប់តែម្តងធ្វើឲ្យមានការកកស្ទះនិងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមានកម្លាំងអធិការដ្ឋាននគរបាលក្រុងនិងកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីទប់ស្កាត់នូវអំពើរហិង្សារនេះផងដែរ។តែទោះយ៉ាងណាក្រុមជនជាតិថៃដែលពលរដ្ឋថាបានបង្កហិង្សានោះក៏ត្រូវកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនយកមកសួរនាំ ។
អធិការក្រុងប៉ោយប៉ែត លោកវរសេនីយ៍ឯក សៅ សារឿន បានប្រាប់ថា ៖ កម្លាំងរបស់លោកបានឃាត់ខ្លួនទាំងសងខាង បាន០២ទៅ០៣នាក់ផងដែរ ដើម្បីយកទៅសួរនាំនៅកន្លែងអធិការរដ្ឋាននគរបាលក្រុង ហើយក៏មិនទាន់ដឹងអ្នកណាត្រូវអ្នកណាខុសនោះដែរព្រោះនៅកន្លែងកើតហេតុមានមនុស្សច្រើន ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ