ភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ឃាតកម្ម (ប្រើដំបងឬស្សី,ដុំថ្ម,ក្តាបារ៉ែតវ៉ៃបណ្តាលឱ្យស្លាប់) នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០៩នឹង៣០នាទី ត្រង់ចំណុចរោងទុកចោល ផ្លូវបតុងព្រៃស ស្ថិតនៅព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះមិនស្គាល់ឈ្មោះ ភេទស្រី អាយុប្រហែល៥០ឆ្នាំ ជនជាតិខ្មែរ (មានសតិមិនគ្រប់គ្រាន់) មិនស្គាល់ ទីលំនៅ ស្នាក់នៅរោងទុកចោល ផ្លូវបេតុងព្រៃស ស្ថិតនៅព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ឈីម ថាវី ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ (មានសតិមិនសូវគ្រប់ម្តងៗ) ស្នាក់នៅរោងទុកចោល ផ្លូវបេតុងព្រៃស ស្ថិតនៅព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក៖ ដំបងឬស្សីទំហំប៉ុនកំភួនដៃមនុស្សចាស់ប្រវែង២៥០សង់ទីម៉ែត្រចំនួន០១ដើម, ដុំថ្ម មួយចំនួន, ក្តាបារ៉ែតទំហំមួយម៉ែត្របួនជ្រុង០១សន្លឹក។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១២នឹង១០នាទី ជនសង្ស័យឈ្មោះ ឈីម ថាវី ភេទស្រី អាយុ៥៣ឆ្នាំ (មានសតិមិនសូវគ្រប់ម្តងៗ) បាននាំជនរងគ្រោះ(សព) មិនស្គាល់ឈ្មោះ ភេទស្រី អាយុ ប្រហែល៥០ឆ្នាំ (មានសតិមិនគ្រប់គ្រាន់) មកពីស្ថានីយ៍ប្រេងសាំងតូតាល់ ស្តុបវត្តឬស្សីសាញ់ ផ្លូវបេតុងព្រៃស ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មកស្នាក់នៅក្នុងរោងទុកចោលខាងលើ ជាមួយជនសង្ស័យ។ លុះដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០៩នឹង៣០នាទី ឈ្មោះ ញ៉ឹក សុជាតា ភេទស្រី អាយុ២៧ឆ្នាំ ដែលមានតូបលក់ដូរក្បែររោងជនសង្ស័យស្នាក់នៅចំងាយប្រហែល១០ម៉ែត្រ ស្ថិតនៅភូមិព្រៃសលិចខាងលើ បានឃើញជនសង្ស័យយកក្តារបារ៉ែតសង្កត់ពីលើជនរងគ្រោះ ហើយយកដុំថ្មដាក់គរថែមពីលើ រួចយកដំបងឬស្សី ប្រវែង២៥០សង់ទីម៉ែត្រវ៉ៃក្បាលថែមទៀត។ ពេលឈ្មោះ ញឹក សុជាតា ឃើញដូចនេះក៏បានដើរទៅមើល ក៏ឃើញ ជនរងគ្រោះ(សព) ដេកស្លាប់នៅក្រោមក្តារបារ៉ែតនោះ រួចក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ចុះជួយអន្តរាគមន៍ ហើយសមត្ថកិច្ចយើងក៏បានចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យ និងបំភ្លឺសាក្សី ចងខ្សែហ៊ុំព័ទ្ធកន្លែងកើតហេតុ។ ក្រោយពីសាកសួរទៅលើជនសង្ស័យបានឱ្យសមត្ថកិច្ចយើង ដឹងថាជនរងគ្រោះ(សព) កន្លងមកធ្លាប់រស់នៅមណ្ឌលព្រៃស្ពឺ ស្ថិតនៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាមួយជនសង្ស័យហើយធ្លាប់ធ្វើសកម្មភាពវ៉ៃជនសង្ស័យ រួចនៅមុនពេលកើតហេតុ ជនរងគ្រោះ(សព) បានប៉ុនប៉ងធ្វើសកម្មភាពវ៉ៃជនសង្ស័យម្តងទៀត ទើបជនសង្ស័យវ៉ៃជនរងគ្រោះបណ្តាលឱ្យ ស្លាប់តែម្តង។ បច្ចុប្បន្នជនរងគ្រោះ(សព) សមត្ថកិច្ចយើងកំពុងរក្សាទុកនៅកន្លែងកើតហេតុ រងចាំធ្វើកោសល្យវិច័យពី ការិយាល័យបច្ចេកទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាល់ជាតិ