ម្រេចកម្ពុជា ទទួលបានការអនុញ្ញាតអោយនាំចេញដោយផ្ទាល់ទៅកាន់ទីផ្សារចិន

0

ភ្នំពេញ៖ ម្រេចកម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចេញដោយផ្ទាល់ទៅកាន់ទីផ្សារចិន ក្រោយបាន បំពេញគ្រប់នីតិវិធី និងទទួលបានការអនុញ្ញាតពីភាគីចិនក្នុងការនាំចេញ។

ស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានប្រកាសឱ្យដឹង កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ថា ម្រេចកម្ពុជាបានបំពេញគ្រប់នីតិវិធីក្នុងការនាំចេញទៅកាន់ប្រទេស ចិន ដែលអាចនាំចេញដោយផ្ទាល់ទៅទីផ្សារចិន។ ដោយក្នុងនោះមានទីតាំងដាំ ម្រេចចំនួន ២៨កន្លែង និងរោងចក្រវេចខ្ចប់ចំនួន៧កន្លែង ត្រូវបានចុះបញ្ជី និងទទួលបាន ការអនុញ្ញាត ពីភាគីចិនក្នុងការនាំចេញ។

ចំពោះ រោងចក្រវេចខ្ចប់មានចំនួន ៧កន្លែង រួមមាន៖ Sela Pepper Co., Ltd., Confirel Co., Ltd., Baby Bird Co., Ltd., Pepper Bay Company Limited, Welt Bio Co., Ltd., Fuchs (Cambodia) Co., Ltd., និង Khmer Organic Cooperative Co., Ltd.។

ស្ថានទូតចិនប្រចាំកម្ពុជាបានឱ្យដឹងថា ដើម្បីពន្លឿនការអនុវត្ត ពិធីសារស្តីពីលក្ខខណ្ឌ តម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញម្រេចពីកម្ពុជាទៅប្រទេសចិន ដែលបានចុះហត្ថ លេខារួមគ្នា រវាងភាគីទាំងពីរចិន និងកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ហើយរដ្ឋបាលគយ ស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទកម្ពុជា កាលពីថ្ងៃទី១០-១១ ខែមេសាថ្មីៗនេះ បានធ្វើការពិនិត្យទីតាំងដាំម្រេច និងរោងចក្រវេចខ្ចប់ម្រេច ដោយតាម រយៈVideo Conference។

គួរបញ្ជាក់ដែរថា ដំណាំម្រេច គឺជាកសិផលដំបូងគេរបស់កម្ពុជាដែលត្រូវបានអនុញ្ញាត ឱ្យនាំចេញទៅកាន់ប្រទេសចិនក្នុងឆ្នាំ២០២៣នេះ ហើយក៏ជាដំណាំគ្រឿងទេសដំបូងគេដែល ត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារចិនផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន