២នាក់គាត់នេះ!! ធ្វើសកម្មភាពគាស់ផ្ទះលួចម៉ូតូដល់ទៅ ៣គ្រឿង

0

ភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចុះស្រាវជ្រាវឈានទៅបង្រ្កាបបានជនសង្ស័យចំនួន០២នាក់ដែលបានធ្វើសកម្មភាពគាស់ទ្វារផ្ទះជួលរបស់ប្រជាពលរដ្ឋនៅខណ្ឌទួលគោក រាជធានីភ្នំពេញលួចម៉ូតូអស់ចំនួន០៣គ្រឿង ខណៈម្ចាស់ផ្ទះចាក់សោរផ្ទះចោល។ជនសង្ស័យទាំង០២នាក់ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញបង្រ្កាប នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យនាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ កម្លាំងជំនាញព្រហ្មទណ្ឌក៏បានកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ដោយរងការចោទប្រកាន់ពីបទ អំពើលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយទ្វារផ្ទះចូលលួចម៉ូតូ០៣គ្រឿង)

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលប្រាប់ឱ្យដឹងថា៖ការបង្រ្កាបចាប់ខ្លួនជនសង្ស័យក្នុងអំពើលួចម៉ូតូរបស់ប្រជាពលរដ្ឋនៅខណ្ឌទួលគោកគឺកម្លាំងជំនាញព្រហ្មទណ្ឌអនុវត្តមបណ្តឹងរបស់ប្រជាពលរដ្ឋដែលបានប្តឹងរាយការណ៍ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងមូលដ្ឋានក្រោយពីមានក្រុមចោរចូលលួចម៉ូតូ០៣គ្រឿង កាលពីយប់អធ្រាត្រថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នៅចំណុចផ្ទះជួលលេខ១៩អា ក្រុម១០ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្នុងសកម្មភាពអំពើលួចម៉ូតូគឺមានជនសង្ស័យចំនួន០៣នាក់ជិះម៉ូតូ០១គ្រឿងឌុបគ្នា ជាមួយនោះដោយឃើញម្ចាស់ផ្ទះចាក់សោរបិទទ្វារផ្ទះចោល ពួកវា២នាក់ចុះពីលើម៉ូតូផ្លោះរបងចូលគាស់សោរទ្វារផ្ទះហើយក៏ចូលលួចម៉ូតូបានសម្រេចចំនួន០៣គ្រឿង គឺរួមមាម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ក្រហម សេរីឆ្នាំ២០១៤ ០១គ្រឿង ,ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ចំនួន០១គ្រឿងនិងម៉ូតូម៉ាកហុងដាហ្សូមមើ ពណ៌ស សេរី២០១៦ ចំនួន០១គ្រឿង

លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលប្រាប់ឱ្យដឹងទៀតថា៖ជនសង្ស័យទាំង០២នាក់

,ឈ្មោះ អាន ចាន់រិទ្ធ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ គ្មានមុខរបរពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៥បេ ផ្លូវលេខ៣៦២ ភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញនិង ២,ឈ្មោះ មេ សាវ័ន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ គ្មានមុខរបរពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ដោយឡែកនៅបក្ខពួកជនសង្ស័យ០១នាក់ទៀតដែលគេចខ្លួនកម្លាំងជំនាញព្រហ្មទណ្ឌកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនយកមកអនុវត្តតាមច្បាប់បន្ថែមទៀត៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ