ម៉ូតូ ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង បណ្តាលអោយរបួសធ្ងន់ស្រាល ២នាក់

0

ពោធិ៍សាត់ ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៧ និង០៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ និងម៉ូតូ បណ្តាលឲ្យរបួសធ្ងន់ ០១នាក់ ស្រាល ០១នាក់ ស្ថិតនៅកោះអណ្តែង ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា ៖ មុនពេលកើតហេតុគេឃើញមានម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីមC125 ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1J-7353 បើកបរដោយឈ្មោះ អៀម អុល ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិព្រះអំពិល ឃុំបឹងបត់កណ្តោល ស្រុកបាកាន (រងរបួសស្រាល) មិនពាក់មួកសុវត្ថិភាព ជិះពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើ បានជិះម៉ូតូបត់ឆ្លងផ្លូវពីលិចទៅកើតបណ្តាលឲ្យមានម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីមC125 ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1I-0205 បើកក្នុងដំណើរស្របទិសគ្នាមកបុកចំចំហៀងផ្នែកខាងឆ្វេងម៉ូតូពេលកំពុងជិះឆ្លងផ្លូវ បើកបរដោយឈ្មោះ ជីម សន ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិកណ្តឹងមាស ឃុំត្រពាំងជង ស្រុកបាកាន (រងរបួសធ្ងន់) មិនពាក់មួកសុវត្ថិភាព ។ ចំពោះអ្នករងរបួសធ្ងន់ស្រាលត្រូវបានសមត្ថកិច្ច និងក្រុមគ្រូពេទ្យបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកបាកាន ។

លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកាន បានឲ្យដឹងថា ៖ បន្ទាប់ពីកម្លាំងនគរបាលចរាចរណ៍បានចុះទៅពិនិត្យ និងធ្វើការវាស់វែងរួចហើយបានសន្និដ្ឋានថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីកត្តាល្បឿនលឿន អ្នកបេីកបរខ្វះការប្រុងប្រយ័ត្ន ។  

បច្ចុប្បន្នម៉ូតូទាំង០២គ្រឿង ត្រូវបានសមត្ថកិច្ចបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជង ដើម្បីដោះស្រាយ​តាមនីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ