ចាប់បានជនសង្ស័យ ២នាក់ ដែលប្រើកាំបិតភ្ជង់ប្លន់ទូរស័ព្ទ

0

ព្រះសីហនុ ៖នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ..២៥៦៦ ត្រូវនឹងថ្ងៃទី ២៧ ខែមេសាឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០១ និង ២០នាទី រំលងអាធ្រាត្រ នៅចំណុច វិថីជំទាវម៉ៅ ស្ថិតក្នុងភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណី កំហែងយក (ប្រើកាំបិតភ្ជង់ប្លន់យកសម្ភារ ចំនួន ០២ករណី  បង្កឡើងដោយជនសង្ស័យចំនួន ០២នាក់ ភេទប្រុស ជនជាតិខ្មែរ មិនទាន់ស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព ដោយបានហៅម៉ូតូកង់បី (Pass App) ០១គ្រឿង ជិះចេញពីក្រោយស្ថាននីយ៍ប្រេង PTT ឃ្លាំងលើ ស្ថិតនៅភូមិ២ សង្កាត់១ ខេត្តក្រុងព្រះសីហនុ លុះពេលដល់ចំណុចកើតហេតុស្ថិតក្នុងភូមិគគី ឃុំបិតត្រាំងស្រុក ព្រៃនប់ខេត្តព្រះសីហនុ ដែលជាកន្លែងស្ងាត់ ក៏ធ្វើសកម្មភាព ដោយច្របាច់កអ្នករត់ម៉ូតូកង់បី និងបានប្រើកាំបិតចុងស្រួច ភ្ជង់ប្លន់ យកបានទូរសព្ទដៃ ០១គ្រឿង ម៉ាក OPPO រីណូ៥ ពណ៌ខ្មៅ ពីជនរងគ្រោះឈ្មោះ ខុម សុវណ្ណារ៉ា ភេទប្រុស អាយុ ២៩ឆ្នាំមុខរបរ រត់ម៉ូតូកង់បី (Pass App) ស្នាក់នៅ ភូមិ១ សង្កាត់១ ខេត្តក្រុងព្រះសីហនុ។

បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យទាំង០២នាក់ បានរត់ចូលក្នុងរោងចាំចំការមួយកន្លែង ដែលនៅក្បែរកន្លែងកើតហេតុ រួចបានធ្វើសកម្មភាព កំហែងយក ០១ករណី បន្ថែមទៀត ដោយប្រើកាំបិតចុងស្រួច ភ្ជង់ប្លន់យកម៉ូតូ ០១គ្រឿង ម៉ាក ស៊ីរ៉ូស ពណ៌ក្រហមខ្មៅ ពីជនរងគ្រោះដែលជាអ្នកចំការឈ្មោះគង់ ណន ភេទប្រុស អាយុ ៥៩ឆ្នាំ មុខរបរ ចាំចំការ ស្នាក់នៅចំណុចកើតហេតុ បន្ទាប់ពីភ្ជង់ប្លន់យកម៉ូតូបានហើយ ជនសង្ស័យទាំង០២នាក់ បានជិះម៉ូតូរត់គេចខ្លួន ភ្លាមនោះជនរងគ្រោះបានស្រែកឆោឡោថា ចោរៗ ជាហេតុធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋដែលនៅក្បែរៗនោះ កម្លាំងសមត្ថកិច្ចយើងបានដេញប្រផាត់ចាប់ប្រភីង ពេលនោះជនសង្ស័យក៏ផ្ដួលចោល រួចរត់គេចខ្លួនចូលក្នុងព្រៃ  កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ធ្វើការឡោមព័ទ្ធព្រៃដែលជនសង្ស័យរត់ចូលទៅលាក់ខ្លួន និងធ្វើការរុករករហូតដល់វេលាម៉ោង ១០ និង០០នាទី ព្រឹក ថ្ងៃដដែល (២៧០៤២០២៣ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យទាំង ០២នាក់ 

ជនសង្ស័យទាំង ០២នាក់មានឈ្មោះដូចខាងក្រោម៖

ឈ្មោះ ហ៊ុន សកល ភេទប្រុស ជនជាតិខ្មែរ កើតនៅថ្ងៃទី ២២០២១៩៩៨ កាន់អត្តសញ្ញាណប័ណ្ណលេខៈ 130156034 មានទីលំនៅ ភូមិ២ សង្កាត់១ ខេត្តក្រុងព្រះសីហនុ 

ឈ្មោះ ហ៊ុន ឆាយយ៉ា ភេទប្រុស ជនជាតិខ្មែរ កើតនៅថ្ងៃទី ២០០៧២០០២ កាន់អត្តសញ្ញាណប័ណ្ណលេខៈ 130225960 មានទីលំនៅ ភូមិ២ សង្កាត់១ ខេត្តក្រុងព្រះសីហនុ 

វត្ថុតាងចាប់យកមាន៖

ទូរសព្ទដៃ ០១គ្រឿងម៉ាក OPPO រីណូ៥ ពណ៌ខ្មៅ (ផលនៃអំពើចោរកម្ម)

ម៉ូតូ ០១គ្រឿង ម៉ាក ស៊ីរ៉ូស ពណ៌ក្រហមខ្មៅ គ្មានផ្លាកលេខ (ផលនៃអំពើចោរកម្ម)

កាំបិតចុងស្រួច ០១ដើម (ឧបករណ៍ប្រព្រឹត្តិបទល្មើស)

ទូរសព្ទដៃ ០១គ្រឿងម៉ាក VIVO ពណ៌ផ្ទៃមេឃ

អត្តសញ្ញាណប័ណ្ណ ០២ សន្លឹក (របស់ជនសង្ស័យទាំង ០២នាក់)

កាតធនាគារ ០១សន្លឹក 

ករណីខាងលើនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង ០២នាក់ ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ