ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា អ្នកសារព័ត៌មាន បើគោរពក្រមសីលធម៌ វិជ្ជាជីវៈបានត្រឹមត្រូវ គឺជាអាវក្រោះការពារខ្លួនដ៏សំខាន់ ហើយក៏ទទួលបានការគោរពពីប្រជាពលរដ្ឋដូចគ្នា។ នៅក្នុងកម្មវិធីបើកសិក្ខាសាលាស្តីអំពី “តួនាទី ភារកិច្ច និងក្រម សីលធម៌ វិជ្ជាជីវៈ អ្នកសារព័ត៌មាន “ ដល់មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌ មានក្នុងខេត្តសៀមរាប ដែលរៀបចំ ឡើងដោយមន្ទីរព័ត៌មានខេត្តសៀម រាប នាសាលប្រជុំធំសាលាខេត្តសៀមរាប នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា នៅសម័យបច្ចុប្បន្ន មានបណ្ដាញសង្គមច្រើន គ្រាន់តែមានទូរសព្ទស្មាតហ្វូនមួយក្លាយទៅជាម៉ាស៊ីនឃោសនា ជាស្ថានីយវិទ្យុ ជាអ្នកកាសែតមួយបាន ដែលទាមទារឱ្យអ្នកសារព័ត៌មាននោះត្រូវមានក្រមសីលធម៌។
ឯកឧត្តម ក៏បានក្រើនរម្លឹកដល់អ្នកកាសែតទាំងអស់ ត្រូវពង្រឹង ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ព្រោះក្រមសីលធម៌ គឺជាអាវក្រោះ សម្រាប់អ្នកសារព័ត៌មាន ។ «ទី១ បញ្ហាសំខាន់ ណាស់គឺការគោរពក្រមសីលធម៌មានច្រើនបែបដែលយើងត្រូវរៀន ទី២ ក្រុមសីលធម៌វាជាអាវក្រោះសម្រាប់អ្នកកាសែតគឺការពារខ្លួនយើងកុំឱ្យគេប្ដឹង បាន។ កាលណាមានក្រមសីលធម៌ធ្វើឱ្យអ្នកកាសែតការពារខ្លួនបានអំពីការប្ដឹងផ្ដល់ទាំងឡាយ និងមានភាពថ្លៃថ្នូរ។ អ៊ីចឹងកាលណាបើគេឃើញថាគាត់សរសេរត្រឹមត្រូវ គាត់វិភាគល្អ មាន ចំណេះដឹងល្អ គាត់ត្រូវទទួលបានទទួលការគោរពដូចគ្នាដែលនេះ គឺជាការសំខាន់ណាស់»។
ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ក្រសួងព័ត៌មាន កំពុងរៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មាន។ ប៉ុន្តែនៅពេលបោះ ឆ្នោតនេះ ក្រសួង នឹងរៀបចំចំណុចមួយសំខាន់បំផុត គឺអនុវត្តមាត្រាមួយ ដែលកំណត់ថា នៅពេលណាអ្នកកាសែតសរសេរខុសហើយត្រូវគេទាមទារឱ្យកែតម្រូវ គឺត្រូវចុះ ផ្សាយទាំងស្រុង។ ដូច្នេះ ក្រសួង កំពុងរៀបចំបញ្ហានេះសម្រាប់ក្នុងពេលបោះឆ្នោត។ បើសិនជាកាសែតនោះ មិនចុះផ្សាយនូវការកែតម្រូវទេ ក្រសួងនឹងត្រូវបិទអាជ្ញាប័ណ្ណ។
ឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានគូស បញ្ជាក់ថា អនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងជំនួបជាមួយអ្នកសារព័ត៌មានលើកទី៤ ឆ្នាំ២០១៩ និងលើកទី៥ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅសាលពិព័រណ៍កោះពេជ្រ ក្នុងនោះសម្តេចតេជោ បានជំរុញដល់ក្រសួងស្ថាប័ន និងអង្គភាពមានសមត្ថកិច្ចបង្កើនការបណ្តុះបណ្តាលដល់អ្នក សារព័ត៌មាន។ ព្រមជាមួយផែនការសកម្មភាពប្រចាំឆ្នាំរបស់ក្រសួងព័ត៌មាន ស្តីពីការបើកវគ្គបណ្តុះ បណ្តាលដល់មន្ត្រីព័ត៌មាន ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សលើវិស័យព័ត៌មាន។ ជារៀងរាល់ឆ្នាំ មន្ទីរព័ត៌ មានខេត្តសៀមរាប បានរៀបចំបើកវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងកិច្ចប្រជុំជាមួយអ្នកសារព័ត៌មានជាប់ជាប្រចាំ ដើម្បីបង្កើនសមត្ថភាព និងការទំនាក់ទំនងឱ្យមានភាពជិតស្និទ្ធងាយស្រួលក្នុងការបំពេញការងារ៕
ប្រភព៖ ក្រសួងព័ត៌មាន