ភ្នំពេញ៖ នេះបើយោងតាមការចេញផ្សាយរបស់ផេកហ្វេសប៊ុកផ្លូវការណ៍របស់អគ្គិសនីកម្ពុជានៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ បានអោយដឹងថា៖
“អគ្គិសនីកម្ពុជាសូមជម្រាបសាធារណជនឲ្យបានជ្រាបថា៖ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មាននៅលើបណ្តាញសង្គម Facebook ដោយយករូបនាឡិកាស្ទង់ភ្ជាប់ជាមួយខ្លឹមសារ “ខានបង់ភ្លើង3ខែហើយ ប៉ុន្តែអត់ឃើញគេមកផ្តាច់ភ្លើងសោះ” ក្រុមការងារបានធ្វើការស្រាវជ្រាវឃើញថា រូបភាពនាឡិកាស្ទង់នេះ មិនមែននាឡិកាស្ទង់នៅប្រទេសកម្ពុជា ហើយប្រព័ន្ធនាឡិកាស្ទង់ស្លាកសញ្ញា(Brand)នេះ ក៏មិនមានប្រើប្រាស់នៅក្នុងប្រទេសកម្ពុជានោះដែរ គឺជានាឡិកាស្ទង់ដែលប្រើប្រាស់នៅក្នុងប្រទេសថៃ។
អគ្គិសនីកម្ពុជាសូមលើកទឹកចិត្តឲ្យប្រជាពលរដ្ឋដែលបានបង្ហោះនៅលើបណ្តាញសង្គម Facebook បញ្ជាក់ពីប្រភពរូបភាពឲ្យបានច្បាស់លាស់មុននឹងធ្វើការបង្ហោះ ជៀសវាងធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនមានការយល់ច្រឡំ។
អាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន។ សូមអរគុណ”៕
ប្រភព៖ អគ្គិសនីកម្ពុជា – EDC