ពោធិ៍សាត់៖ អភិបាលខេត្តពោធិ៍សាត់បានបញ្ជាក់ថា ទំនាបបឹងទន្លេសាបនៃខេត្តពោធិ៍សាត់ ជាតំបន់មាន សក្ដានុពលខ្ពស់ក្នុងការអភិរក្សសត្វខ្សឹប ដែលជាប្រភេទសត្វកម្រជិតផុតពូជនៅលើពិភពលោក ហើយដែលទាមទារឱ្យប្រជាជនយើងចូលរួមការពារនិងអភិរក្សឱ្យនៅគង់វង្ស។
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានបញ្ជាក់ឱ្យដឹងថា ខេត្តពោធិ៍ជាខេត្តមួយ ដែលជាប់ទៅនឹងបឹងទន្លេសាបអំណោយផលសម្រាប់ធនធានធម្មជាតិជីវៈចម្រុះគ្រប់ប្រភេទដែលបានផ្តល់ប្រាក់ចំណូលដល់ប្រជាជនក្នុងខេត្តជាច្រើនម៉ឺននាក់។ មួយវិញទៀតតំបន់ការពារទេសភាពទំនាបបឹងទន្លេសាបនៃខេត្តពោធិ៍សាត់នេះ កំពុងតែយកចិត្តទុកដាក់ ក្នុងការអភិរក្សសត្វខ្សឹបដែលជាប្រភេទសត្វរងគ្រោះជិតផុតពូជបំផុតនៅលើសាកលលោក។
ឯកឧត្តមបានបន្តថា អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមជាមួយស្ថាប័នពាក់ព័ន្ឋ សហការគ្នាចុះធ្វើការអប់រំផ្សព្វផ្សាយឱ្យប្រជាជនដែលរស់នៅជាប់តំបន់នេះ បានយល់ដឹងកាន់តែច្បាស់ អំពីសារៈសំខាន់នៃការអភិរក្សសត្វខ្សឹប និងសត្វស្លាបផ្សេងទៀតសម្រាប់គម្រោងទេសចរណ៍ធម្មជាតិ ដែលអាចជួយឱ្យប្រជាសហគមន៍ស្វែងរកប្រាក់ចំណូលសម្រាប់ចិញ្ចឹមជីវិត និងអភិវឌ្ឍន៍ភូមិ និងលើក ទឹកចិត្តឱ្យពួកគាត់ចូលរួមក្នុងសកម្មភាពអភិរក្ស ព្រមទាំងអាច កាត់បន្ថយកត្តាគំរាមកំហែងនានាចំពោះ សត្វស្លាបដូចជាការបរបាញ់ និងការប្រមូលយកពងកូនជាដើម។ «នាពេលបច្ចុប្បន្ននេះតាមរយៈអង្គការបានត្រួតពិនិត្យនិងវាយតម្លៃថាសត្វខ្សឹបមានជាង២០០ក្បាលហើយឥឡូវនេះបង្កើតសហគមន៍អភិរក្សសត្វខ្សឹបនេះដែលនៅលើពិភពលោកជិតដាច់ពូជគឺជាសារៈប្រយោជន៍ដ៏សំខាន់បំផុត ដោយក្នុងនោះអង្គការអភិរក្សសត្វព្រៃ បានផ្តល់ការងារឱ្យប្រជាជន ដែលរកឃើញ សំបុកសត្វខ្សឹបទទួលបានប្រាក់ចំណូលបន្ថែមពីការងារអភិរក្សលើកទឹកចិត្តមិនឱ្យសម្លាប់សត្វនេះ ចំណុច ពិសេសនៃវាលទំនាបបឹងទន្លេសាបនៃខេត្តពោធិ៍នេះ»។
ឯកឧត្តមបានបន្ថែមថា បើតាមការឱ្យដឹងពីអង្គការដៃគូបានប្រាប់ថា សត្វខ្សឹប ស្ថិតនៅក្នុងបញ្ជីក្រហម របស់អង្គការIUCN ជាប្រភេទរងគ្រោះ ជិតផុតពូជបំផុតនៅលើសាកលលោក ខណៈ ចំនួនរបស់វា រស់នៅប្រទេសកម្ពុជាមានជាង២០០ក្បាលតែប៉ុណ្ណោះ។ ឯកឧត្តមបានឱ្យដឹងទៀតថា កម្ពុជា គឺជាប្រទេសដ៏សំខាន់បំផុតនៅលើសាកលលោក ក្នុងការអភិរក្ស ឱ្យនៅគង់វង្ស ។ ដើម្បីអភិរក្សសត្វខ្សឹបនេះកុំឱ្យបាត់បង់ ទីជម្រកវាលស្មៅ នៃតំបន់ទំនាបទន្លេសាប ក្នុងខេត្តកំពង់ធំ សៀមរាប និងខេត្តពោធិ៍សាត់ គាំទ្រដល់ ការរស់នៅរបស់សត្វខ្សឹបច្រើនជាងគេបង្អស់ នៅលើសាកលលោក និងមានសារៈសំខាន់បំផុតសម្រាប់ការរស់រានមានជីវិតរបស់ពួកវា៕
ប្រភព៖ ក្រសួងព័ត៌មាន