បន្ទាយមានជ័យ ៖ ករណីអ្នកដំណើរបើកបររថយន្ត លុចស៊ីស៣៣០ និង អ្នកដំណើរបើកបររថយន្ត KIA Morning បានមកជួបដោះស្រាយគ្នាតាមផ្លូវច្បាប់ និងបានព្រមព្រៀងបញ្ចប់បញ្ហាគ្នា ក្រោយទទួលបានការអប់រំ ស្តីពីច្បាប់ចរាចរណ៍ ផ្លូវគោក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៨ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ។
ភាគីអ្នកបើកបររថយន្ត លុចស៊ីស៣៣០ បានទទួលស្គាល់កំហុសដែលខ្លួនបានបើកបរល្មើសច្បាប់ចរាចរណ៍ចូលគន្លងឆ្វេងដៃឡើងជែងមិនផុត ព្រោះតែការប្រញ៉ាប់ការងារផ្ទាល់ខ្លួន។ ពេលនេះភាគីម្ចាស់រថយន្តលុចស៊ីស៣៣០ ទទួលយកការផាកពិន័យ និងបានបង់ប្រាក់ពិន័យតាមរួចរាល់ផងដែរ។
អ្នកបើកបររថយន្ត Kia Morning ក្រោយទទួលបានការណែនាំអំពីច្បាប់ចរាចរណ៍ ក៏បានទទួលស្គាល់កំហុសឆ្គងរបស់ខ្លួនផងដែរ ដែលបានប្រើប្រាស់ពាក្យសម្តីមិនសមរម្យដាក់គ្នាទៅវិញទៅមក ទើបបង្កឲ្យមានការប៉ះទង្គិចគ្នា និងបង្កឲ្យមានការកកស្ទះចរាចរណ៍តាមដងផ្លូវសាធារណ:។
ក្រោយទទួលបានការអប់រំណែនាំពីមន្ត្រីជំនាញភាគីទាំងពីរ ម្ចាស់រថយន្ត លុចស៊ីស៣៣០ និង ភាគីម្ចាស់រថយន្តKia Morning បានបញ្ចប់បញ្ហានិងគ្នាដោយមានការអត់ឱន និងការយោគយល់អធ្យាស្រ័យគ្នា សុំទោសគ្នាទៅវិញទៅមក ខុសម្តងឆ្គងមួយគ្រា ក្នុងនាមខ្មែរដូចគ្នា ដើម្បីរីករាយចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទាំងអស់គ្នា។
ក្នុងនាមអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់គ្រប់មជ្ឈដ្ឋានសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងអស់ ក្នុងការបញ្ចេញមតិ សូមអោយមានក្រមសីលធម៌ វិជ្ជាជីវៈ ជៀសវាងប៉ះពាល់ដល់ការខិតខំប្រឹងប្រែង កិត្តិយសសេចក្ដីថ្លៃថ្នូរ របស់នគរបាលជាតិ ដែលកំពុងបំពេញបេសកកម្ម រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ។
សេចក្ដីបំភ្លឺព័ត៌មានខាងលើ សូមសាធារណៈជន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ