បាត់ដំបង៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់របស់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ កម្លាំងនគរបាលជំនាញស្រុកថ្មគោល សហការជាមួយកម្លាំងនគរបាលជំនាញស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះធ្វើការស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ទៀត ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់កាំបិត) និងករណីលួចដោយប្រើហិង្សា (កាប់ប្លន់យកម៉ូតូ) បង្កឡើងដោយក្រុមក្មេងទំនើង ០១ក្រុម មានគ្នាប្រហែល ១៥នាក់ ជិះម៉ូតូចំនួន ០៥គ្រឿង កាលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ២១និង៣០នាទី នៅចំណុចផ្លូវលំចូល ឡេង ណាវ៉ាត់ត្រា នៅខាងជើងវត្តវាលទ្រា ស្ថិតក្នុងក្រុមទី១៤ ភូមិ វាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ទៀតមាន៖
១.ឈ្មោះ ព្រឿន សុខហេង ភេទប្រុសអាយុ ១៥ឆ្នាំ មានទីលំនៅនៅភូមិកណ្ដាលត្បូង ឃ្មុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង (ជាអ្នកហែហម) ។
២.ឈ្មោះ មឿន សំណាង ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង (ជាអ្នកហែហម) ។
៣.ឈ្មោះ លឹម លីហ៊ាង ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅនៅភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង (ជាអ្នកហែហម) ។
៤.ឈ្មោះ លាង ហូវ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិថ្មគោលត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង (ជាអ្នកហែហម) ។
នគរបាលបានធ្វើការសាកសួរជនសង្ស័យទាំង ០៥នាក់ នោះបានឆ្លើយថា ពួកខ្លួនពិតជាបានចូលរួមធ្វើសកម្មភាពជិះម៉ូតូដេញកាប់ជនរងគ្រោះ និងកាប់ម៉ូតូជនរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្ន សមត្ថកិច្ចបានកំពុងស្រាវជ្រាវស្វែងរកជនដៃដល់ចំនួន ០២នាក់ ១.ឈ្មោះ សារឿង ប្រុសពេជ្រ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង (ជនដៃដល់កាប់ជនរងគ្រោះនិងកាប់ម៉ូតូ កំពុងរត់គេចខ្លួន) និង២.ឈ្មោះ នេត ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង (ជនដៃដល់កាប់ម៉ូតូ កំពុងរត់គេចខ្លួន) និងបក្សពួកមួយចំនួនទៀតកំពុងរត់គេចខ្លួន។ ករណីនេះ ជនសង្ស័យទាំង០៥នាក់ខាងលេី ត្រូវបាននគរបាលកំពុងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ